ក្រសួងអប់រំជំរុញការ​លើកតម្លៃស្ត្រី និងសមភាពយេនឌ័រក្នុងការអប់រំ

ទោះបីជាមានការអភិវឌ្ឍ​លើវិស័យអប់រំ និងសង្គមបានដើរទៅមុខយ៉ាងលឿនក៏ដោយ តែកូនស្រីនៅកម្ពុជា​ក៏​នៅមានបញ្ហាវិសមភាព​លើវិស័យអប់រំដដែល ជាពិសេសនៅតំបន់ជនបទ។ បញ្ហាទាំងនេះ បានជំរុញឱ្យមានការតស៊ូមតិ​ក្នុងចំណោម​ភាគីពាក់ព័ន្ធនានាដើម្បីធ្វើយ៉ាងណាលើកកម្ពស់ស្រ្តីកម្ពុជាឱ្យមានលទ្ធភាពគ្រប់គ្រាន់ដើម្បីសិក្សា​ឱ្យស្មើនឹងបុរស។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងគាំទ្រ​ឱ្យមានការលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យពាក់ព័ន្ធ។ ហើយជាក់ស្ដែងការជួយមន្រ្តីរាជការស៊ីវិល​ជាស្រ្តី គឺហាក់បីដូចជាកំពុងជួយខ្លួនឯង និងសង្គមជាតិទាំងមូល ព្រោះស្ត្រី​ជាចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍសម្រាប់សង្គមជាតិ។

ថ្លែងនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំរបស់ស្ត្រីលើវិស័យអប់រំ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ស្ត្រីជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គម។ ការកសាងបណ្តាញភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី គឺជាការចូលរួមក្នុងការកសាងផែនការយុទ្ធសាស្រ្តអប់រំ ចែករំលែកចំណេះដឹង និងបទពិសោធទៅវិញទៅមកដល់យុវជននៅតាមគ្រឹះស្ថានអប់រំនានា ចូលរួមដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងស្ត្រី។

លោកជំទាវ គឹម សេដ្ឋានី បាននិយាយថា៖ «បណ្តាញអ្នកដឹកនាំស្ត្រីនឹងប្រមូលផ្តុំស្ត្រីដែលមានតួនាទីចាប់ពីអនុប្រធានការិយាល័យរហូតដល់ថ្នាក់ក្រសួងដើម្បីគាំទ្រ និងលើកទឹកចិត្តគ្នាដើម្បីលើកកម្ពស់វិស័យអប់រំសម្រាប់ស្ត្រី។ តាមរយៈសកម្មភាពនេះស្ត្រីមកពីក្រសួងនានា នឹងបានចែករំលែកបទពិសោធចំណេះដឹង និងដំណោះស្រាយសង្គមៗសម្រាប់អភិវឌ្ឍសង្គម»។

​បង្ហាញការគាំទ្រលើគម្រោងនេះ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង គន្ថាផាវី បានលើកឡើងថា ក្រសួងអប់រំ គួរបន្ថែមគ្រូបង្រៀនដែលជាស្រ្តី សាងសង់អន្តេវាសិកដ្ឋាន និងផ្តល់អាហារូបករណ៍​ដល់សិស្ស​នារីឱ្យបានច្រើន​ដើម្បីសមភាពយេនឌ័រក្នុងវិស័យអប់រំ។

លោកជំទាវក៏បានណែនាំឱ្យបណ្តាញស្ត្រីដែលទើបនឹងត្រូវបានបង្កើតឡើងនេះ បង្កើនការផ្សព្វផ្សាយអប់រំ និងពន្យល់ដល់អាណាព្យាបាលមួយចំនួនឱ្យពួកគាត់ផ្លាស់ប្តូរឥរិយាបថ ឬគំនិតអវិជ្ជមានលើកូនស្រី ដើម្បីផ្តល់​ឱកាសដល់កូនស្រីឱ្យបានរៀនសូត្រដូចកូនប្រុសដែរ៕

Advertisement