គន្លឹះ​មួយចំនួន​សម្រាប់​អ្នក​ចង់​ក្លាយជា​អ្នកសម្របសម្រួល​កិច្ចពិភាក្សា

ដោយសារតែ​កំ​ណើ​នៃ​សិក្ខាសាលា និង​កម្មវិធី​វេទិកា​តុមូល (penal discussion) នាពេល​បច្ចុប្បន្ននេះ យុវជន​មួយចំនួន​ចាប់ផ្តើមបាន​ស្គា​ល់ពី​តម្លៃ​នៃ​ចំណេះដឹង និង​ការចែករំលែក​នូវ​មេរៀន​ជីវិត ក៏ដូចជា​ជំនាញ​បច្ចេកទេស​ជាច្រើន​ពី​អ្នកជំនាញ។

សិក្ខាសាលា​មួយ ឬ​កិច្ចពិភាក្សា​មួយ​អាចមាន​ភាពរស់រវើក​ទៅបាន លុះត្រា​តែមាន​អ្នករៀបចំ​កម្មវិធី ដែល​ក្នុងនោះ​ក៏មាន​អ្នកសម្របសម្រួល​កម្មវិធី​ជជែក​ពិភាក្សា​ដែរ ព្រោះ​ពួកគេ​ជា​អ្នក​ដាស់​ភាពរស់រវើក និង​ឆ្កឹះ​ចំណុចរសើប​ក្នុង​ប្រធានបទ​ដើម្បីឱ្យ​វាគ្មិន​ឆ្លើយ​បកស្រាយ។

ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយចំនួន​សម្រាប់​អ្នក​ដែល​ចង់​ក្លាយជា​អ្នកសម្របសម្រួល​កម្មវិធី​កិច្ចពិភាក្សា​នានា។

1.ស្គាល់​ប្រធានបទ និង​វាគ្មិន

អ្នកសម្របសម្រួល​កិច្ចពិភាក្សា (moderator) ជា​អ្នក​ដែល​ដឹកនាំ​កម្មវិធី​ពិភាក្សា​ទាំងមូល​ឱ្យមាន​របៀបរៀបរយ និង​បំផុស​ឱ្យ​អ្នកចូលរួម​មាន​ចម្ងល់ ឬ​រីករាយ​តាម​ការកែច្នៃ​ជាក់ស្តែង​របស់គាត់​ទៅតាម​ស្ថានការណ៍​នៅលើ​ឆាក។ ដើម្បី​បង្កើត និង​ដឹកនាំ​កិច្ចពិភាក្សា​បានល្អ លុះត្រាតែ​អ្នកសម្របសម្រួល​ស្គាល់​ប្រធានបទ​ច្បាស់ និង​វាគ្មិន​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន។

ការ​ស្គាល់​ប្រធានបទ​ច្បាស់ អាច​កើតចេញពី​ការពិភាក្សា​ជាមួយ​អ្នករៀបចំ​ប្រធានបទ​សម្រាប់​វាគ្មិនម្នាក់ៗ និង​សិក្សា​ស្រាវជ្រាវ​ពី​រឿងរ៉ាវសំខាន់ៗពាក់ព័ន្ធ​នឹង​ប្រធានបទ​ដែល​វា​ក៏​ជាត​ម្លៃ​សំខាន់​មួយ​សម្រាប់​អ្នកសម្របសម្រួល​ផងដែរ​ក្នុងការ​តម្រង់ទិស​វេទិកា​ប្រសិនបើ​វាគ្មិន​ឆ្លើយ​មិន​ស្រប​នឹង​ស្ថានភាព​ជាក់ស្តែង ឬ​ខុសពី​អ្វី​ដែលជា​ការពិត។ ម្យ៉ាងវិញទៀត ការ​ស្គាល់ និង​ភាព​ប៉ិនប្រសប់​ក្នុង​ការមើល​មនុស្ស ជា​ចំណុច​សំខាន់​មួយ​ដែល​អ្នកសម្របសម្រួល​ត្រូវតែ​ចេះ ព្រោះថា វាគ្មិន​អាចមាន​ចរិត​ផ្សេងគ្នា ដោយ​អ្នកខ្លះ​ចូលចិត្ត​ឱ្យមាន​ការសួរដេញដោល​លើ​ចំណុចរសើប អ្នកខ្លះ​ចូលចិត្ត​លេងសើច អ្នកខ្លះ​ប្រកាន់​ច្រើន ឬ​អ្នក​ខ្លះទៀត​ចូលចិត្ត​ពង្វាង​ចម្លើយ​ជាដើម។ នៅពេលដែល​អ្នកសម្របសម្រួល​ស្គាល់​ពី​ស្ថានភាព​របស់​អ្នកឆ្លើយ​បាន​ហើយ គាត់​នឹង​អាច​ច្នៃ​សំណួរ និង​ប្រើប្រាស់​ពាក្យពេចន៍​ដើម្បី​ធ្វើយ៉ាងណា​ដឹកនាំ​កិច្ចពិភាក្សា​ឱ្យទទួល​បាន​ជោគជ័យ។

  1. ចាប់​ចំណុច​មិនសូវ​ច្បាស់ ឬ​ចំណុចរសើប​ដើម្បី​សួរ​លម្អិត

នៅក្នុង​សង្គម​ជាក់ស្តែង មានរឿង​ជាច្រើន​ដែលជា​ចម្ងល់​សម្រាប់​មនុស្ស​ទូទៅ ហើយ​ចម្ងល់​ទាំងអស់នោះ​ក៏​អាចជា​ចម្ងល់​របស់​អ្នកចូលរួម​ស្តាប់​កិច្ចពិភាក្សា​ដែរ ហេតុនេះ​ប្រសិនបើ​អ្នកជា​អ្នកសម្របសម្រួល​ល្អ​ម្នាក់ អ្នក​ចាំបាច់​ត្រូវតែ​ស្រាវជ្រាវ​ព័ត៌មាន​ឱ្យបាន​ច្បាស់ ហើយ​ដាក់​សំណួរ​ឱ្យ​វាគ្មិន​បកស្រាយ​បន្ថែម​លើ​គំនិត​ដែល​ស្រពេចស្រពិល​ទាំងអស់នោះ។ អ្នក​សួរ​អាច​ចាប់ផ្តើម​ដោយ​ពាក្យ​ថា «ខ្ញុំ​មិន​ច្បាស់​ថា» រួច​បង្កើតជា​សាច់រឿង​មួយ​ដែល​គ្រប់គ្នា​កំពុង​គិត ហើយ​បញ្ចប់​ដោយ​ពាក្យ​ថា «សូម​វាគ្មិន​បកស្រាយ​លើ​ចំណុច​ដែល​កំពុង​ខ្វែងគំនិត ឬ​មិនទាន់​ច្បាស់លាស់​នេះ» ដើម្បី​ស្វែងរក​ឱ្យឃើញ​នូវ​គំនិត​យោបល់​ពី​អ្នកជំនាញ​សម្រាប់​សាធារណជន​ជាពិសេស​ដើម្បី​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​បំផុស​ឱ្យ​អ្នកចូលរួម​កាន់តែ​មាន​គំនិត​ច្រើន​ក្នុងការ​ចូលរួម​ចោទសួរ។

ការធ្វើ​បែបនេះ អាចធ្វើឱ្យ​វេទិកា​មួយ​ចាប់ផ្តើម​មាន​សកម្មភាព និង​គុណ​តម្លៃ​ស្របគ្នា​ដែល​វាគ្មិន​ក៏​អាច​សប្បាយចិត្ត មិនមែន​សួរ​ឱ្យតែបាន​សួរ​នោះទេ។

3.ចេះ​បង្វែរ​ស្ថានការណ៍ និង​គ្រប់គ្រង​ពេលវេលា​ឱ្យបាន​ល្អ

មនុស្សម្នាក់ៗមានគំនិត​ខុសគ្នា មានការ​យល់ឃើញ​ផ្សេងគ្នា​លើ​គ្រប់​រឿងរ៉ាវ​ដែល​កើតមានឡើង​នៅក្នុង​ការរស់នៅ ហេតុនេះ​ការធ្វើ​ប្រធានបទ​ពិភាក្សា​ណាមួយ​មិនអាច​ចៀស​ផុតពី​ការខ្វែងគំនិត ឬ​និយាយ​ចេញ​នូវ​គំនិត​ដែល​អាច​ប៉ះពាល់ ឬ​អាច​ចេញ​ឆ្ងាយ​ពី​ប្រធានបទ ហេតុនេះ​អ្នកសម្របសម្រួល​មាន​តួនាទី​ក្នុង​ការហៅ​មកវិញ​នូវ​ភាព​វិជ្ជមាន​ក្នុង​កិច្ចពិភាក្សា និង​គ្រប់គ្រង​ស្ថានការណ៍​ឱ្យបាន។

វិធីសាស្ត្រ​បង្វែរ​ស្ថានការណ៍​អាចធ្វើ​បាន​ដោយ​ការ​ចោទ​ជា​សំណួរ​ផ្ទុយ ឬ​បង្កើត​សំណួរ​បន្ថែម​ដើម្បី​រុញ​ចំណុច​សំខាន់​ឱ្យចេញ។ វិធីសាស្ត្រ​មួយ​ផ្សេងទៀត គឺអាច​បង្វែរ​សំណួរ​ទៅកាន់​វាគ្មិន​បន្ទាប់ ដោយ​ការ​កាត់​សាច់រឿង​ប្រកបដោយ​ភាពសមរម្យ​មួយ ឬ​ដោយ​ការលើក​រឿង​សាមញ្ញ​មួយ​ដែល​អស់សំណើច​ដើម្បី​បង្វែរ​ការគិត​របស់​ម​នុស្ស​គ្រប់គ្នា​មុននឹង​ឈានចូល​សំណួរ​ថ្មី។

ចំណែកឯ​បញ្ហា​ពេលវេលា​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ​សម្រាប់​ការផ្តល់​ភាពស្មើគ្នា​ដល់​វាគ្មិនម្នាក់ៗ អ្នក​សួរ និង​វេទិកា​ទាំងមូល ហេតុនេះ​អ្នកសម្របសម្រួល​គឺ​ត្រូវតែ​ជា​អ្នកមាន​ភាព​ឆ្លាត​វៃ​ក្នុងការ​គ្រប់គ្រង ឬ​ទប់​អ្នក​ដែល​កំពុងតែ​ចង់ដឹង​កុំឱ្យ​ខឹង ឬ​អន់ចិត្ត នៅមុន​ពេល​នឹង​បញ្ចប់​វេទិកា៕

Advertisement