អ្នក​នៅ​ពីក្រោយ​ព្រឹត្តិការណ៍ធំៗបង្ហាញ​បទពិសោធ​រៀបចំ​សិក្ខាសាលា

ការរៀបចំ​សិក្ខាសាលា​គឺជា​រឿង​សំខាន់​មួយ​ដែល​មនុស្ស​គ្រប់គ្នា ជាពិសេស​យុវជន​កំពុង​ចាប់អារម្មណ៍ ព្រោះថា កម្មវិធី​ប្រភេទ​នេះ​អាចជួយ​ទាំង​អ្នករៀបចំ និង​អ្នកចូលរួម​ឱ្យ​ទទួលបាន​បទពិសោធ​ជីវិត និង​ទទួលបាន​នូវ​ភាពជោគជ័យ​លើ​ការជំរុញ​អំពើ​ល្អ និង​ចំណេះដឹង​ក្នុងសង្គម។

ជាទូទៅ​យើង​ធ្លាប់​ចូលរួម​សិក្ខាសាលា​នានា យើង​អាច​គិត​មិន​ដល់​ទេ​អំពី​ភាពលំបាក និង​ចំណុច​ប្រឈម​នានា​ទម្រាំ​កើតមាន​វេទិកា​ចែករំលែកមួយៗកើតឡើង ហើយ​ប្រហែលជា​នឹក​មិន​ដល់​ផង​ថា វេទិកា​ដែល​ធ្វើឱ្យ​អ្នក​ទាំងអស់គ្នា​រីករាយ ត្រូវ​រៀបចំ​ដោយ​ដំណាក់កាល​ណាខ្លះ។

នៅថ្ងៃនេះ ឡា​រ៉ែ​ន បាន​ជួប​សម្ភាស​ជាមួយនឹង​លោក ពេជ្រ ពិសាល ស្ថាបនិក​ក្រុមយុវជន Daily Plus ដែល​បាន​បង្កើត​សិក្ខាសាលាធំៗជាច្រើន​ដោយ​ក្នុងនោះ​មាន​និស្សិត​រាប់ពាន់​អ្នកចូលរួម និង​វាគ្មិនសំខាន់ៗជាច្រើន​មកពី​វិស័យ​សាធារណៈ និង​ឯកជន​នៅ​កម្ពុជា​ចូលរួម។

  1. តើ​ហេតុអ្វី​ទើប​គួរ​បង្កើត​សិក្ខាសាលា​មួយ​ឡើង? សិក្ខាសាលា​បានផ្តល់​ផលប្រយោជន៍​អ្វីខ្លះ​ដល់​អ្នកចូលរួម និង​អ្នកស្ម័គ្រចិត្ត​រៀបចំ​កម្មវិធី?

ការបង្កើត​សិក្ខាសាលា​មួយ​ឡើង ខ្ញុំ​ផ្តោតលើ​មូលហេតុសំខាន់ៗចំនួន3 គឺ
ទី1/ ខ្ញុំ​តែងតែ​រំពឹងថា អ្នកចូលរួម​នឹង​ទទួលបាន​ការចែករំលែក​នូវ​បទពិសោធ​ច្រើន ដែល​មិនមាន​បង្រៀន​នៅក្នុង​សាលា តែ​វា​បង្រៀន​ពី​ជីវិត​ជាក់ស្តែង ការងារ​ជាក់ស្តែង គន្លឹះ​ជាក់ស្តែង ដែល​អាច​យកទៅអនុវត្ត​ក្នុង​ជីវិត​ផ្ទាល់ខ្លួន ការងារ និង​ជំនួញ​បាន​តាមរយៈ​ការទទួលបាន​ចំណេះដឹង​ពី​ការចែករំលែក​ពី​អ្នកជំនាញ និង​វាគ្មិន​ជោគជ័យ​នានា។

ទី2/ សម្រាប់​វាគ្មិន​វិញ​គឺ​គាត់​ជា​បុគ្គល​ដែល​ឆ្លងកាត់​បទពិសោធ​ជីវិត​ច្រើន​ទាំង​ការជោគជ័យ និង​បរាជ័យ​ក្នុង​រង្វង់​ជីវិត​ផ្ទាល់ខ្លួន ការងារ ជំនួញ គ្រួសារ និង​ការសិក្សា។ ហេតុនេះ​គាត់​អាច​ប្រើ​វេទិកា​នេះ​ដើម្បី​និយាយ ផ្តល់​ដំបូន្មាន ឬ​មានឱកាស​ក្នុងការ​ចែករំលែក​នូវ​ការខិតខំ​របស់គាត់​ដល់​អ្នកចូលរួម​ដែលជា​យុវជន​ជំនាន់​ក្រោយ​ឱ្យទទួល​បាន​ចំណេះដឹង និង​បទពិសោធ​ពី​ពួកគាត់។ ម្យ៉ាងវិញទៀត វាគ្មិន​ក៏​អាចមាន​ឱកាស​ក្នុងការ​ផ្សព្វផ្សាយ​ពី​ខ្លួន​គាត់​ផ្ទាល់ និង​ពី​អាជីវកម្ម​របស់គាត់​ក្នុង​កម្មវិធី​នេះ​ផងដែរ។

ទី3/ សម្រាប់​អ្នករៀបចំ​វិញ គឺ​ពួកគាត់​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា​បទពិសោធ​ក្នុង​ការធ្វើការងារ​គ្រប់គ្រង​គម្រោង បង្កើត​បណ្តាញ​ទំនាក់ទំនង និង​ទទួលបាន​ការបណ្តុះបណ្តាល​ជាច្រើន។

 2.តើ​ការបង្កើត​សិក្ខាសាលា​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​អ្វីខ្លះ?

ការបង្កើត​គម្រោង​សិក្ខាសាលា​មួយ ប្រៀបដូចជា​យើង​បើក​ក្រុមហ៊ុន​មួយ​អ៊ីចឹង​ដែរ។ វា​ទាមទារ​ឱ្យមាន​ផ្នែក​ច្រើន ឬ​តិច​អាស្រ័យ​ទៅតាម​ទំហំ​នៃ​គម្រោង ឬ​អាជីវកម្ម។ ក្នុងដំណាក់កាល​បង្កើត​គម្រោង​មួយ យើង​ចែកជា3 ដំណាក់កាល គឺ​ដំណាក់កាល​មុន​កម្មវិធី ដំណាក់កាល​កម្មវិធី និង​ដំណាក់កាល​ក្រោយ​កម្មវិធី។

ក្នុងដំណាក់កាល​មុន​កម្មវិធី យើង​ត្រូវ​មានគំនិត ហើយ​ជ្រើស​រើសយក​ប្រធានបទ​ដែល​សំខាន់​ដើម្បី​គ្រោង​ដាក់ឱ្យ​មានការ​ពិភាក្សា​ដេញដោល បន្ទាប់មក​ទើប​សរសេរ​គម្រោង​ទាំងមូល ដោយមាន​ការចូលរួម​ពី​សមាជិក​ក្នុង​គម្រោង ដែល​សម្រាប់​ខ្ញុំ​យ៉ាងហោចណាស់​ក៏មាន​សមាជិក 4 ឬ5នាក់​ដែរ​ចូលរួម ដើម្បី​ពិភាក្សា និង​បែងចែក​ផ្នែក​ឱ្យបាន​ច្បាស់លាស់​សម្រាប់​អនុវត្ត។ បន្ទាប់ពី​បែងចែក​ផ្នែក​សម្រាប់​ប្រតិបត្តិ​ហើយ យើង​ត្រូវ​ស្វែងរក​សមាជិក​បន្ថែម​ដើម្បី​ទ្រ​ង​ទ្រង់​ឱ្យមាន​សកម្មភាព​ទៅតាម​គោលដៅនីមួយ។

ដើម្បី​អនុវត្ត​គម្រោង​ទៅបាន ថវិកា​ទ្រទ្រង់​គម្រោង​គឺជា​រឿង​សំខាន់​មួយ​ដែល​ត្រូវមាន ហេតុនេះ​ក្រុម​ទាំងមូល​ត្រូវ​ចាត់​ឱ្យមាន​ក្រុម​មួយ​ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ទៅតាម​ក្រុមហ៊ុន ដើម្បី​សុំ​ការចូលរួម​ឧបត្ថម្ភ​ថវិកា ឬ​សម្ភារ​ដើម្បី​ធានាថា យើង​អាច​កាត់បន្ថយ​ការចំណាយ​បាន និង​ផ្តល់​ផលចំណេញ​តប​ទៅវិញ​សមស្រប​សម្រាប់​ក្រុមហ៊ុន​ដែល​ឧបត្ថម្ភ។ បន្ទាប់មក ការលក់​សំបុត្រ ក៏​អាចជា​វិធីសាស្ត្រ​មួយ​ក្នុង​ការប្រមូល​អ្នកចូលរួម និង​ជា​ជំនួយ​ដល់​ការចំណាយ​ទាំងស្រុង​ផងដែរ។

ក្នុងដំណាក់កាល​កម្មវិធី គឺ​ត្រូវ​បែងចែក​តួនាទី​តាម​ផ្នែកនីមួយៗ មានដូចជា​ផ្នែក​ពិធីករ ពិធី​ការិនី ផ្នែក​បដិសណ្ឋារកិច្ច ផ្នែក​ចុះឈ្មោះ ផ្នែក​គ្រប់គ្រង​សណ្តាប់ធ្នាប់ និង​ផ្នែក​ថតរូប​ជាដើម។ បន្ទាប់មក​ត្រូវ​ចាត់ចែង​ឱ្យ​ច្បាស់​ពី​ការគ្រប់គ្រង​របៀបវារៈ​ឱ្យបាន​រលូន​ដើម្បី​ធានាថា ផែនការ​ធ្វើទៅបាន​ដោយ​រលូន។

ក្នុងដំណាក់កាល​ក្រោយ​កម្មវិធី គឺជា​ពេលដែល​គម្រោង​ត្រូវ​បញ្ចប់ ឬ​កម្មវិធី​ត្រូវ​បញ្ចប់ អ្នករៀបចំ​គម្រោង​ត្រូវ​សរសេរ​របាយកាណ៍​ពី​កម្មវិធី និង​បង្ហាញ​ពី​លទ្ធផល​ទៅកាន់​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​វិញ។

3.អ្វី​ជា​ចំណុច​ប្រឈម​ដែល​តែងតែ​កើតមាន​នៅពេល​បង្កើត​សិក្ខាសាលា​ឡើង?

ចំណុច​ប្រឈម​ដែល​តែងតែ​កើតមានឡើង​ក្នុង​សិក្ខា​លា​លា វា​មាន​តិច ឬ​ច្រើន​ទៅតាម​ការរៀបចំ​រួចជាស្រេច​មុនពេល​ដំណើរការ​កម្មវិធី។ ភាគច្រើន មានដូចជា​បញ្ហា​បច្ចេកទេស​ភ្លើង សំឡេង អាកាសធាតុ ទីតាំង​កម្មវិធី ការគ្រប់គ្រង​សណ្តាប់ធ្នាប់​មិនបាន​ល្អ និង​ចំណុច​មួយចំនួនទៀត។

4.តើ​ការប្រមូល​ថវិកា​ដើម្បី​បង្កើត​សិក្ខាសាលា និង​ការចំណាយ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ធានាថា សិក្ខាសាលា​អាចធ្វើ​បាន​ប្រកបដោយ​ភាពជោគជ័យ និង​រៀបរយ?

គម្រោង​មួយ​ដំណើរការ​ទៅបាន គឺ​ត្រូវមាន​ថវិកា​គ្រប់គ្រាន់ ដូច្នេះ​ផ្នែក​ហិរញ្ញវត្ថុ​ត្រូវធ្វើ​ផែនការ​ដើម្បី​ការចំណាយ​ទាំងមូល​ឱ្យបាន​ច្បាស់លាស់។ ការធ្វើ​គម្រោង​ចំណាយ គឺ​អ្នករៀបចំ​ត្រូវ​ប្រជុំពិភាក្សា​ពី​តម្រូវការ​តាម​ផ្នែកនីមួយៗ និង​តម្រូវការ​បម្រុង​ទុក​ឱ្យបាន​ត្រឹមត្រូវ បន្ទាប់មក​ទើប​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ដើម្បី​ផ្គត់ផ្គង់។

៥. តើ​លោក​មានមតិ​យោបល់​អ្វី​ផ្តាំផ្ញើ​ដល់​យុវជន​ដែល​ចង់​ស្វែងយល់​ពី​ការបង្កើត​សិក្ខាសាលា​ដែរឬទេ?

សម្រាប់​មតិយោបល់​ដែល​ចង់​ផ្តាំផ្ញើ​ដល់​យុវជន​នោះ​គឺ យុវជន​ទាំង​អស់​គួរតែ​ចូលរួម​ក្នុង​ការចូលរួម​ស្ម័គ្រចិត្ត ដឹកនាំ​គម្រោង ឬក៏​ស្ម័គ្រចិត្ត​ក្នុង​ផ្នែក​ណាមួយ​នៃ​គម្រោង ជាពិសេស​និស្សិត​ឆ្នាំ​ទី1 ទៅ2 គួរតែ​ចូលរួម។ ការចូលរួម​ស្ម័គ្រចិត្ត​ក្នុង​គម្រោង​មួយ ធ្វើឱ្យ​យើង​ស្គាល់​ពី​ខ្លួនឯង​កាន់តែច្បាស់ បង្កើត​បណ្តាញ​ទំនាក់ទំនង មាន​បទពិសោធ​ក្នុង​ការងារ មាន​ការគិត​ស៊ីជម្រៅ មាន​ភាពជា​អ្នកដឹកនាំ មាន​ភាពជា​សហគ្រិន រៀនធ្វើការ​ងារ​ជា​ក្រុម បង្កើត​ក្ដី​ក្លាហាន និង​ជំនឿ​ជាក់​លើ​ខ្លួនឯង និង​មានឱកាស​ជាច្រើន​ទៀត។ ការដឹកនាំ​គម្រោង​មួយ​ប្រៀបដូចជា​យើង​កំពុង​គ្រប់គ្រង និង​ដឹកនាំ ខ្លួនឯង គ្រួសារ ក្រុមហ៊ុន​មួយ ឬក៏​សង្គម​អ៊ីចឹង​ដែរ ដែល​យើង​នឹងមាន​ឱកាស​ក្នុង​ការជួប​បញ្ហា​ជាច្រើន ទាំង​ការបរាជ័យ និង​ជោគជ័យ​ផងដែរ៕

Advertisement