យុវជន​មកពី​គ្រប់​មហាវិទ្យាល័យ​នឹង​រួមគ្នា​ជជែក​ពិភាក្សា និង​បង្ហាញ​ទស្សនៈ​លើ​បញ្ហា​សង្គម

មនុស្ស​គ្រប់រូប​សុទ្ធតែជា​កោសិកា​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​សង្គម ហើយ​សង្គម​មួយ​អាច​អភិវឌ្ឍ ឬ​មាន​បញ្ហា​អាស្រ័យ​លើ​ឥរិយាបថ​របស់​ប្រជាជន​វិជ្ជមាន ឬ​អវិជ្ជមាន។ ដោយ​មើលឃើញ​ពី​កម្រិត​នៃ​ការយល់ដឹង​របស់​ប្រជាជន​ខ្មែរ ពិសេស​យុវជន​ដែល​កំពុង​សិក្សា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នានា​នៅ​កម្ពុជា កម្មវិធី The Perspectives Cambodia ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​យុវជន​ខ្មែរ​ទាំងអស់​បាន​បញ្ចេញ​មតិ​ជា​សាធារណៈ។

ប្រធាន​គ្រប់គ្រង​កម្មវិធី The Perspectives Cambodia រដូវ​កាល​ទី2 លោក ហួរ តុលា បាន​លើកឡើងថា​ដោយសារ​ការអប់រំ​នៅ​កម្ពុ​ជាមាន​ភាពប្រសើរឡើង​ជា​លំដាប់ ហេតុនេះ​សមត្ថភាព​របស់​យុវជន​ក៏មាន​ការកើនឡើង​ស្រប​ពេលដែល​សង្គម​កំពុងមាន​ការអភិវឌ្ឍ តែ​បញ្ហា​ប្រឈម​មួយចំនួន​សម្រាប់​យុវជន​ក៏​កើតមាន​ផងដែរ ពិសេស​គឺ​ភាព​ស៊ីជម្រៅ​នៃ​ការគិត និង​ការបញ្ចេញមតិ​លើ​បញ្ហា​នានា​ក្នុងសង្គម។ សង្គម​មួយ​អាច​អភិវឌ្ឍ​ទៅមុខ​បាន​លឿន គឺ​ដោយសារតែ​សង្គម​នោះ​មាន​ប្រជាជន​ដែលមាន​ទស្សនវិស័យ និង​មាន​ការគិត​បែប​វិជ្ជមាន​ច្រើនដើម្បី​រួមគ្នា​កសាង​សមត្ថភាព​ចូលរួមចំណែក​អភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​សង្គម​នានា​ប្រកបដោយ​សន្តិភាព។

លោក តុលា បាន​និយាយថា ៖ “ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ និង​និរន្តរភាព​សង្គម ដោយ​ឈរលើ​មូលដ្ឋាន​ចំណេះដឹង ក្រុមការងារ The Perspectives Cambodia បាន​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​ខ្មែរ​ឱ្យ​បានទទួល​ចំណេះដឹង​ពី​អ្នកជំនាញសំខាន់ៗនៅ​កម្ពុជា ដើម្បី​យកចំណេះ​ដឹង​ទាំងអស់នោះ​ទៅ​បង្ហាញ​ជា​សាធារណៈ​តាមរយៈ​ការប្រកួត​តស៊ូ​មតិ​លើបញ្ហាសំខាន់ៗនៅ​កម្ពុជា។

សមាជិក​ស្ថាបនិក​នៃ​កម្មវិធី​ខាងលើ​បាន​លើកឡើងថា នៅ​ប្រទេស​អភិវឌ្ឍ គឺ​គេ​មាន​ធនធានមនុស្ស​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ក្នុងការ​បញ្ចេញ​ទស្សនវិស័យ​ដែល​គេ​ចង់ឃើញ​ទៅកាន់​សង្គម​របស់គេ។ ជាក់ស្តែង​យុវជន​នៅ​ប្រទេស​សិង្ហ​បុរី គេ​មាន​ក្រុម​អ្នក​ចងក្រង​ទស្សនវិស័យ ហើយ​ផ្តល់ឱកាស​ឱ្យ​យុវជន​ចូលរួម​បង្ហាញ​ពី​ទស្សនវិស័យ​ផ្ទាល់ខ្លួន​របស់គេ ខណៈ​កម្ពុជា​យើង​ក៏​ចង់ឃើញ​យុវជន​មាន​ការគិត​វែងឆ្ងាយ និង​មាន​ទស្សនវិស័យ​ផងដែរ។ លើសពីនេះទៅទៀត ការគិត​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​សង្គម ព្រោះ​ប្រសិនបើ​យុវជន ដែលជា​ប្រជាជន​សកម្ម​មានគំនិត​ប្រកបដោយ​គុណ​តម្លៃ សក្តានុពល និង​សីលធម៌ នោះ​សង្គម​របស់​យើង​នឹង​អាច​អភិវឌ្ឍ​បាន​យ៉ាង​លឿន​ប្រកបដោយ​សន្តិភាព។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក រិ​ន រ៉ាវុធ ប្រធាន​ក្រុមបច្ចេកទេស​នៃ​កម្មវិធី The Perspectives Cambodia បាន​លើកឡើងថា ក្នុង​គោលបំណង​ចង់​កសាង​វេទិកា​សង្គម​សម្រាប់​យុវជន ដើម្បី​កសាង​សមត្ថភាព ចំណេះដឹង និង​ការចែករំលែក តាមរយៈ​ការជជែក​ដេញដោល តស៊ូ​មតិ និង​ពិភាក្សា​លើ​ស្ថានភាព​សង្គម​ជាក់ស្តែង​នៃ​វិស័យ​អភិវឌ្ឍ​នានា យើង​បាន​បង្កើត​កម្មវិធី The Perspectives Cambodia ឡើង​ដែល​កម្មវិធី​នេះ​នឹង​អាច​បំផុសទឹកចិត្ត​យុវជន​ឱ្យ​កាន់តែ​មាន​ភាព​សកម្ម​ក្នុងការ​ចូលរួម។ តាមរយៈ​កម្មវិធី​តស៊ូ​មតិ​ដ៏​មាន​សារៈសំខាន់​នេះ យើង​បានជ្រើសរើស​បេក្ខជន​ដែលមាន​សមត្ថភាព និង​សក្តានុពល ដើម្បី​មក​បណ្តុះបណ្តាល​បន្ថែម​ជាមួយនឹង​គ្រូបង្វឹក​ដែល​សុទ្ធតែជា​អ្នកជំនាញ​មកពី​ពហុ​វិស័យ មុននឹង​ឱ្យ​បេក្ខជន​នោះ​ទៅ​តស៊ូ​មតិ​ដណ្តើមយក​ពានរង្វាន់​ថ្នាក់ជាតិ​លើ​ការតស៊ូ​មតិ។

លោក រិ​ន រ៉ាវុធ បាន​អះអាងថា ៖ “ក្រៅពី​ការ​ផ្តល់ឱកាស​ឱ្យ​យុវជន​មកពី​គ្រប់​សាកលវិទ្យាល័យ​បាន​សិក្សា និង​ប្រកួត​តស៊ូ​មតិ យើង​ក៏​ជួយ​ពួកគាត់​ក្នុងការ​បណ្តុះ​គំនិត​សង្គម​វិជ្ជមាន​នៃ​ការរស់នៅ​ជាមួយគ្នា​ក្នុង​ភាព​ចម្រុះ​នៃ​គំនិត។

លោក បាន​បន្ថែមថា នៅពេលដែល​យុវជន ឬ​ប្រជាជន​ខ្មែរ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ធ្វើការ​សម្រេចចិត្ត​នានា និង​មាន​ភាពក្លាហាន​ក្នុង​ការជជែក​ពិភាក្សា​លើ​បញ្ហា​សង្គម នៅពេលនោះ​យើង​នឹង​បានឃើញ​ភាព​ចម្រុះ​នៃ​គំនិត​ប្រកបដោយ​ភាព​វិជ្ជមាន​ដែល​អាច​រុញច្រាន​ឱ្យ​សកម្មភាព​នានា​ក្នុងសង្គម​នឹង​វិវត្តន៍​ឆ្ពោះទៅរក​ភាព​វិជ្ជមាន។ ជា​គោលដៅ និង​ជា​គុណ​តម្លៃ​របស់​កម្មវិធី The Perspectives Cambodia គឺ​យើង​ចង់ឃើញ​យុវជន និង​បណ្តុះបណ្តាល​យុវជន​ឱ្យ​ក្លាយជា​មនុស្ស​មាន​សីលធម៌ ចេះ​គោរព​គ្នា និង​មាន​ភាពជា​អ្នក​វិជ្ជាជីវៈ​និយម។ លើសពីនេះទៅទៀត យើង​ក៏​បណ្តុះបណ្តាល​ពួកគាត់​ឱ្យមាន​សេចក្តីក្លាហាន​ផងដែរ តាមរយៈ​ការពង្រឹង​គំនិត និង​ឥរិយាបថ​ប្រកបដោយ​ឆន្ទៈ​នៃ​ការផ្លាស់ប្តូរ​ឆ្ពោះទៅរក​ភាព​វិជ្ជមាន និង​ជំរុញ​ឱ្យ​គាត់​ក្លាយជា​មនុស្ស​ដែលមាន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការចូលរួម និង​មាន​សតិសម្បជញ្ញៈ​ក្នុង​ស្មារតី​សាមគ្គីភាព ហើយ​ទទួលយក​នូវ​គំនិត​ចម្រុះ​ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​ត្រឹមត្រូវ៕

Advertisement