រៀន2មហាវិទ្យាល័យ​មិន​ប្រាកដថា ជា​ជម្រើស​ត្រឹមត្រូវ​នោះទេ

ដោយសារតែ​កំណើន​នៃ​មហាវិទ្យាល័យ និង​ភាព​បើកទូលាយ​សម្រាប់​ការជ្រើសរើស​មហាវិទ្យាល័យ និស្សិត​មួយចំនួន​នៅ​កម្ពុជា​ចាប់ផ្តើម​ជ្រើសរើស​សិក្សា 2 មហាវិទ្យាល័យ​ដែល​សកម្មភាព​នេះ​ត្រូវបាន​គេ​មើលឃើញថា បានផ្តល់​ផល​ល្អ និង​ផល​អវិជ្ជមាន​មួយចំនួន​នៅក្នុង​នោះ។

ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការជ្រើសរើស​ជំនាញ​នៅ​មហាវិទ្យាល័យ ឧកញ៉ា គួច ម៉េង​លី បាន​លើកឡើងថា ការសិក្សា 2មហាវិទ្យាល័យ​មិន​ប្រាកដថា ជា​ជម្រើស​ល្អ​នោះទេ ព្រោះថា ការសិក្សា​នៅ​មហាវិទ្យាល័យ​តម្រូវឱ្យមាន​ការអនុវត្ត​ច្រើន ដែល​ទាមទារ​ឱ្យ​និស្សិត​ត្រូវ​ចំណាយពេល​សមល្មម​នៅក្នុង​សាលា ហើយ​ចំណាយពេល​ច្រើន​ផ្សេងទៀត​នៅក្នុង​ពិភព​ការងារ​ជាក់ស្តែង។ ការសិក្សា​តែ1មហាវិទ្យាល័យ​ជា​ជម្រើស​ល្អ​បំផុត​ដែល​អាច​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ការអនុវត្ត​នូវ​ទ្រឹស្តី​ដែល​បាន​រៀន តាមរយៈ​ការធ្វើការងារ​ស្ម័គ្រចិត្ត ឬ​ដាក់ពាក្យ​ធ្វើ​ការងារ​ហាត់​ការ​ក្នុង​ស្ថាប័ន​ដែល​ត្រូវ​នឹង​ជំនាញ​ដែល​កំពុង​សិក្សា​ប្រចាំថ្ងៃ។

លោក​ឧកញ៉ា គួច ម៉េង​លី បាន​និយាយថា៖ «អ្នករៀនម្នាក់ៗត្រូវតែមាន​គោលដៅ​ច្បាស់លាស់​ដើម្បី​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​អាជីព​ការងារ។ ឆ្នាំ​ទី1 ខំរៀន​ឱ្យ​ខ្លាំង​បំផុត​ពី​មូលដ្ឋានគ្រឹះ ហើយ​ធ្វើយ៉ាងណា​ឱ្យមាន​គ្រឹះ​រឹងមាំ​ហើយ ឆ្នាំ​ទី2 ត្រូវ​ស្វែងរក​ការងារ​ណាមួយ​ដើម្បី​ធ្វើ​ពី​តំណែងតូចៗទៅឱ្យ​បានល្អ​បំផុត ចុងក្រោយ​យើង​នឹង​អាចមាន​ទាំង​បទពិសោធ​ការងារ​មាន​ទាំង​ចំណេះដឹង​ពិតប្រាកដ។ ហេតុនេះ ការរៀន​តែមួយ​មហាវិទ្យាល័យ អាចធ្វើឱ្យ​យើង​ទទួលបាន​ជោគជ័យ​ខ្ពស់ជាង»។

ស្ថាបនិក​គ្រឹះស្ថាន​អប់រំ Start Up Cambodia លោក គីម ដា​រ៉ា បានលើកឡើង​ផងដែរ​ថា និស្សិត​ភាគច្រើន​នៅពេល​បច្ចុប្បន្ននេះ​ចូលចិត្ត​សិក្សា 2មហាវិទ្យាល័យ ដោយ​ក្នុងនោះ​គាត់​សិក្សា​រៀន​មហាវិទ្យាល័យ​ជំនាញ​មួយ និង​រៀន​ភាសា​អង់គ្លេស​មួយទៀត។ ចំណុច​នេះ ពេលខ្លះ​អាចធ្វើឱ្យ​គាត់​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​មិន​ចំ​គោលដៅ ព្រោះថា ការសិក្សា​ភាសា​នៅ​មហាវិទ្យាល័យ​គឺ​គេ​សិក្សា​ទូទៅ តែ​សម្រាប់​អ្នក​ដែលមាន​គោលដៅ​ច្បាស់លាស់​គេ​រៀន​អ្វីដែល​ត្រូវ​នឹង​សមិទ្ធផល​ដែល​គេ​ចង់បាន​តែម្តង។

លោក គីម ដា​រ៉ា បាន​និយាយថា៖ «ខ្ញុំ​ធ្លាប់​សិក្សា​ភាសា​អង់គ្លេស​ទូទៅ​ផង និង​សិក្សា​ជំនាញ​ដែល​ខ្ញុំ​ស្រឡាញ់​នៅ​មហាវិទ្យាល័យ​ផង តែ​នៅពេលដែល​ខ្ញុំ​កំណត់​គោលដៅ​ចង់​ប្រឡង​អាហារូបករណ៍​ទៅ​បរទេស ខ្ញុំ​ឃើញថា ការសិក្សា​ទូទៅ​នេះ​ខាត​ពេល​ច្រើន ហេតុនេះ​ខ្ញុំ​ចាប់ផ្តើម​ជ្រើសរើស​វគ្គ​សិក្សា​ដែល​ត្រូវ​នឹង​ជំនាញ​តែម្តង»។

លោក គីម ដា​រ៉ា បាន​បន្ថែមទៀតថា ពេលខ្លះ​ការដាក់​គោលដៅ​ច្បាស់លាស់​សម្រាប់​សិក្សា ហើយ​ប្រើ​គ្រប់​លទ្ធភាព​ដើម្បី​សម្រួច​ឱ្យ​ច្បាស់លាស់​លើ​ការសិក្សា​នៅ​មហាវិទ្យាល័យ​តែមួយ​អាច​ជំរុញ​ឱ្យ​យើង​ដើរ​លឿន​ហើយ​ឆាប់​ដល់​គោលដៅ​ជាង៕

Advertisement