លោកឪពុក​របស់​កុមារ​រើស​សំរាម​នៅ​ស្ទឹងមានជ័យ​ទទួល​សញ្ញាបត្រ​កិត្តិយស​ផ្នែក​សង្គមកិច្ច

ផ្តើមចេញពី​ផលិតករ​នៃ​ផលិតកម្ម Hollywood ដ៏​ល្បីល្បាញ លោក Scott Neeson បាន​មកដល់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ 2004 ដើម្បី​ជួយសង្គ្រោះ​កុមារ​រើស​សំរាម​ជាច្រើន​នៅ​ស្ទឹងមានជ័យ​ឱ្យទទួល​បានការ​អប់រំ និង​ការរស់នៅ​ប្រកបដោយ​គុណ​តម្លៃ​នៅក្នុង​សង្គម។

លោក Scott Nesson ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) បានទទួល​នូវ​សមិទ្ធផល​ថ្មី​មួយទៀត​គឺ បណ្ឌិត​កិត្តិយស​ផ្នែក​សង្គមកិច្ច​ពី​សាកលវិទ្យាល័យ​សុខាភិបាល និង​វិទ្យាសាស្ត្រ​សង្គម St. Elizabeth។ នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម​សីហមុនី លោក​គឺជា​បុគ្គល​ទី2 ដែល​ទទួលបាន​សញ្ញាបត្រ​កិត្តិយស​នេះ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ស្លូ​វ៉ា​គី។

ថ្លែង​នៅក្នុង​ថ្ងៃ​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ជូន​លោក Scott Neeson  លោក​សាស្ត្រាចារ្យ​បណ្ឌិត Vladirmir Krchmery ស្ថាបនិក និង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ St. Elizabeth បាន​មានប្រសាសន៍ថា គោលបំណង​នៃ​សាកលវិទ្យាល័យ​របស់លោក​គឺ ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​បំផុត​នៅលើ​ពិភពលោក​តាមរយៈ​ការងារ​សង្គម ហើយ​សាកលវិទ្យាល័យ​នេះ​បាន​បំពេញការងារ​ផ្អែកលើ​គុណ​តម្លៃ​ស្មារតី និង​គោលការណ៍​មនុស្សធម៌​ដែល​រួមមាន ការគោរព​ចំពោះ​មនុស្ស ការការពារ​ជីវិត​មនុស្ស និង​ការអភិវឌ្ឍ​វប្បធម៌។

លោក​បណ្ឌិត Vladirmir Krchmery បាន​មានប្រសាសន៍ថា៖ «សកម្មភាព​របស់លោក Scott គឺ​ស្រដៀង​គ្នា​ទៅនឹង​សកម្មភាព​របស់​ម្ចាស់​ពានរង្វាន​ណូបែល អ្នក​មា្ត​យ Teresa ដែល​បាន​ជួយ​ដល់​មនុស្ស​ជាច្រើន​នៅលើ​ពិ​ភ​លោក ហើយ​សកម្មភាព​របស់​លោក Scott គឺជា​សកម្មភាព​មួយ​ដ៏​ល្អ​បំផុត​ដែល​បាន​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​កំពុង​ត្រូវការ​ការអប់រំ​ល្អ»។

សាស្ត្រាចារ្យ និង​ជា​ស្ថាបនិក​សាកលវិទ្យាល័យ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការវិនិយោគ​លើ​វិស័យ​អប់រំ​ជា​ផ្នែក​យ៉ាងសំខាន់​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​គ្រប់​ជនជាតិ ហើយ​នៅថ្ងៃនេះ​លោក​បណ្ឌិត Scott Neeson បានផ្តល់​ឱ្យ​កុមារ​នៅ​តំបន់​ស្ទឹងមានជ័យ​នូវ​ការអប់រំ​យ៉ាង​ល្អ ហើយ​ពួកគេ​នឹង​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់​នៅក្នុង​សង្គមជាតិ។

នៅក្នុង​ឱកាស​នោះ​លោក Scott Neeson បាន​មានប្រសាសន៍ថា៖ «ខ្ញុំ​មានការ​រំភើប​យ៉ាងខ្លាំង​ដែល​ទទួលបាន​នូវ​សញាបត្រ​បណ្ឌិត​កិត្តិយស​នៅថ្ងៃនេះ ហើយ​ខ្ញុំ​សូម​អរគុណ​ចំពោះ​សហការី​ទាំងអស់គ្នា រួមទាំងលោកយាយៗទាំងឡាយ​ដែល​យក​រូបខ្ញុំ​ធ្វើជា​កូនធម៌ ហើយ​និង​មនុស្ស​គ្រប់គ្នា​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អប់រំ និង​គាំពារ​កុមារ​ទាំងអស់​ដែល​កំពុង​ត្រូវការ​ជំនួយ​នៅ​តំបន់​ចាក់សំរាម​ស្ទឹងមានជ័យ»។

លោក Scott Neeson បានលើកឡើង​ផងដែរ​ថា លោក​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា​ពង្រឹងគុណភាព​អប់រំ​ដល់កុមារៗទាំងអស់​នៅ CCF ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការងារ​នៅក្នុង​សង្គមជាតិ ហើយ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​ដែល​មានគុណ​តម្លៃ​ខ្លាំង និង​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​សេចក្តីសុខ និង​ស្នាមញញឹម៕

Advertisement