និស្សិត​នឹង​ក្លាយជា​ធនធានមនុស្ស​ខ្លាំង បើ​ចេះ​ច្នៃ​ពេល​លេង​ទៅជា​ការសិក្សា​តាម​បច្ចេកវិទ្យា

នាពេល​បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា បច្ចេកវិទ្យា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញឱ្យ​ការរស់នៅ​របស់​មនុស្ស​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង ដោយ​ក្នុងនោះ​រួមទាំង​ការអប់រំ​ផងដែរ តែ​ទោះបីជា​យ៉ាងណាក៏ដោយ បណ្តាញ​ដ៏​អស្ចារ្យ​នេះ​ក៏បាន​ជះ​ផលប៉ះពាល់​មួយចំនួន​ផងដែរ​ដល់​យុវជន និង​សង្គម។

លោក​បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើងថា បច្ចេកវិទ្យា​ជា​បណ្តាញ​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា​ជាមួយនឹង​ប្រជាជន​នៃ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា​នៅក្នុង​តំបន់។ តែ​ទោះជា​យ៉ាងនេះ​ក្តី ផល​សំខាន់​ដែល​អាច​ទាញ​យកបាន​ពី​បច្ចេកវិទ្យា គឺ​អាស្រ័យ​លើ​អ្នកប្រើប្រាស់​វា​ផ្ទាល់។ និស្សិត​និង​យុវជន​កម្ពុជា​ជាច្រើន​ទៀត ត្រូវតែ​ចេះ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​ខាតបង់​ទាំង​ពេលវេលា និង​ថវិកា។

លោក​បណ្ឌិត បាន​មានប្រសាសន៍ថា ៖ “យុវជន​គឺជា​អ្នក​ដែល​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ច្រើនជាងគេ ហើយ​យុវជន​ក៏​ជា​អ្នក​បន្តវេន​យ៉ាងសំខាន់​របស់​សង្គម​ដែរ ហេតុនេះ​យើង​គួរប្រើ​ប្រាស់​បច្ចេកវិទ្យា​ដើម្បី​ជា​ប្រយោជន៍​ឱ្យបាន​ច្រើន​សម្រាប់​ការរៀនសូត្រ​ក៏ដូចជា​ការងារ ឬ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ដ៏​ល្អ​ជាមួយ​មនុស្ស​ជុំវិញខ្លួន ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ដែលមាន​សក្តានុពល​រប​ស់​កម្ពុជា​សម្រាប់​ប្រកួតប្រជែង​ក្នុង​សមាហរណកម្ម​អាស៊ាន។

លោក​បណ្ឌិត​បាន​បន្តថា នាពេល​បច្ចុប្បន្ននេះ យើង​មើលឃើញថា ឧបករណ៍​អេឡិចត្រូនិក​ដែល​យើង​ប្រើប្រាស់​គឺ​មិន​ខុសពី​សម្ភារ​ទំនើប​ដែល​គេ​ប្រើប្រាស់​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​នោះទេ នៅពេលដែល​គេ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប យើង​ក៏មាន​ទូរស័ព្ទ​ទំនើប​ប្រើ នៅពេលដែល​ប្រជាជន​នៃ​ប្រទេស​អភិវឌ្ឍន៍​ប្រើ​ផលិតផល Apple យើង​ក៏មាន Apple ប្រើ​ហេតុនេះ​យើង​ត្រូវ​ប្រើប្រាស់​វា​ឱ្យមាន​ប្រសិទ្ធភាព។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​សហការ​ជាមួយនឹង​ស្ថាប័ន​នានា​ដែល​ក្នុងនោះ​ក៏មាន​អង្គការ STEM (Science, Technology, Engineering and Math) ដែល​បាន​ជំរុញ​ឱ្យ​យុវជន​កាន់តែ​យកចិត្តទុកដាក់​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ជាមួយនឹង​បច្ចេកវិទ្យា ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដែល​សង្គម​ត្រូវការ​ខ្លាំង​នាពេល​អនាគត។

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា បច្ចុប្បន្ននេះ​ជា​សម័យ​បច្ចេកវិទ្យា ហេតុនេះ​ស្ថាប័ន​អប់រំ​ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ជាច្រើន​ដើម្បី​សម្រួល​ដល់​ការសិក្សា​របស់​សិស្ស-និស្សិត​កម្ពុជា ឱ្យ​ពួកគាត់​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ស្រាវជ្រាវ ក៏ដូចជា​ការទាញយក​ឯកសារសំខាន់ៗពី​គ្រឹះស្ថានសិក្សា និង​ក្រសួង​ដែល​បានរៀបចំ និង​ដាក់ឱ្យ​ប្រើប្រាស់។ ឯកឧត្តម បាន​លើកឡើងថា យើង​ចង់ឱ្យ​យុវជន​កម្ពុជា​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា​ឱ្យមាន​ប្រយោជន៍ ដោយ​ដក​ពេលវេលា​ដ៏​ច្រើន​ដែល​តែងតែ​លេង​នៅលើ​បណ្តាញ​ទំនាក់ទំនង មក​សិក្សា និង​ចែករំលែក​ចំណេះដឹង​ឱ្យបាន​ច្រើន​វិញ។

នាពេល​បច្ចុប្បន្ននេះ​កម្ពុជា​បាន​បង្កើត​បណ្តាញ​អប់រំ​ជាច្រើន​ដែល​អាច​អនុញ្ញាតឱ្យ​យុវជន​កម្ពុជា​ទាញយក​ប្រយោជន៍​ពី​វា​បាន​យ៉ាង​ទូលំទូលាយ តែ​ជាទូទៅ​គេ​ក៏​សង្កេតឃើញ​ផងដែរ​ថា យុវជន​កម្ពុជា​មួយចំនួន​បាន​ចំណាយ​ពេលវេលា​ច្រើន​ជាមួយនឹង​បណ្តាញ​បច្ចេកវិទ្យា​ដែល​មិន​ត្រឹមត្រូវ ហើយ​បណ្តោយឱ្យ​ពេលវេលា​ជាច្រើន​ត្រូវ​បាត់បង់​តាមរយៈ​ការប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន​ជ្រុល ដោយ​ចំណាយពេល​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ការអប់រំ។

នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​សិស្ស-និស្សិត​បាន​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ក្នុងការ​ស្រាវជ្រាវ​តាមបែប​បុរាណ​មក​ស្រាវជ្រាវ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​បច្ចេកវិទ្យា។ នៅ​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន ការសិក្សា​តាមបែប​បច្ចេកវិទ្យា​គឺជា​ការសិក្សា​ដ៏​ពេញនិយម និង​ទទួលជោគជ័យ​ក្នុងការ​អភិវឌ្ឍ។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ៖ “ក្រសួង​អប់រំ​ក៏បាន​បង្កើត​កម្មវិធីសិក្សា​តាមបែប​អន​ឡាញ ដែល​ផ្តល់ជូន​នូវ​ឯកសារ​ជាច្រើន​ក្នុង​កម្មវិធីសិក្សា ស្របពេល​ដែលមាន​កម្ម​វិធី​មួយចំនួន គឺ​សិស្ស​អាច​សាកល្បង​សមត្ថភាព​របស់គាត់​ផ្ទាល់​តាម​បណ្តាញ​បច្ចេកវិទ្យា​បាន។

កញ្ញា អ៊ាន ម៉ានិត និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បាន​លើកឡើងថា ជាការ​មើលឃើញ និស្សិត​ជាច្រើន​បាន​ចំណាយ​ពេលវេលា​ច្រើន​ជាមួយនឹង​បណ្តាញ​បច្ចេកវិទ្យា​ដែល​មិន​ត្រឹមត្រូវ ដូចជា​ការលេង Facebook រហូតដល់​យប់​ជ្រៅ ហើយ​មិនសូវ​រវល់​ច្រើន​ជាមួយនឹង​ការសិក្សា​ទេ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​គាត់​បាត់បង់​ឱកាស​ក្នុងការ​ទាញយក​ផល​វិជ្ជមាន​ពី​បណ្តាញ​សង្គម និង​កម្មវិធី​ជាច្រើន​ផ្សេងទៀត​ដែលមាន​នៅក្នុង​ដៃ​របស់គាត់។

កញ្ញា អ៊ាន ម៉ានិត បាន​និយាយថា ៖ “នាពេល​បច្ចុប្បន្ននេះ ជាមួយនឹង​បណ្តាញ​បច្ចេកវិទ្យា​យើង​អាច​ស្រាវជ្រាវ​បាន​យ៉ាង​ទូលំទូលាយ​ពី​គ្រប់​ទីកន្លែង​នៅលើ​ពិភពលោក។ ដើម្បី​ស្វែងរក​ឯកសារ​ពី​សាកលវិទ្យាល័យល្បីៗ ឬ​ទិញ​សៀវភៅ​ដែល​យើង​ត្រូវការ យើង​មិនចាំបាច់​ត្រូវធ្វើ​ដំណើរ​ទៅដល់​បរទេស​នោះទេ យើង​អាច​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​បាន ហេតុនេះ​យើង​មានឱកាស​ច្រើនក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង តែ​ពេលខ្លះ​ដោយសារតែ​យុវជន​មួយចំនួន​មិនសូវ​យកចិត្តទុកដាក់ គេ​បែរជា​ចំណាយ​ពេលវេលា​ច្រើន​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​បែប​មិន​ត្រឹមត្រូវ​ទៅវិញ។

កញ្ញា ម៉ានិត និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បានលើកឡើង​ផងដែរ​ថា តាមពិត​នៅពេលនេះ បច្ចេកវិទ្យា​បាន​សម្រួល​ដល់​ការរស់នៅ​ច្រើនណាស់ តែ​អ្វីដែល​គួរឱ្យ​ស្តាយ នោះ​គឺយុវជន​មួយចំនួនធំ បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ខុស​ទំនង​ដែល​ធ្វើឱ្យ​យើង​មាន​បញ្ហា​ក្នុង​ជីវិត​ទៅវិញ​ហេតុនេះ​ការដែល​ពិចារណា​ក្នុងការ​ផ្លាស់ប្តូរ​ពេលវេលា​មួយចំនួន​ដែល​គាត់ ចំណាយ​មិន​ត្រឹមត្រូវមក​ធ្វើការ​ស្រាវជ្រាវ​តាម​បណ្តាញ​បច្ចេកវិទ្យា​វិញ អាចជា​វិធី​ឆ្លាត​វៃ​មួយ​ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដែល​សំខាន់​សម្រាប់​សង្គម៕

Advertisement