មុន​ចេញ​រកស៊ី​គួរប្រើ​សមត្ថភាព​របស់​ខ្លួនឯង​ឱ្យអស់​សិន

សហគ្រិនភាព ជា​អ្វីដែល​មនុស្ស​សម័យថ្មី​ចាប់អារម្មណ៍​បំផុត ព្រោះថា ភាពជា​សហគ្រិន​គឺអាច​ឱ្យគេ​កំណត់​វាសនា​ជីវិត​ដោយផ្ទាល់​ខ្លួន អាចជួយ​ឱ្យ​អ្នកដទៃ​មានការ​ងារ​ធ្វើ និង​ហើយ​ថែមទាំង​អាចជួយ​សង្គមជាតិ​បាន​ទៀតផង។

ដោយសារតែ​ចរន្ត​នៃ​ការកែ​ប្រែខ្លួន​ពី​អ្នកធ្វើការងារ​ឱ្យគេ មក​ក្លាយជា​ម្ចាស់​អាជីវកម្ម​ខ្លួនឯង បានធ្វើឱ្យ​មនុស្ស​មួយចំនួន​ជោគជ័យ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ ជីវិត​គ្រួសារ និង​កេរ្តិ៍ឈ្មោះ​ក្នុងសង្គម​ធ្វើឱ្យ​យុវជន​មួយចំនួន​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង តែ​ជា​អកុសល​អាជីវកម្ម​មួយចំនួនធំ​ត្រូវបាន​បិទ​ទៅវិញ​ក្នុង​រយៈពេល​ដ៏​ខ្លី។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឆាក់ សុជាតិ ម្ចាស់​ក្រុមហ៊ុន​សេដ្ឋីនី បាន​លើកឡើងថា មាន​មូលដ្ឋានគ្រឹះ​ច្រើន​ដែល​អាចជា​ចំណុចសំខាន់ៗសម្រាប់​ការធ្វើ​ជំនួញ តែ​ក្នុងនោះ​ការតាំង​ចិត្ត និង​ការប្រើប្រាស់​ឱ្យ​អស់ពី​សមត្ថភាព​ខ្លួនឯង​ជា​រឿង​សំខាន់​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​សម្រាប់​អ្នក​ដែល​ចង់​ក្លាយជា​សហគ្រិន។

លោក ឆាក់ សុជាតិ បាន​និយាយថា៖ «អ្នករកស៊ី គឺជា​អ្នក​ដែលមាន​ការតស៊ូ និង​ប្រើប្រាស់​សមត្ថភាព​របស់​ខ្លួន​បាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន។ តែ​មនុស្ស​ទូទៅ​ហាក់​មិនបាន​ខ្វល់ខ្វាយ​ពី​រឿងនេះ​ទេ ព្រោះថា ពេលខ្លះ​ពួកគេ​ចង់បាន​របស់​ថ្មី ចង់​បង្កើត​អាជីវកម្ម​ថ្មី តែ​របស់​ដែល​គេ​មាន​រាល់ថ្ងៃនេះ​ប្រើ​វា​មិន​អស់​ផង តើ​នឹង​បាន​របស់​ថ្មី​មកពីណា​កើត?»។

ចំណុច​នេះ លោក សុជាតិ បានបញ្ជាក់​ផងដែរ​ថា នៅពេលដែល​មនុស្ស​ទូទៅ ឬ​បុគ្គលិក​ដែលមាន​បំណង​ចង់​ប្រែខ្លួន​ពី​អ្នកធ្វើការ​ឱ្យគេ​ទៅជា​សហគ្រិន គាត់​តែងតែ​ស្រមៃ​ឃើញ​រូបភាពធំៗហួស​ពីអ្វី​ដែល​គាត់​អាច​ធ្វើបាន បន្ទាប់មក​ក៏​បរាជ័យ។ តាមពិតទៅ គន្លឹះ​សំខាន់​ដើម្បី​ឈានទៅរក​ភាពជា​សហគ្រិន​ជោគជ័យ ឬ​ទទួលបាន​សមិទ្ធផល​ថ្មី​ក្នុង​ជីវិត គឺ​ការប្រើប្រាស់​សមត្ថភាពរ​បស់​ខ្លួនឯង​ផ្ទាល់។

មនុស្សម្នាក់ៗមាន​សមត្ថភាព​ផ្ទាល់ខ្លួន ដូចជា​អ្នកខ្លះ​ពូកែ​ទំនាក់ទំនង ពូកែ​និយាយ ពូកែ​សរសេរ ឬ​ពូកែ​ផ្នែក​បច្ចេកវិទ្យា​ជាដើម តែ​ប្រសិនបើ​យើង​មិនបាន​ប្រើប្រាស់​នូវ​បំ​ណិ​ន​ជីវិត​ទាំងអស់នោះ​ឱ្យ​អស់ពី​លទ្ធភាព​ទេ យើង​ក៏​មិនអាច​ទទួលបាន​នូវ​ភាពជោគជ័យ​ដែរ។ លោក​ថា មនុស្ស​ទូទៅ ចង់​ក្លាយជា​បុគ្គល​ដែល​ខ្លាំង មាន​របស់​ដែល​មិន​ធ្លាប់មាន តែ​ពួកគេ​មិន​ព្រម​ផ្លាស់ប្តូរ​ឥរិយាបថ​ផ្ទាល់ខ្លួន មិន​ព្រម​ខិតខំ​ឱ្យ​ខ្លាំង និង​មិន​ព្រមធ្វើ​សកម្មភាព​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើទៅ​បានទេ តែ​បែរជា​នៅតែ​បន្តធ្វើ​រឿងដដែលៗ និង​មិន​ព្រម​ខិតខំ។

លោក ឆាក់ សុជាតិ បាន​និយាយ​ផងដែរ​ថា ៖ «ជាក់ស្តែង យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយពី​រឿង​មិន​ជួន​គ្នា​មួយ រវាង​ការយល់​ខុស​របស់​អ្នកគ្រប់គ្រង និង​បុគ្គលិក។ អ្នកគ្រប់គ្រង​គិតថា ទាល់តែ​បុគ្គលិក​ខំ ទើប​ដំឡើង​ប្រាក់ខែ​ឱ្យ តែ​បុគ្គលិក​បែរជា​គិតថា ទាល់តែ​មេ​បើកប្រាក់​ខែ​ឱ្យ​ទើប​ខំ ដោយ​ភ្លេច​គិតថា ជោគជ័យ​គ្រប់យ៉ាង​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល គឺ​អាស្រ័យ​លើ​ការប្រឹងប្រែង​របស់គាត់​ផ្ទាល់​ដោយ​មិន​ស្ថិត​លើ​បរិស្ថាន​ខាងក្រៅ ឬ​អ្នកដទៃ​នោះទេ»។

សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថា មនុស្សម្នាក់ៗមាន​សមត្ថភាព​ច្រើន​ហួស​ពី​ការ​ស្មាន គ្រាន់តែ​ពេលខ្លះ​ពួកគេ​មិនដឹង​ខ្លួន​ថា គេ​ខ្លាំង​តែប៉ុណ្ណោះ ហេតុនេះ​ជា​ដំណោះស្រាយ​សំខាន់​ដែល​គេ​អាចធ្វើ​បាន​គឺ ខំ​ធ្វើឱ្យ​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន ទាំង​នៅក្នុង​ការងារ ឬ​ក្នុង​អាជីវកម្ម។ នៅពេលដែល​មនុស្ស​ដាក់​គោលដៅ​ថា ចង់​ធ្វើ​អ្វីមួយ​ឱ្យ​រីកចម្រើន យើង​ត្រូវតែ​គិត​ឱ្យបាន​គ្រប់​វិធី ហើយ​ធ្វើយ៉ាងណា​ប្រើប្រាស់​សមត្ថភាព​ផ្ទាល់ខ្លួន​ដើម្បី​ជម្នះ​គ្រប់​ឧបសគ្គ​ដែល​កំពុង​ជួបប្រទះ ទីបំផុត ក្រោយ​ទៅដល់​គោលដៅ ឬ​ក្លាយជា​សហគ្រិន​ម្នាក់ យើង​នឹង​មើលឃើញថា យើង​បាន​រកឃើញ​នូវ​សក្តានុពល​ដ៏​ខ្លាំងក្លា​របស់ខ្លួន​ឯង​ផ្ទា​ល់ហើយ៕

Advertisement