ពេជ្រ ពិសាល៖ ចង់ជោគជ័យត្រូវមើលឱ្យឆ្ងាយជាងអ្នកដទៃ

នៅ​ពីក្រោយ​វេទិកា​ដែលមាន​អ្នកចូលរួម​រហូតដល់​រាប់ពាន់នាក់ និង​មាន​វាគ្មិន​ជា​ពាណិជ្ជករ​ជោគជ័យ​ជាច្រើន​នាក់​ដែល​បានមក​ចែករំលែក​បទពិសោធ​ជីវិត​របស់ខ្លួន​ទៅកាន់​យុវជន​កម្ពុជា​ជំនាន់​ថ្មី មាន​បុរស​ម្នាក់​ដែល​ពោរពេញ​ដោយ​ភាពរឹងមាំ ដែល​តែងតែ​ខិតខំ​គ្រប់បែបយ៉ាង​ដើម្បីឱ្យ​វេទិកា​ដ៏​រស់​រវើក​នេះ​កើតឡើង។

បុរស​ម្នាក់​នោះ​គឺ លោក ពេជ្រ ពិសាល ស្ថាបនិក​កម្មវិធី Daily Plus ដែលជា​កម្មវិធី​បណ្តុះបណ្តាល​យុវជន​កម្ពុជា​ឱ្យមាន​គំនិត​វិជ្ជមាន​នៅក្នុង​ការសិក្សា ក្នុង​ការងារ ក្នុង​ជីវិត​គ្រួសារ និង​ក្នុងសង្គម​ជាក់ស្តែង។ ស្ថាប័ន​ដែល​គ្រប់គ្នា​បានឃើញ​នេះ បាន​បង្កើត​បេសកកម្ម​ជាច្រើន​តាមរយៈ​ការជំរុញ​យុវជនឱ្យ​ចាប់ផ្តើម​មើល​ពី​គំរូ​ល្អ​របស់​បុគ្គលខ្លាំងៗក្នុងសង្គម ហើយ​ពិចារណា​លើ​គោលដៅ​ជីវិត និង​សកម្មភាព​ផ្ទាល់ខ្លួន។ ផ្លាស់ប្តូរ​ពួកគេ​ពី​មនុស្ស​ម្នាក់​ដែល​អសកម្ម ឱ្យ​ក្លាយជា​មនុស្ស​សកម្ម ហើយ​ចែករំលែក​នូវ​ផ្នត់គំនិត​អប់រំ និង​ផ្តល់ឱកាស​សម្រាប់​អ្នក​ដែល​ជោគជ័យ​ដើម្បី​បន្ត​ចែករំលែក។

1. កុមារភាព និង​ផ្នត់គំនិត​អភិវឌ្ឍន៍
ជា​កូនប្រុស​ម្នាក់​ក្នុងចំណោម​បងប្អូន 5នាក់ លោក ពេជ្រ ពិសាល បានកើត​ក្នុង​គ្រួសារ​ដែលមាន​កម្រិតជីវភាព​មធ្យម ដោយ​ឪពុកម្តាយ​ជា​ម្ចាស់​ចម្ការ​នៅ​ស្រុក​មេមត់ ខេត្តកំពង់ចាម ដែល​បច្ចុប្បន្ននេះ​ជា​ខេត្ត​ត្បូងឃ្មុំ។

ក្នុង​វ័យ​កុមារ បើទោះបីជា ពិសាល មាន​បងប្អូន​ច្រើន​ក៏ដោយ តែ​ជាទូទៅ​នៅ​ចំពោះមុខ​ការទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ គេ​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​នៅតែ​ម្នាក់ឯង ខ្លាច​មនុស្ស ហើយ​មិនសូវចង់ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដទៃ​នោះទេ។ នៅក្នុង​កុមារភាព​ដ៏​ទន់ខ្សោយ​នេះ មនុស្ស​ទូទៅ​ប្រហែលជា​ស្មាន​មិនត្រូវ​ទេ​ថា អនាគត​របស់គាត់​នឹង​អាច​ក្លាយជា​អ្នកគ្រប់គ្រង​គម្រោង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ម្នាក់ បើ​គាត់​មិន​ជួប​រឿង​វិជ្ជមាន​មួយចំនួន​នៅក្នុង​ដំណើរ​ជីវិត ដែល​បាន​បង្រៀន​គាត់​នៅពេលនោះ។ ក្នុង​វ័យ​ប្រហែល 10ឆ្នាំ រឿង​មួយ​ដែល​ធ្វើឱ្យ​កុមារ ពិសាល មានការ​ផ្លាស់ប្តូរ និង​បង្រៀន​គាត់​ពី​មេរៀន​យ៉ាងសំខាន់​ក្នុង​ជីវិត គឺ​ការប្រមូល​កំប៉ុង​ភេសជ្ជៈ​ក្នុង​កម្មវិធី​មង្គលការ​មួយ។ កាលនោះ​ដោយ​វ័យ​នៅ​ក្មេង ហើយ​ជាម​នុស្ស​មិនសូវ​ចូលចិត្ត​ជួប​មនុស្ស​ផង កុមារ​ពិសាល បាន​រង​ការរិះគន់​យ៉ាងច្រើន​ពី​មនុស្ស​ធំ និង​អ្នក​ដែល​នៅ​ជុំវិញខ្លួន ព្រោះថា គាត់​ជា​កូន​ក្នុង​គ្រួសារ​ជីវភាព​មធ្យម ដែលមិនមែនជា​រឿង​ចាំបាច់​អី​ក្នុងការ​រកលុយ​ពី​ការ​រើស​កំប៉ុង​លក់​នោះទេ ហើយ​មាន​មនុស្ស​មួយចំនួនទៀត​ក៏បានស្តីឱ្យ​គាត់​ខណៈ​គាត់​នៅតែ​ជម្នះ​ប្រមូលវា​ឱ្យបាន ​ច្រើន​រហូតដល់​ពេញ​ក្រោមផ្ទះ។

ក្រោយពេល​ចប់​កម្មវិធី​មង្គលការ​នោះ រឿង​ដែល​ធ្វើឱ្យ​គាត់​ភ្ញាក់ផ្អើល​គឺ មនុស្ស​ជាច្រើន​បាន​បង្វែរ​ឥរិយាបថ​របស់​ពួកគេ ដោយបាន​ចាប់ផ្តើម​សរសើរ​ពិសាល​វិញ​ថា គាត់​ជាម​នុស្ស​ដែលមាន​គំនិត​ចេះ​ប្រមូល​ទុកដាក់ និង​រកលុយ​បាន​ច្រើន។ មេរៀន​មួយ​នេះ បានធ្វើឱ្យ​គាត់​យល់ថា ជាទូទៅ​នៅពេលដែល​យើង​ធ្វើ​អ្វីមួយ តែងតែមាន​មនុស្ស​ដទៃ​ជំទាស់ តែ​អ្វីដែល​សំខាន់​នោះ​គឺ តើ​យើង​អាចធ្វើ​វា​បាន​ដោយ​ចប់​ចុង​ចប់​ដើម​ដែរឬទេ? ប្រសិនបើ​យើង​ធ្វើ​វា​ហើយ​ទទួលបាន​លទ្ធផល​ល្អ មនុស្ស​ជាច្រើន​នឹង​ចាប់ផ្តើម​ឱ្យ​តម្លៃ​យើង ហេតុនេះ​រាល់​ឧបសគ្គ​ទាំងអស់​នៅ​ដំណាក់កាល​ដំបូង​នៃ​ការងារ គឺ​ត្រូវ​ជម្នះ​ឱ្យបាន ហើយ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើ​វា​ឱ្យ​ចប់ ព្រោះ​តម្លៃ​របស់​យើង​នឹង​ទទួលបាន​មកវិញ​នៅពេល​ចុងក្រោយ​នេះឯង។

ចាប់ពីពេលនោះ​មក ពិសាល តែងតែ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​ខ្លួនឯង ហើយ​ចាប់ផ្តើម​ប្តូរ​គំនិត​ពី​ការខ្លាច​មនុស្ស មក​ខិតខំ​ប្រឹងប្រែង​រៀន​ទាំង​ក្នុង​សាលា និង​ជីវិត​ជាក់ស្តែង ទោះជា​ការសិក្សា​មិន​ទទួលបាន​លទ្ធផល​ល្អឥតខ្ចោះ​ក៏ដោយ។ ជា​បន្តបន្ទាប់ គាត់​ក៏​ចាប់ផ្តើម​ក្លាយជា​មនុស្ស​ម្នាក់​ដែលមាន​គំនិត​ដោយ​ខ្លួនឯង ហើយ​ចូលចិត្ត​ធ្វើ​ការងារ​ទាំងឡាយណា​ដែល​ក្មេង​ដទៃ​ធ្វើ​មិនកើត រហូតដល់​គាត់​ចម្រើន​វ័យ​ក្លាយជា​យុវជន​ដែល​សកម្ម​ក្នុង​ការងារ​គម្រោង​នានា​នៅ​ថ្នាក់​វិទ្យាល័យ។ មកដល់​ថ្នាក់​វិទ្យាល័យ គាត់​ក៏បាន​ចាប់​ផ្តើមធ្វើ​រឿង​លំបាក​មួយទៀត​ដែល​មនុស្ស​ទូទៅ រួមទាំង​អ្នករៀន​ថ្នាក់​ធំ​ជាង​គាត់​ព្យាយាម​គេចវេះ​មិន​ព្រមធ្វើ នោះ​គឺ​ការប្រមូល​មនុស្ស​ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​សង្គម។ នៅ​ថ្នាក់​ទី11 តាមរយៈ​គម្រោង​របស់​អង្គការ​មួយ លោក​បាន​ប្រមូល​សិស្ស រួមទាំង​និស្សិត​ប្រហែលជា 300នាក់​ដើម្បី​ទៅ​ចូលរួម​ស្តាប់​សវនាការ​នៅ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម។ នៅពេល​ដំបូង​មនុស្ស​ជាច្រើន រួមទាំង​សិស្ស​ច្បង\​នៅ​មហាវិទ្យាល័យ​ផង​គិតថា គាត់​មិនអាច​ធ្វើបាន​នោះទេ តែ​អ្វីដែល​សំខាន់​គឺ​គាត់​ចង់​សាកល្បង​នូវអ្វីដែល​មនុស្ស​ទូទៅ​គិតថាគាត់​ធ្វើ​មិនបាន ហេតុនេះ​គាត់​ក៏បាន​សហការគ្នាជាមួយ​នឹង​ក្រុមសិស្ស​មួយចំនួន​នៅតាម​វិទ្យាល័យ និង​មហាវិទ្យាល័យ​ដើម្បី​ផ្សព្វផ្សាយ និង​ប្រមូល​មនុស្ស​ធ្វើ​ការងារ​សង្គម។ នៅពេលនោះ រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ចំពោះ​គាត់ ព្រោះថា មនុស្ស​ចំនួន​ប្រមាណ300នាក់ ​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលាខេត្ត​ដើម្បី​រួម​ដំណើរ​ជាមួយ​គាត់​ខណៈ​ក្រុមការងារ​ដែលជា​សិស្ស​ច្បង​ទាំងអស់​បាន​រត់ចោល​អ​ស់ ពេលនោះ​មាន​អ្នកចូលរួម​ច្រើន​ហួស​ពី​ការ​ស្មាន ដែល​ធ្វើឱ្យ​មនុស្សម្នា​នៅក្នុង​ខេត្ត​មានការ​ភ្ញាក់ផ្អើល។ ជា​ដំណោះស្រាយ យុវជន ពិសាល ចាំបាច់​ត្រូវតែ​ស្ទុះស្ទា​ស្វែងរក​ជំនួយ​ដើម្បី​ទាក់ទង​អ្នករៀបចំឡានក្រុង​ដើម្បី​ដឹក​អ្នកដំណើរ​ទាំងអស់​ឱ្យបាន​លឿន។

ចាប់ផ្តើម​ពី​បញ្ហា​មួយ​ទៅ​បញ្ហា​មួយ យុវ​សិស្សពិសាល បាន​បង្កើន​ភាពរឹងមាំ​កាន់តែខ្លាំង​ឡើងបើទោះបីជា​ខ្លួន​កំពុងស្ថិត​ក្នុង​កម្រិត​ម​ធ្យ​ម​សិក្សា​ក៏ដោយ ហើយ​ក្រោយ​ពេលដែល​ឆ្លងកាត់​ការដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯងបាន គាត់​កាន់តែ​ស្គាល់​ពី​ការរស់នៅ និង​ការតស៊ូ​កាន់តែច្បាស់ រហូត​គាត់​កើតជា​ចិត្ត​ស្រឡាញ់​ការងារ​រៀបចំ​គម្រោង​នេះ។

2. ការបង្កើត​គម្រោង និង​ឧបសគ្គ
ដោយ​ភាព​ប្រទាញប្រទង់​គ្នា​រវាង​ក្តី​ស្រឡាញ់​លើ​ជំនាញ​រចនា (Architect Design) និង​ជំនាញ​នៃ​ការរៀបចំ​គម្រោង លោក ពេជ្រ ពិសាល បានចាប់ផ្តើម​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ​ផ្នែក​ស្ថាបត្យកម្ម ស្របពេល​ដែល​លោក​បាន​ចូលរៀន​ថ្នាក់​សហគ្រិន និង​អភិវឌ្ឍន៍​គំនិត​រយៈពេល​មួយឆ្នាំ​នៅ​វិទ្យាស្ថាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។ នៅក្នុង​ថ្នាក់រៀន លោក​បាន​រៀន​ចេះ​មុខវិជ្ជា​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទីផ្សារ និង​ការរៀបចំ​គម្រោង តែ​ក្នុង​ក្រសែភ្នែក​របស់​មនុស្ស​គ្រប់គ្នា​នៅពេលនោះ គឺ​លោក​តែងតែ​ស្ថិតនៅ​លេខ​ក្រោយ​គេ​ជានិច្ច។

បើទោះជា​បែបនេះ​ក្តី បុរស​មិន​ពូកែសម្តី តែពូកែ​អនុវត្ត​ជាក់ស្តែង​ខាងលើ បាន​តាំងចិត្ត​រួចជាស្រេច​ថា​នឹង​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​មាន​មោទនភាព​មកលើ​ខ្លួន​ឱ្យបាន​បន្ទាប់ពី​បញ្ចប់​វគ្គ​សិក្សា ហេតុនេះ​បេសកកម្ម​របស់គាត់​គឺ​ព្យាយាម​រៀបចំ​បង្កើត​គម្រោង​ដោយ​ខ្លួនឯង បើទោះបីជា​អ្នកដទៃ​មើល​មក​គាត់​ថា​យ៉ាងណាក៏ដោយ។ ស្ថិតក្នុង​ដំណាក់កាល​នេះ លោក​បានរៀបចំ​បង្កើត​ក្រុមការងារ​មួយ​ដែលមាន​ឈ្មោះថា The Road ដែលជា​គម្រោង​បង្កើត​សកម្មភាព​អប់រំ តាមរយៈ​សិក្ខាសាលា និង​កម្មវិធី​មួយចំនួនទៀត​ដើម្បី​ជំរុញ​សមត្ថភាព​យុវវ័យ តែ​ដោយសារតែ​បទពិសោធ​នៅ​តិច និង​ការទំនាក់ទំនង​នៅ​ស្ទើរ ក្រុម​នោះ​ក៏​បរាជ័យ។ មេរៀន​ពី​ចំណុច​នេះ​មិនបាន​ធ្វើឱ្យ​គាត់​ភ្ញាក់ផ្អើល​នោះទេ ព្រោះ​បុរស​ដែល​ពោរពេញ​ដោយ​ភាព​វិជ្ជមាន​រូបនេះ​តែងតែ​មើល​ឆ្ងាយ​មួយ​ជំហាន​មុន​មនុស្ស​ដទៃ​ជានិច្ច។

ក្រោយ​ការបញ្ចប់​គម្រោង​ដែល​មិនបាន​ទទួលលទ្ធផល​ល្អ​នោះមក លោក វិសាល ក៏​ចាប់ផ្តើម​ជជែក​ជាមួយនឹងអ្នកខ្លាំងៗមួយចំនួន​ដែល​សុទ្ធតែជា​អ្នក​ធ្លាប់​បង្កើត​គម្រោងធំៗ និង​អ្នកខ្លះ​ថែមទាំង​មាន​បទពិសោធ​ក្នុង​ស្ថាប័ន​ផ្សព្វផ្សាយ​ទៀតផង តែដោយសារ​តែម​នុស្ស​ដែលមាន​សមត្ថភាព​ទាំងអស់នោះ​រវល់​ខ្លាំងពេក ក៏ត្រូវ​បរាជ័យ​ការងារ​នេះ​ជាថ្មី​ម្តងទៀត។ មួយដង​ជា​ពីរដង​ដែល​លោក ពិសាល បាន​ជួបនឹង​រឿង​ខកចិត្ត តែ​ឧបសគ្គ​ទាំងអស់នោះ​មិនអាច​ឱ្យ​លោក​បញ្ចប់​ការខិតខំ​ប្រឹងប្រែង​នោះទេ ហើយ​លោក​ក៏បាន​ប្តូរ​វិធីសាស្ត្រ​វិញ​ម្តង ពី​ការធ្វើការងារ​ជា​ក្រុម មក​ធ្វើកា​ងារ​តែឯង​ម្តង។ កាលនោះ លោក​ចាប់ផ្តើម​ធ្វើការ​វិនិយោគ​លើ​គម្រោង​តែម្នាក់ឯង ទាំង​គាត់​គ្មាន​លុយ​គ្រប់គ្រាន់​ផង។ ជា​ដំណោះស្រាយ​លោក​បាន​ចូលធ្វើ​ការងារ​ក្នុង​ក្រុមហ៊ុន Pi pay ហើយ​ទឹកចិត្ត​ដែល​ចង់​ជម្នះ​ឧបសគ្គ​ខ្លាំង​ឱ្យបាន​នោះ ធ្វើឱ្យ​លោក​ដាច់ចិត្ត​សុំ​ខ្ចីលុយ​ប្រធាន​របស់លោក​ដើម្បី​អនុវត្ត​គម្រោង​របស់ខ្លួន។

ការងារ​តែម្នាក់ឯង​បានផ្តល់​ឱ្យ​លោក​នូវ​បទពិសោធ​ជាច្រើន ដែល​ក្នុងនោះ​អ្វីដែល​គាត់​ទទួលបាន​គឺ ការ​រ៉ាប់រង​គម្រោង​តែម្នាក់ឯង​គត់។ លោក​បានចាប់ផ្តើម​បង្កើត​គេហទំព័រ​មួយ​សម្រាប់​គម្រោង ដោយ​ជួល​អ្នកជំនាញ​ឱ្យគេ​ជួយ​ធ្វើ ហើយ​បានចាប់ផ្តើម​ស្រាវជ្រាវ និង​សរសេរ​ពី​អត្ថន័យ​លម្អិត​នៃ​គម្រោង​របស់លោក​នៅក្នុង​នោះ ហើយ​យក​វា​ទៅទាក់ទង​វាគ្មិន និង​អ្នក​ឧបត្ថម្ភ​មួយចំនួន។

លោក ពិសាល និយាយថា៖ “កាលនោះ ខ្ញុំ​ម្នាក់ឯង​ធ្វើការ​ស្មើ​មនុស្ស 10នាក់ តែយូរៗទៅ​ខ្ញុំ​ក៏​អាច​ទទួលបាន​ទំនុកចិត្ត​ពី​មនុស្ស​ជាច្រើនបន្ទាប់មក​ ខ្ញុំ​ក៏​ចាប់ផ្តើម​ប្រមូលផ្តុំ​មនុស្សដូចៗគ្នា​ដែល​ម្នាក់ឯង​ធ្វើការ​ងារ​បាន​ច្រើន ព្រោះថា បើ​ម្នាក់​អាចធ្វើ​ការងារ​ស្មើនឹង​មនុស្ស10នាក់​បាន នោះ10នាក់នឹង​អាចធ្វើ​ការងារ​ស្មើ​មនុស្ស 100នាក់​បានហើយ”។

ជា​លទ្ធផល សកម្មភាព​ដំបូង​បំផុត​បានចាប់ផ្តើមឡើង​ដោយ​លោក​បាន​បង្កើត​សិក្ខាសាលា​មួយ​នៅ​ខែវិច្ឆិកា ឆ្នាំ2016 ដោយមាន​អ្នកចូលរួម​ជិត 500នាក់ និង​មាន​ម្ចាស់​អាជីវកម្មធំៗធ្វើជា​វាគ្មិន ហើយ​ជា​បន្តបន្ទាប់​គម្រោង​រប​ស់លោក​ក៏​ចាប់ផ្តើម​ត្រូវបាន​គេ​ស្គាល់​ច្រើន​ក្នុងចំណោម​ពាណិជ្ជករ និង​យុវជន។ ហើយ​មកទល់នឹង​ពេលនេះ​យុវជន​កម្ពុជា ដែល​រួមមាន​ទាំង​សិស្ស និស្សិត បុគ្គលិក​ក្រុមហ៊ុន រួមទាំង​ម្ចាស់​អាជីវកម្ម​ចំនួន​រាប់ម៉ឺន​នាក់​ហើយ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​ដែល​បង្កើតឡើង​ដោយ​ស្ថាប័ន​របស់លោក​តាំងពី​ចាប់ផ្តើម​រហូតមក។

បច្ចុប្បន្ន​លោក ពេជ្រ ពិសាល ជា​អ្នកគ្រប់គ្រង​គម្រោង Daily Plus និង​ជា​សហ​ស្ថាបនិក​ស្ថាប័ន​ទទួល​គម្រោង​ផ្សព្វផ្សាយ​មួយ​ដែលមាន​ឈ្មោះថា Connect ដើម្បី​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ក្នុង​ការធ្វើ​ទីផ្សារ​តាម​បណ្តាញ​ឌីជីថល៕

Advertisement