ចាប់ពីពេលនេះ​តទៅ គ្រូ​មិនអាច​មូរដៃអាវ​ពេល​បង្រៀន​បាន​ទៀត​ទេ

គ្រូបង្រៀន ជា​វិស្វករ​នៃ​ព្រលឹង និង​ជា​អ្នក​បណ្តុះបណ្តាល​មនុស្ស​ឱ្យមាន​សមត្ថភាព​ខ្ពស់ ឬ​ក្លាយជា​ប្រជាជន​សកម្ម​នៅក្នុង​ប្រទេស ហេតុនេះ​សកម្មភាព​របស់​គ្រូបង្រៀន ជា​អ្វីដែល​ត្រូវ​យកចិត្តទុកដាក់​បំផុត ព្រោះថា ពួកគាត់​ជា​គំរូ​សម្រាប់​សិស្ស​គ្រប់គ្នា។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តម ហង្ស ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ឱ្យ​ប្រធាន​មន្ទីរអប់រំ​ទាំងអស់​នៅ​ទូទាំង​រាជធានី-ខេត្ត​ទាំងអស់​ពង្រឹង​វិន័យ​ឱ្យបាន​ខ្ពស់ និង​ពង្រឹង​ការគ្រប់គ្រង​បុគ្គលិក​អប់រំ​នៅ​គ្រប់​គ្រឹះស្ថាន​អប់រំ​ទាំងអស់។

ក្នុងនោះ​រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​លើកឡើងថា កន្លងមក​ក្រសួង​អប់រំ​បាន​ពិនិត្យឃើញថា បុគ្គលិក​អប់រំ​ខ្លះ​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​មួយចំនួន​មិនទាន់​អនុវត្ត​ពេលវេលា​បំពេញការងារ និង​គោរព​ម៉ោង​បង្រៀន​បាន​ពេញលេញ​នៅឡើយ ជាហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​ការអនុវត្ត​កម្មវិធីសិក្សា និង​ការសិក្សា​របស់​សិស្ស​ថែមទាំង​ជះឥទ្ធិពល​មិនល្អ​ដល់​អ្នក​ដែល​ខិតខំ​បំពេញការងារ និង​សហគមន៍​ទៀតផង។

ដើម្បី​ពង្រឹង​វិន័យ​ចំពោះ​បុគ្គលិក​អប់រំ​ឱ្យបាន​ល្អ ឯកឧត្តម​ណែនាំ​ឱ្យ​មន្ទីរអប់រំ​ទាំងអស់​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​វត្តមាន​របស់​បុគ្គលិក​អប់រំ​នៅ​គ្រប់​គ្រឹះស្ថានសាធារណៈ​ទាំងអស់។ អនុវត្ត​វិន័យ​រដ្ឋបាល ឬ​វិន័យ​ការងារ​ចំពោះ​បុគ្គលិក​អប់រំ​ចូល​យឺត ចេញ​មុន​ម៉ោង​កំណត់ បុគ្គលិក​អប់រំ​ដែល​អនុវត្ត​កាតព្វកិច្ច​ពុំមាន​ការទទួលខុសត្រូវ​ខ្ពស់ និង​ប្រគល់​ភារកិច្ច​ឱ្យ​អ្នកដទៃ​ធ្វើ​ជំនួស​ដោយ​ខ្លួនឯង​ទៅ​បំពេញការងារ​ក្រៅ​ខុស​បទបញ្ជា ឬ​យក​ការងារ​ក្រៅ​អង្គភាព​មក​ឡូកឡំ​ក្នុង​ម៉ោង​ការងារ ឬ​អវត្តមាន​ដោយ​ពុំមាន​មូលហេតុ​ច្បាស់លាស់ និង​សេចក្តីណែនាំ​ចុងក្រោយ​នោះ​គឺ ត្រូវ​ពង្រឹង​ការ​ស្លៀកពាក់​ឱ្យបាន​សមរម្យ (ដូចជា ហាម​មូរដៃអាវ)ក្នុងពេល​បំពេញការងារ៕

Advertisement