ភាពខុសគ្នា​ដែល​ឪពុកម្តាយ​មិនបាន​ដឹង​រវាង​កូនតូច​ចូលរៀន​តាំងពី​អាយុ 2ឆ្នាំ និង​ចូលរៀន​នៅ​អាយុ 6ឆ្នាំ

សំណួរ​ដែល​អាណាព្យាបាល​ជាច្រើន​ចាប់អារម្មណ៍​ចង់ដឹង​នាពេល​បច្ចុប្បន្ននេះ​គឺ តើ​រវាង​កុមារ​តូច​ដែល​ចូលរៀន​តាំងពី​អាយុ 2-3ឆ្នាំ និង​កុមារ​តូច​ដែល​ចូលរៀន​នៅ​អាយុ 6ឆ្នាំ មាន​ភាពខុសគ្នា​ដូចម្តេចខ្លះ? សំណួរ​នេះ​ត្រូវបាន​គេ​លើកឡើង​ស្របពេល​ដែលមាន​សាលា​ជាច្រើន​នៅ​កម្ពុជា​ចាប់ផ្តើម​បង្កើត​សេវាកម្ម​ទទួល​មើលថែទាំ និង​បង្រៀន​ក្មេងតូចៗតាំងពី​អាយុ6ខែ​ឡើងទៅ​ខណៈដែល​ឪពុកម្តាយ​ជាច្រើន​ជាប់រវល់​ធ្វើការ​ដោយ​មិនមាន​ពេល​នៅ​មើលថែទាំ​កូន​បាន​គ្រប់គ្រាន់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី គឹម សុជាតា នាយិកា​សាលា​អន្តរជាតិ សាស្តា បាន​លើកឡើងថា ក្មេងតូចៗដែល​បាន​ចូល​សាលា​តាំងពី​អាយុ2-3ឆ្នាំមាន​ភាពរហ័សរហួន​ជាង​ក្មេង​ដែល​ចូល​សាលា​នៅ​អាយុ6ឆ្នាំ ព្រោះថា​ក្មេង​តូច​អាយុ​ក្រោម 6ឆ្នាំ​ត្រូវការ​ការ​គាំពារ​ច្រើន​ពី​ការមើល​ថែទាំ​ផ្នែក​សុខភាព​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ទាំង​ចំណីអាហារ ការហ្វឹកហាត់​ឥរិយាបទ និង​ត្រូវ​បង្រៀន​ពី​របៀប​នៃ​ការរស់នៅផ្សេងៗទៀត។

លោកស្រី គឹម សុជាតា បាន​និយាយថា ៖ ប្រសិនបើ​អាណាព្យាបាល​មិនសូវ​បានគិត​គូរ​ខ្វល់​ពី​រឿង​របប​អាហារ​របស់​កូនតូច​នោះទេ អាចធ្វើឱ្យ​សុខភាព​របស់​ក្មេង​ខ្សោយ ហើយ​កាលណា​សុខភាព​ខ្សោយ ខួរក្បាល​ក៏​មិនសូវ​រហ័សរហួន​តាម​នោះដែរ។

លោកស្រី​បានលើកឡើង​ថា អាណាព្យាបាល​គួរ​ចេះ​ជ្រើសរើស​សាលា​ដែល​ល្អ​អាច​ទុកចិត្តបាន​ប្រសិនបើ​ចង់​ដាក់​កូន​ឱ្យ​ចូលរៀន​តាំងពី​អាយុ2-3ឆ្នាំ ព្រោះ​គេ​មាន​អ្នកជំនាញ​ផ្នែក​អាហារ​ដែល​ធ្វើ​តម្រូវ​ទៅតាម​លក្ខខណ្ឌ​សុខភាព និង​វ័យ​របស់​ក្មេង​តូច។ ជាទូទៅ​ក្មេងតូចៗត្រូវការ​អាហារ និង​វីតាមីន​ច្រើន​ប្រភេទ​ក្នុង​មួយថ្ងៃ​ដែល​យើង​ត្រូវ​ផ្តល់ឱ្យ​គាត់ ដោយមាន​តុល្យភាព​ត្រឹមត្រូវ មិនអាច​ខ្វះ ឬ​លើស​ច្រើនពេក​នោះទេ បើ​ពុំ​នោះទេ វា​អាច​នឹង​ប៉ះពាល់​ដល់​ការរីកលូតលាស់​របស់​ក្មេង។ លោកស្រី​បាន​បន្តថា កុមារតូចៗដែល​ទទួលបាន​ការមើល​ថែទាំ​ដិតដល់​ដោយ​អ្នកជំនាញ​នៅក្នុង​សាលា​នឹង​អាច​ក្លាយជា​មនុស្ស​ដែលមាន​ភាពឈ្លាសវៃ ក្លាហាន និង​រហ័សរហួន ចំណែក​កុមារ​ដែលមាន​សុខភាព​មិនល្អ​ដោយសារ​កង្វះ​ការថែទាំ​ភាគច្រើន​ជា​ក្មេង​ដែល​មិនសូវ​ស្វាហាប់ មិនសូវ​ចុះ​ចំណោម​នៅពេលដែល​ក្មេង​ដទៃ​កំពុង​លេង។

ស្រដៀង​គ្នា​នេះដែរ លោក ប៉ិច ប៉ូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​លើកឡើងថា កុមារតូចៗដែល​ទទួលបាន​ការបង្រៀន​ត្រឹមត្រូវ​នៅក្នុង​សាលា​បណ្តុះបណ្តាល​នៅ​វ័យ2-3ឆ្នាំ គឺមាន​ភាព​ឆ្លាត​វៃ ហើយ​មានការ​ទទួលខុសត្រូវ​ខ្ពស់ជាង​កុមារ​ដែល​ចូលរៀន​នៅ​វ័យ​ធំ​ស្រាប់​អាយុ6ឆ្នាំ​ឡើង ព្រោះថា​កុមារ​ត្រូវការ​ការយកចិត្តទុកដាក់ និង​មើលថែទាំ​ដោយ​អ្នកជំនាញ​ច្បាស់លាស់។

លោក ប៉ូ​ឡែ​ន បាន​និយាយថា ៖ ជាទូទៅ​ការបង្រៀន​កុមារតូចៗគឺមាន​លក្ខណៈ​ខុសគ្នា​ពី​ការបង្រៀន​កុមារធំៗ ព្រោះថា​កុមារ​ខ្លះ​មិនទាន់​ចេះ​និយាយ ឬ​មិនទាន់​យល់​ច្រើន​ដូច​កុមារធំៗដែលមាន​វ័យ5-6ឆ្នាំ​នៅឡើយ  តែ​អ្នកជំនាញ​នឹង​បង្រៀន​ពួកគាត់​ដោយ​ការលេង​ល្បែង​ដែល​អាច​បណ្តុះ​សមត្ថភាព​ដល់​ពួកគាត់​ផ្នែក​គំនិត​ស្មារតី​ឱ្យ​ចេះ​មានការ​ទទួលខុសត្រូវ និង​រៀន​តាមរយៈ​កាយវិការ ក៏ដូចជា​ការលេង​ជាដើម។

អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​បន្ថែមទៀតថា កុមារតូចៗដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ផ្នែក​គំនិត​បានល្អ គាត់​នឹង​អាច​ងាយស្រួល​ក្នុងការ​បណ្តុះបណ្តាល​ឱ្យក្លាយ​ជា​មនុស្ស​ពូកែ​នៅពេលដែល​គាត់​ឈានដល់​វ័យ​ចូលរៀន​នៅ​បឋមសិក្សា ព្រោះថា​នៅពេលដែល​គាត់​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ពី​អ្នកជំនាញ ការគិត និង​កម្រិត​ខួរក្បាល​របស់គាត់​គឺ​ត្រូវបាន​អភិវឌ្ឍ​ជាដំណាក់កាលៗ ចាប់តាំងពី​ទារក​រហូតដល់​ក្លាយជា​សិស្ស​ពេញវ័យ។ ជាទូទៅ ក្មេង​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​បានល្អ​តាំងពី​តូច​មក ច្រើន​មាន​ភាពជា​អ្នកដឹកនាំ​ខ្ពស់ មានគំនិត​ច្រើន​ដែល​អាចធ្វើ​ការដោះស្រាយ​បញ្ហា​បាន​លឿន។

លោកស្រី ឡាយ មុនី​រ័ត្ន ជា​អ្នក​ម្តាយ​ដែលមាន​កូនប្រុស​ច្បង​បានចាប់ផ្តើម​ចូលរៀន​នៅ​វ័យ6ឆ្នាំ និង​កូនប្រុស​ប្អូន​ចូលរៀន​នៅមុន​អាយុ3ឆ្នាំ បាន​លើកឡើងថា កាលណោះ​សាលា​ឯកជន​មិនទាន់មាន​ច្រើន​ដូច​ពេលបច្ចុប្បន្ន ដូច្នេះ​កូនប្រុស​ច្បង​របស់លោក​ស្រី​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​អាយុ6ឆ្នាំ​តែម្តង ខុសពី​កូន​ប្អូន​ដែល​បាន​ចូលរៀន​ម​ត្តេ​យ្យ​តាំងពី​អាយុ​តិចជាង3ឆ្នាំ។ ជាការ​សង្កេត លោកស្រី​មើលឃើញថា កូន​ដែល​បាន​ចូលរៀន​នៅ​វ័យ​តិចជាង3ឆ្នាំ មាន​ភាពក្លាហាន និង​មានការ​ទទួលខុសត្រូវ​ច្រើន​ជា​កូន​ដែល​ចូលរៀន​នៅ​វ័យ6ឆ្នាំ។

លោកស្រី ឡាយ មុនី​រ័ត្ន បាន​អះអាងថា ៖ “ជាការ​សង្កេត ខ្ញុំ​ឃើញថា​កូន​ប្អូន​ដែល​បាន​ចូលរៀន​តាំងពី​តូច គាត់​មាន​ភាពខុសប្លែក​មួយចំនួន ដូចជា​ការធ្វើ​អ្វីមួយ​គាត់​មិនសូវ​ពឹង​មនុស្ស​ធំ​នោះទេ គឺ​គាត់​ចូលចិត្ត​ធ្វើអ្វីៗដោយ​ខ្លួនឯង ដូចជា​ការរៀបចំ​សម្ភារ​រៀន​របស់គាត់ គាត់​មិន​ចង់ឱ្យ​យើង​រវល់​ជាមួយ​គាត់​នោះទេ គាត់​តែងតែ​ទារ​ចង់​ធ្វើ​ដោយ​ខ្លួនឯង ដើម្បី​បង្ហាញថា​គាត់​ធំ​ដឹងក្តី​ហើយ បើទោះបីជា​គាត់​ទើបនឹង​រៀន​ថ្នាក់​ទី1ក៏ដោយ។

លោកស្រី​ក៏បាន​ប្រាប់​ផងដែរ​ថា កូន​ដែល​ចូលរៀន​នៅ​វ័យ​ធំ​ហើយ គាត់​មិន​ខុសពី​យើង​នៅក្មេងៗប៉ុន្មាន​ឡើយ មានការ​អៀន​ច្រើន ខ្លាច​ជួប​មនុស្ស​ឬ​ធ្វើ​អ្វីមួយ​ចាំបាច់​ត្រូវ​ពឹង​មនុស្ស​ធំ គាត់​ហាក់​មិនសូវមាន​ភាពជឿជាក់​លើ​ខ្លួនឯង​ប៉ុន្មាន​ឡើយ។ តែ​ទោះជា​យ៉ាងណា​ក៏​យើង​មិនអាច​បន្ទោស​គាត់​បានដែ​រ ព្រោះ​នៅពេលដែល​គាត់​នៅ​ក្មេង​យើង​មិនបាន​ដាក់​គាត់​ឱ្យ​រៀន​សាលា​ល្អ ហេតុនេះ​មានតែ​ខំ​គ្រប់​លទ្ធភាព​ដើម្បី​ផ្តល់ឱ្យ​គាត់​នូវ​ក្តី​ស្រឡាញ់ និង​ការលើកទឹកចិត្ត​ឱ្យ​គាត់​ក្លាយជា​មនុស្ស​ម្នាក់​ដែលមាន​ភាពជឿជាក់​ខ្លាំង​ជាង​មុន តែ​សម្រាប់​កូន​ប្អូន​វិញ គឺ​មិន​ពិបាក​និយាយ​ច្រើន​នោះទេ ព្រោះ​គាត់​មាន​ទម្លាប់​ល្អ​ច្រើន​ពី​ក្មេង​រួចទៅហើយ ហេតុនេះ​អ្វីដែល​ឪពុកម្តាយ​ត្រូវធ្វើ គឺ​ជួយ​តម្រង់ទិស និង​បង្កើន​ភាពស្និទ្ធស្នាល​ដើម្បី​ផ្តល់​ភាពកក់ក្តៅ ក៏ដូចជា​សហការ​ល្អជា​មួយ​សាលា​ជាដើម៕

Advertisement