យុវជន​​ប្រើ​បណ្តាញ​សង្គម​ខុស​គោលដៅ​នឹង​ធ្វើឱ្យ​ចំណេះដឹង​កាន់តែ​រេចរឹល

ភាពទំនើប​នៃ​បច្ចេកវិទ្យា​បាន​ផ្លាស់ប្តូរ​ការរស់នៅ​រប​ស់មនុស្ស​សម័យថ្មី​យ៉ាងច្រើន ជាពិសេស​ការយល់ដឹង និង​ការទទួលបាន​ព័ត៌មាន។ ថ្វីត្បិតតែ​បណ្តាញ​បច្ចេកវិទ្យា ជាពិសេស​បណ្តាញ​ទំនាក់ទំនង​សង្គម មនុស្ស​គ្រប់គ្នា​អាច​ទទួលបាន​ព័ត៌មាន​ច្រើន តែ​ពេលខ្លះ​ព័ត៌មាន​ទាំងអស់នោះ​ក៏បាន​បំពុល ឬ​ធ្វើឱ្យប៉ះពាល់​ដល់​ការគិត​របស់​ពួកគេ​វិញ​ដែរ បើសិនជា​យុវជន​មិន​យល់​ពី​ការប្រើប្រាស់​បណ្តាញ​សង្គម។

ថ្លែង​នៅក្នុង​ទិវា​នៃ​ការអាន ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា ប្រព័ន្ធ​បច្ចេកវិទ្យា​មាន​សារៈសំខាន់ និង​ជួយ​ឱ្យ​យុវជន​មាន​ភាពងាយស្រួល​ក្នុង​ការសិក្សា​ស្រាវជ្រាវ តែ​យុវជន​កម្ពុជា​មួយចំនួន​នាពេល​បច្ចុប្បន្ននេះ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​មិនទាន់​ត្រូវ​គោលដៅ​នោះទេ ដែល​វា​បានផ្តល់​ផលប៉ះពាល់​ជាច្រើន​ដល់​ពូកគេ។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​និយាយថា៖ «ឥឡូវនេះ​បច្ចេកវិទ្យា​ជួយ​បាន​ច្រើន ការរក​សៀវភៅ​ក៏​ងាយស្រួល​ផងដែរ​តាម​បណ្តាញ​បច្ចេកវិទ្យា តែ​ពេលខ្លះ​ដោយសារតែ​យើង​ប្រើ​វា​ខុស​គោលដៅ យើង​បែរជា​ចេញ​ឆ្ងាយ​ពី​ការអាន​ទៅវិញ»។

រដ្ឋមន្ត្រីក្រសួង​អប់រំ ចង់ឱ្យ​យុវជន​យល់ដឹង​ឱ្យបាន​កាន់តែ​ទូលំទូលាយ​លើ​ការប្រើប្រាស់​បណ្តាញ​សង្គម តាមរយៈ​ការពន្យល់ និង​អប់រំ​ពី​គ្រឹះស្ថាន​អប់រំ និង​អាណាព្យាបាល ដើម្បីឱ្យ​ពួកគេ​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ឱ្យមាន​ប្រយោជន៍ បើ​មិន​ដូច្នោះ​ទេ យុវជន​នឹង​ខិត​កាន់តែ​ឆ្ងាយ​ពី​ការអប់រំ ហើយ​ធ្វើឱ្យ​សមត្ថភាព​ពួកគេ​ថយចុះ​ទៅវិញ។

បន្ថែម​កាន់តែ​លម្អិត​លើ​បញ្ហា​ទាំងអស់នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារិទ្ធ បាន​លើកឡើងថា បណ្តាញ​សង្គម គ្រាន់តែ​ជា​កន្លែង​ផ្តល់ដំណឹង​មួយផ្នែក​តែប៉ុណ្ណោះ វា​មិនបាន​ផ្តល់​ចំណេះដឹង និង​ភាពច្បាស់លាស់​ដូចជា​សៀវភៅ​នោះទេ។

ឯកឧត្តម ខៀវ កាញារិទ្ធ បាន​មានប្រសាសន៍ថា៖ «បណ្តាញ​សង្គម Facebook ឬ YouTube មិនមែនជា​ផលិតផល​សម្រេច​នោះទេ​សម្រាប់​ការផ្តល់ ឬ​ទទួលយក​ព័ត៌មាន»។

ឯកឧត្តម បានលើកឡើង​ផងដែរ​ថា យុវជន​មួយចំនួន​បាន​ងាក​ចេញពី​ការអាន​មក​មើល​បណ្តាញ YouTube ដើម្បី​ទទួលបាន​ចំណេះដឹង ឬ​ពឹងផ្អែក​ច្រើន​លើ​បណ្តាញ Facebook តែ​តាមពិតទៅ​បណ្តាញ​ទាំងនេះ​មិន​បង្ហាញ​អស់ពី​អ្វី​ដែលជា​គុណ​តម្លៃសំខាន់ៗនោះទេ។ ពេលខ្លះ​ព័ត៌មាន​នៅលើ​បណ្តាញ​សង្គម គឺ​ត្រូវបាន​បញ្ចូល​ដោយ​ប្រភព​ជាច្រើនផ្សេងៗគ្នា ដែល​វា​អាចជា​ព័ត៌មាន​មិន​ត្រឹមត្រូវ  តែ​សម្រាប់​សៀវភៅ​គឺអាច​ផ្តល់​ការគិត​ច្រើន និង​ពិចារណា​ច្រើនជាង​ការសិក្សា​ដែល​គ្រាន់តែ​មើល​តាម​បណ្តាញ​សង្គម។ ម្យ៉ាងវិញទៀត អ្នកមើល Facebook ភាគច្រើន​មិនបាន​មើល​ឱ្យ​អស់ពី​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​នោះទេ ពួកគាត់​មើល​តែ​ព័ត៌មាន​ទាំងឡាយណា​ដែល​គាត់​ពេញចិត្ត​មើល​តែប៉ុណ្ណោះ ហេតុនេះ​វា​អាចធ្វើឱ្យ​គាត់​បាត់បង់​ភាព​ចម្រុះ​នៃ​គំនិត​ដែល​អាចធ្វើឱ្យ​គាត់​គិត​មិនបាន​ទូលាយ។

លោក សុខ ឡាក់ ស្ថាបនិក​បណ្ណាល័យ​បញ្ញវន្ត បាន​លើកឡើងថា បណ្តាញ​សង្គម​សំខាន់  តែ​ពេលខ្លះ​ព័ត៌មាន​មិន​ពិតជា​ច្រើន​ត្រូវបាន​គេ​ដា​ក់លើ​បណ្តាញ​សង្ក​ម ប្រសិនបើ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មិន​ប្រយ័ត្ន ឬ​មិនបាន​ពិចារណា​ឱ្យបាន​ដិតដល់​ទេនោះ គាត់​អាចនឹងទទួល​ផល​អវិជ្ជមាន​សម្រាប់​ខ្លួន​គាត់។ ដើម្បី​មាន​មូលដ្ឋាន​នៃ​គំនិត​ដើម្បី​ពិចារណា​លើ​ព័ត៌មាន​ថា ពិត ឬ​មិន​ពិត ការអាន​សៀវភៅ​អាចជា​ជម្រើស​ល្អ​មួយ ព្រោះថា ការ​ចងក្រង​ជា​សៀវភៅ​គឺ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន ទើប​វា​មាន​ភាព​សុក្រឹត​ខ្ពស់ជាង៕

Advertisement