អំពើហិង្សា​លើ​កុមារ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​អនាគត​សង្គម

កុមារ​ជា​ផ្នែក​ដ៏​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ប្រទេសជាតិ ព្រោះថា​ចាប់ផ្តើម​ពី​ការអភិវឌ្ឍ​សមត្ថភាព​របស់​កុមារ យើង​នឹង​ទទួលបាន​ប្រជាជន​សកម្ម​ដែល​ប្រកបដោយ​សមត្ថភាព​នៅ​ថ្ងៃ​អនាគត តែ​ប្រសិនបើ​យើង​ធ្វេសប្រហែស​តែ​បន្តិច យើង​នឹង​ឃើញ​មាន​អំពើ​អសកម្ម​ជាច្រើន​ទៅវិញ​នៅ​ថ្ងៃ​ខាងមុខ។

លោក គង់ វិ​ចិ​ត្រា ស្ថាបនិក​អង្គការ​មូលនិធិ​កុមារ​ពិការ បាន​បង្ហាញថា សកម្មភាព​ទាំងឡាយ​ដែល​កុមារ​ទទួលយក​អាច​ក្លាយជា​រូបភាព​នៃ​ការដោះស្រាយ​បញ្ហា​របស់គេ​នៅ​ថ្ងៃក្រោយ ដូចនេះ​អាណាព្យាបាល រួមទាំង​អ្នក​អប់រំ​ផង គួរ​មានការ​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់​ចំពោះ​សកម្មភាព​នៃ​ការអប់រំ​ពួកគេ។ ក្មេង​អាច​ចាប់យក​រឿង​គ្រប់យ៉ាង​ដែល​មនុស្ស​ធំ​ធ្វើ​ចំពោះ​គេ ហើយក៏​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​តាម​វិធី​ដែល​មនុស្ស​ធំ​ធ្វើ ដើម្បី​បង្ហាញថា​គេ​ជាម​នុស្ស​ធំពិត។

លោក វិ​ចិ​ត្រា បាន​លើកឡើងថា ៖ “អាណាព្យាបាល​ជាច្រើន​នៅ​កម្ពុជា​យើង​ចូលចិត្ត​ប្រើប្រាស់​ហិង្សា​ក្នុងការ​អប់រំ​កូន ឬ​ដាក់ពិន័យ​នៅពេល​ពួកគេ​ធ្វើ​អ្វី​ខុស។ សកម្មភាព​នេះ​មិន​ប្រាកដថា​ត្រឹមត្រូវ​ទាំងអស់​នោះទេ​ព្រោះថា​ពួកគាត់​មួយចំនួន​ភ្លេច​ប្រើប្រាស់​ហេតុផល​ដើម្បី​បង្រៀន​ពួកគេ ដែល​ធ្វើឱ្យក្មេងៗមិនសូវ​ប្រើ​ហេតុផល​ដូចគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​នៅពេលដែល​ពួកគេ​ធំ​ឡើង។

ស្ថាបនិក​អង្គការ​ដែល​ធ្វើការ​គាំពារ​លើ​កុមារ​ពិការ​ខាងលើ​បាន​បញ្ជាក់ថា នៅពេលដែល​កុមារ​ទទួលបាន​ការអប់រំ​តាមរយៈ​ការវាយដំ នោះគេ​អាច​នឹង​មិនឃើញ​វិធីសាស្ត្រ​អ្វី​ក្រៅពី​អំពើហិង្សា​នោះទេ នៅពេលដែល​ពួកគេ​មានរឿង​ត្រូវ​ដោះស្រាយ។ យើង​រាល់គ្នា​បាន​មើលឃើញ​ហើយ​ថា យុវជន​មួយចំនួន​បាន​ប្រើប្រាស់​អំពើហិង្សា​កាប់​ចាក់​គ្នា​នៅពេលដែល​ពួកគេ​ខឹង​នរណាម្នាក់ ឬ​ក្រុម​ផ្សេង ដើម្បីឱ្យ​ក្រុម​ម្ខាង​ទៀត​ខ្លាច ឬ​រាងចាល ព្រោះថា​នៅពេល​ដែលមាន​បញ្ហា​កើតឡើងម្តងៗពួកគេ​មិនបាន​រកឃើញ​ដំណោះស្រាយ​ណា​ប្រកបដោយ​ហេតុផល​នោះទេ ព្រោះ​ក្នុង​គំនិត​របស់គេ​គឺមាន​អំពើហិង្សា​រួចជាស្រេច​ទៅហើយ។

យោងតាម​អង្គការ UNICEF នៅ​ឆ្នាំ2014 បានបង្ហាញ​ឱ្យឃើញថា កុមារ​កម្ពុជា​ចំនួន 70%ទទួលរង​នូវ​ការប្រើប្រាស់​អំពើហិង្សា​យ៉ាងហោចណាស់​មួយ​ទម្រង់​មុន​ពួកគេ​មាន​អាយុ18ឆ្នាំ ហើយ 25% ត្រូវបាន​រំលោភបំពាន​លើ​អារម្មណ៍ និង​ប្រមាណ5% បាន​ឆ្លងកាត់​ការរំលោភបំពាន​ផ្លូវភេទ ដែល​សកម្មភាព​ទាំងអស់នេះ​អាច​ប៉ះពាល់​ដល់​ការគិត​របស់​កុមារ និង​អាចធ្វើឱ្យ​ពួកគេ​ក្លាយជា​អ្នក​ដែលមាន​សកម្មភាព​អវិជ្ជមាន​នៅ​ថ្ងៃ​អនាគត៕

Advertisement