តើជនបរទេសនៅស្រុកខ្មែរត្រូវបង់ពន្ធលើប្រាក់ខែដែរឬទេ?

ការបង់ពន្ធជាកាតព្វកិច្ចយ៉ាងសំខាន់មួយដែលប្រជាជនគ្រប់រូបត្រូវយកចិត្តទុកដាក់​ ព្រោះក្នុងនាមជាប្រជាពលរដ្ឋដែលមានការទទួលខុសត្រូវ ត្រូវតែបំពេញឱ្យបាននូវកាតព្វកិច្ចដ៏សំខាន់មួយនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ មានសំណួរបានចោទឡើងថា ប្រជាជនខ្មែរត្រូវបានច្បាប់ចែងយ៉ាងច្បាស់អំពីកាតព្វកិច្ចដែលត្រូវបង់ពន្ធតាម​លទ្ធភាពរកប្រាក់ចំណូល ឬប្រាក់ខែរបស់ខ្លួន ចុះជនបរទេសធ្វើការនៅស្រុកខ្មែរវិញ តើត្រូវបង់ពន្ធដែរឬទេ បើគាត់មិនមែនជាប្រជាជនខ្មែរផងនោះ?។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ជីវ គីមស្រូយ នាយិកា​សេវាកម្ម​ពន្ធ និង​ប្រឹក្សាយោបល់នៃក្រុមហ៊ុន Deloitte (Cambodia) Co., Ltd បានលើកឡើងថា សម្រាប់បញ្ហាជនបរទេសធ្វើការនៅកម្ពុជាគឺ តាមច្បាប់កម្ពុជាគេបែងចែកចេញជា 2ប្រភេទ។ ប្រភេទទី1 គឺជនដែល​ស្នាក់នៅកម្ពុជាលើសពី 182ថ្ងៃ ដែលយើងហៅថាជានិវេសនជន (resident) និងមួយប្រភេទទៀតដែលស្នាក់នៅតិចជាង 182ថ្ងៃ ហើយត្រឡប់ទៅប្រទេសរបស់គាត់វិញដែលយើងហៅថាជាអនិវេសនជន (non-residence)។

លោកស្រី ជីវ គីមស្រូយ បាននិយាយថា៖ «ចំពោះជនដែលជានិវេសនជន មានន័យថាគាត់បានរស់នៅ និងធ្វើការនៅកម្ពុជាច្រើនជាង​ 182ថ្ងៃ គាត់ត្រូវមានកាតព្វកិច្ចបង់ពន្ធទៅតាមច្បាប់របស់កម្ពុជា»។

លោកស្រី គីមស្រូយ បានបន្ថែមទៀតថា ចំពោះអ្នកដែល​ស្នាក់នៅ ឬរស់នៅប្រទេសកម្ពុជាតិចជាង 182ថ្ងៃ ដែលអ្នកខ្លះអាចមកធ្វើការនៅស្រុកខ្មែរតែ​ប្រមាណ 2ខែ បន្ទាប់មកគាត់ត្រឡប់ទៅផ្ទះវិញ គាត់មិនបាច់បង់ពន្ធលើប្រាក់ខែនោះទេ តែគាត់​ត្រូវបង់ប្រាក់ប្រមាណ 20% នៃ​ប្រាក់ចំណូលរបស់គាត់ក្នុងចន្លោះពេលនោះ៕

Advertisement