សៀវភៅ​សិក្សា​ថ្មី​នឹងត្រូវ​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ2020 ខាងមុខ

ជាទូទៅ​សៀវភៅ​សិក្សា​គោល​របស់​សិស្ស​តែងតែ​ត្រូវបាន​ផ្លាស់ប្តូរ​ឱ្យ​កាន់តែ​ប្រសើរឡើង ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សិស្ស​ទទួលបាន​នូវ​ចំណេះដឹង​ថ្មី​ស្របទៅតាម​ការអភិវឌ្ឍ​របស់​ពិភពលោក​ទាំង​ផ្នែក​វិទ្យាសាស្ត្រ​ពិត និង​វិទ្យាសាស្ត្រ​សង្គម។

ជា​លទ្ធផល​នៃ​សិក្ខាសាលា​ស្តីពី​ការពិគ្រោះ​យោបល់​លើ​ផែនការ​គោល​សម្រាប់​ក្របខណ្ឌ​កម្មវិធីសិក្សា​ថ្មី​ឆ្នាំ2018 ដល់​ឆ្នាំ2023 បាន​បង្ហាញថា​ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​បោះពុម្ពផ្សាយ​សៀវភៅ​ថ្មី​ជំនួស​សៀវភៅ​ចាស់​ដែល​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ននេះ នៅ​ឆ្នាំ2020 ដល់​ឆ្នាំ2023 ខាងមុខ។ សៀវភៅ​ថ្មី នឹង​ក្លាយជា​សៀវភៅ​សិក្សា​គោល​ដែល​ចាំបាច់​ត្រូវតែ​ធ្វើការ​កែសម្រួល​ឱ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរ ដោយ​បន្ថែម​នូវ​ប្រភពព័ត៌មានសំខាន់ៗដល់​សិស្សានុសិស្ស​នៅ​កម្ពុជា។

ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​លើកឡើងថា ក្រសួង​អប់រំ បានរៀបចំ​កម្មវិធីសិក្សា​ថ្មី​ដោយ​ផ្តោតលើ​ការបង្រៀន​អក្សរសាស្ត្រ​ខ្មែរ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ និង​ភាសាបរទេស​ចាប់ពី​ថ្នាក់​ទី4 ដល់​ថ្នាក់​ទី12 ជា​ភាសា​បារាំង ឬ​ភាសា​អង់គ្លេស និង​រៀបចំ​វិធីសាស្ត្រ​បង្រៀនថ្មីៗដើម្បីឱ្យ​សិស្ស​មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​ចាប់ពី​ថ្នាក់ក្រោម​ដល់​ថ្នាក់ខ្ពស់។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា ៖ កម្មវិធីសិក្សា​ថ្មី​ដែល​ក្រសួង​បានដាក់​ចេញ​នេះ​មាន​បញ្ចូល​នូវ​មុខវិជ្ជាសំខាន់ៗដូចជា មុខវិជ្ជា​អប់រំ​សុខភាព​បន្ត​ពូជ និង​ផ្លូវភេទ មុខវិជ្ជា​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ មុខវិជ្ជា​បំ​ណិ​ន​ជីវិត​តាម​មូលដ្ឋាន មុខវិជ្ជា​ភាសា​អង់គ្លេស មុខវិជ្ជា​ភាសា​បារាំង មុខវិជ្ជា​អប់រំ​សិល្បៈ និង​មុខវិជ្ជា​អប់រំ​កាយ​ជាដើម។ នៅក្នុង​នោះដែរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធីសិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក អោ សៀម បាន​លើកឡើងថា ក្រៅពី​ការរៀបចំ​កម្មវិធីសិក្សា​ថ្មី​នេះ ក្រសួង​បាន​បង្កើន​ម៉ោង​សិក្សា​ពី 25ម៉ោង ក្នុង​មួយ​សប្តាហ៍​សម្រាប់​កម្រិត​បឋមសិក្សា ទៅ30ម៉ោង​ក្នុង​មួយ​សប្តាហ៍។ ស្របពេល​ជាមួយគ្នានេះដែរ យើង​បាន​បង្កើន​ម៉ោង​សិក្សា​ពី​ប្រមាណ32ម៉ោង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​កម្រិត​មធ្យមសិក្សា ទៅ40ម៉ោង​ក្នុង​មួយ​សប្តាហ៍​ផងដែរ។

លើសពីនេះទៅទៀត ការរៀបចំ​ស្តង់ដារ​ថ្នាក់រៀន​ក៏ត្រូវ​បាន​យកចិត្តទុកដាក់ តាមរយៈ​ការបន្ថយ​ចំនួន​សិស្ស​ពី​ថ្នាក់រៀន​ដែលមាន​ចំនួន​ច្រើន ដោយ​កំណត់​យក​ចំនួន​សិស្ស​ត្រឹមតែ 35នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្នាក់​សម្រាប់​សិស្ស​ថ្នាក់​ទី1 ដល់​ថ្នាក់​ទី3 និង​កំណត់​សិស្ស​ត្រឹមតែ40នាក់ សម្រាប់​សិស្ស​ថ្នាក់​ទី4 ដល់​ថ្នាក់​ទី12។

លោក អោ សៀម បាន​និយាយថា ៖ “ក្រសួង​បានរៀបចំ​សៀវភៅ​ផែនការ​គោល​សម្រាប់​អនុវត្ត​កម្មវិធីសិក្សា​ថ្មី​នេះ ដែល​ផែនការ​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ខែឧសភា ឆ្នាំ2018 ខាងមុខ។

អ្នកជំនាញ​ផ្នែក​អភិវឌ្ឍ​កម្មវិធីសិក្សា​ខាងលើ បានលើកឡើង​ផងដែរ​ថា ក្រសួង​នឹង​បោះពុម្ព​សៀវភៅ​សិក្សា​ថ្មី​នៅ​ឆ្នាំ2020 រហូតដល់​ឆ្នាំ2023 ដោយ​បែង​ចែកជា3ដំណាក់កាល​សំខាន់។ ដំណាក់កាល​ទី1 គឺ​បោះពុម្ព​សៀវភៅ​សម្រាប់​ថ្នាក់​ទី1 ថ្នាក់​ទី4 ថ្នាក់​ទី7 និង​ថ្នាក់​ទី10 នៅក្នុង​ឆ្នាំ2020-2021។

ដំណាក់កាល​ទី2 គឺ​បោះពុម្ព​សៀវភៅ​សិក្សា​សម្រាប់​ថ្នាក់​ទី2 ថ្នាក់​ទី5 ថ្នាក់​ទី8 និង​ថ្នាក់​ទី11 នៅ​ឆ្នាំ2021-2022 និង​ដំណាក់កាល​ទី3 គឺ​បោះពុម្ព​សៀវភៅ​សម្រាប់​ថ្នាក់​ទី3 ថ្នាក់​ទី6 ថ្នាក់​ទី9 និង​ថ្នាក់​ទី12 នៅ​ឆ្នាំ2022-2023៕

Advertisement