ហេតុអ្វី​បានជា​បុគ្គលិក​ក្នុង​ស្ថាប័ន​មួយ ចេះតែ​ចេញ-ចូល​ញឹកញាប់?

សកម្មភាព​បុគ្គលិក​ចេញ-ចូល​ច្រើន ឬ​ធ្វើការ​បានតែ​មួយរយៈ​ពេល​ខ្លី ហើយ​ផ្លាស់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ជា​ភាព​អសកម្ម​មួយ​ដែល​ក្រុមហ៊ុន​ជាច្រើន​នៅ​កម្ពុជា​កំពុង​ជួបប្រទះ ហើយ​បញ្ហា​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សក​ម្ម​ភាព​ការងារ​របស់​ក្រុមហ៊ុន និង​បុគ្គលិក​នោះ​ផ្ទាល់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ងួន ប៊ុន​និ​ត អគ្គនាយក​ក្រុមហ៊ុន​ធនធានមនុស្ស Idea Plus បាន​លើកឡើងថា មាន​កត្តា​សំខាន់ 2យ៉ាង​ដែល​ធ្វើឱ្យ​បុគ្គលិក​ចេញចូល​ច្រើន​នៅក្នុង​ស្ថាប័ន​មួយ។ កត្តា​ទី 1 គឺ​កត្តា​ផលប្រយោជន៍ (profit) និង​កត្តា​ទី 2 គឺ​កត្តា​អារម្មណ៍ ឬ​មនោសញ្ចេតនា (emotion)។ លោក ប៊ុន​និ​ត បាន​បញ្ជាក់ថា កត្តា​ផលប្រយោជន៍​ភាគច្រើន​អាច​កើត​មកពី​ការគិត​របស់​មេដឹកនាំ​នៃ​ស្ថាប័ននីមួយៗដែល​តែងតែ​គិតថា មាន​លុយ​គឺ​ប្រាកដជា​អាចធ្វើ​អ្វី​បាន​គ្រប់យ៉ាង តែ​តាមពិតទៅ​បុគ្គលិកម្នាក់ៗមិន​ប្រាកដថា ត្រូវការ​លុយ​ទាំងស្រុង​នោះទេ។ ក្រៅពី​កត្តា​លុយកាក់ បុគ្គលិក​ក៏ត្រូវ​ការ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ ការយកចិត្តទុកដាក់ និង​កត្តា​មួយចំនួនទៀត​ផងដែរ។

លោក ងួន ប៊ុន​និ​ត បាន​និយាយថា៖ «ភាព​មាន​មនោសញ្ចេតនា​ក្នុង​ស្ថាប័ន និង​កត្តា​ផលប្រយោជន៍​ជា​ផ្នែក​សំខាន់​ដែល​មិនអាច​ខ្វះ​បាន ព្រោះថា ប្រសិនបើ​មានតែ​មនោសញ្ចេតនា ហើយ​ខ្វះ​លុយកាក់​មនុស្ស​មិនអាច​ទ្រទ្រង់​ជីវភាព​បាន​នោះទេ តែ​ប្រសិនបើ​មានតែ​លុយកាក់ ហើយ​ខ្វះ​មនោសញ្ចេតនា​មនុស្ស​ក៏​ធ្វើ​ការមិន​បានយូរ​ដូចគ្នា​ដែរ»។

លោក ងួន ប៊ុន​និ​ត បាន​បន្ថែមទៀតថា ក្រៅពី​កត្តាបរិស្ថាន​ក្នុង​ក្រុមហ៊ុន កត្តា​បុគ្គលិក​ក៏​ជា​ផ្នែក​មួយ​ផងដែរ​នៃ​ការផ្លាស់ប្តូរ​កន្លែងធ្វើកា​រ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​របស់​មនុស្សម្នាក់។ ការដែល​បុគ្គលិក​មើល​ឃើញតែ​ផលប្រយោជន៍ ឬ​ធ្វើការ​ដោយ​ផ្តោត​តែ​លើ​ប្រាក់ខែ​ខ្លាំងពេក​ក៏​អាចធ្វើឱ្យ​ពួកគេ​ចាកចេញ​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​បានដែរ ព្រោះថា ឱ្យតែ​ក្រុមហ៊ុន​ណា​ហ៊ាន​ចំណាយ​ប្រាក់ខែ​ឱ្យ​គាត់​លើស​កន្លែងចាស់​បន្តិចបន្តួច​គាត់​នឹង​ទៅ​ភ្លាម។ ម្យ៉ាងវិញទៀត ការធ្វើការ​ដោយ​មិន​ស្គាល់​ខ្លួនឯង​ច្បាស់​ក៏​ជា​ផ្នែក​មួយ​អាចធ្វើឱ្យ​ពួកគេ​ត្រូវ​ផ្លាស់ប្តូរ​ការងារ​ជា​ញឹកញាប់​បានដែរ ព្រោះ​នៅពេលដែល​ធ្វើការ​ងារ​មួយយូរៗទៅ​គាត់​អាច​នឹងមាន​អារម្មណ៍​ថា មិន​ពេញចិត្ត ឬ​នឿយហត់​ខ្លាំង​ប្រសិនបើ​ការងារ​នោះ​មិន​ស្រប​ជាមួយនឹង​ចំណង់​ចំណូលចិត្ត​របស់គាត់។

ប្រធាន​ក្រុមហ៊ុន​ធនធានមនុស្ស​ខាងលើ​បានផ្តល់​ដំណោះស្រាយ​ថា ដើម្បី​កុំឱ្យ​ខ្លួន​ត្រូវ​ស្ថិតក្នុង​ស្ថានភាព​ផ្លាស់ប្តូរ​ការងារ​ពីមួយ​កន្លែង​ហើយ​ទៅមួយ​កន្លែង​ទៀត សូម​ពិចារណា​ឱ្យបាន​ច្បាស់លាស់​មុនពេល​សម្រេចចិត្ត​ធ្វើការ​ងារ​នៅក្នុង​ស្ថាប័ន​ណាមួយ មិនមែន​ស្វែងរក​ការងារ​ដើម្បី​តែ​ឱ្យ​បានធ្វើ​សិន​នោះទេ។ ចំណុច​ដែល​ត្រូវ​មើល​ជាដំបូង​គឺ​ទស្សនវិស័យ​របស់​ក្រុមហ៊ុន ថា​តើ​មាន​លក្ខណៈ​ស្រប​នឹង​គោលដៅ និង​ចំណង់​ចំណូលចិត្ត​របស់​យើង​ដែរឬទេ? ហើយ​វប្បធម៌ និង​បរិស្ថាន​នៃ​ការធ្វើការងារ​ក្នុង​ស្ថាប័ន​នោះ​មាន​លក្ខណៈ​ល្អប្រសើរ​ស្រប​នឹង​សមត្ថភាព ឬ​លក្ខណសម្បត្តិ​របស់​យើង​ដែរឬទេ?។

បង្ហាញ​លើ​ចំណុច​ដូចគ្នានេះ លោក រិ​ន រ៉ាវុធ ប្រធានការិយាល័យ​រដ្ឋ​បាល និង​បុគ្គលិក នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជការ​ស៊ីវិល និង​ជា​សាស្ត្រាចារ្យ​ផង បាន​លើកឡើងថា ការផ្លាស់ប្តូរ​ការងារ​ញឹកញាប់​របស់​បុគ្គលិក​អាចមាន​ផលប៉ះពាល់​យ៉ាងច្រើន​ដល់​ស្ថាប័ន និង​បុគ្គលិក​ដែល​ដាក់ពាក្យ​ធ្វើការ​ងារ​នោះ។ សម្រាប់​ស្ថាប័ន គឺ​លំបាក​ក្នុង​ការរៀប​ផែនការ ឬ​ត្រូវ​ចំណាយ​ច្រើន​ទាំង​ពេលវេលា និង​ថវិកា​ដើម្បី​ជ្រើសរើស​បុគ្គលិក​ថ្មី ហើយ​ពេលខ្លះ​ក៏​អាចធ្វើឱ្យ​អាក់ខាន​ដល់​ដំណើរ​នៃ​ការងារ​របស់​ក្រុមហ៊ុន​នោះ​ថែម​ទៀតផង។ សម្រាប់​បុគ្គលិក​វិញ ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ ព្រោះថា នៅពេលដែល​គាត់​ផ្លាស់ប្តូរ​កន្លែងធ្វើការ​ងា​រ​ច្រើន គាត់​នឹង​អាចមាន​បញ្ហា​លើ​តម្លៃ​នៃ​ខ្លួន​គាត់​សម្រាប់​ស្ថាប័ន​នានា​ដែល​គាត់​ដាក់ពាក្យ​ធ្វើ​ការងារ។ នៅក្នុង CV ប្រសិនបើ​គាត់​បង្ហាញ​ការផ្លាស់ប្តូរ​កន្លែងធ្វើកា​រងារ​ច្រើន ស្ថាប័ន​ថ្មី​នោះ​អាច​នឹងមិន​ហ៊ាន​ទទួលយក​គាត់​ឱ្យ​ធ្វើការ​នោះទេ ព្រោះ​គេ​ខ្លាច​គាត់​ចូល​បានតែ​ក្នុង​រយៈពេល​ខ្លី ហើយ​ចេញ​ទៅទៀត​ជាដើម។

លោក រិ​ន រ៉ាវុធ បាន​និយាយថា៖ «ដើម្បី​កុំឱ្យ​ខាត​ទាំងអស់គ្នា ទាំង​ស្ថាប័ន និង​ទាំង​បុគ្គលិក​ខ្លួនឯង គួរ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​លើ​ផ្នែក​ធនធានមនុស្ស ព្រោះថា ផ្នែក​នេះ​ជា​ផ្នែក​សំខាន់​សម្រាប់​ដំណើរការ​ការងារ​រប​ស់​ក្រុមហ៊ុន​ទូទៅ»។

លោក រិ​ន រ៉ាវុធ បាន​បន្ថែមទៀតថា ដើម្បី​ចៀសវាង​បញ្ហា​បុគ្គលិក​ផ្លាស់ប្តូរ​ការងារ​ញឹកញាប់ សម្រាប់​ស្ថាប័ន​គួរផ្តល់​ឱ្យនូវ​លក្ខខណ្ឌ​ល្អប្រសើរ ហើយ​ជ្រើសរើស​តែ​បុគ្គលិក​ណា​ដែលមាន​ឆន្ទៈ​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ខ្លួន​យូរអង្វែង ឬ​ជា​អ្នក​ដែលមាន​បំណង​កសាង​អនាគត​យូរអង្វែង​ជាមួយ​ស្ថាប័ន។ ការជ្រើសរើស​បុគ្គលិក​ដែលមាន​គោលដៅ​ច្បាស់លាស់ ហើយ​ជជែក​គ្នា​ឱ្យ​ច្បាស់​ពី​គោលបំណង​រួម​របស់​ស្ថាប័ន និង​ផ្តល់​ផលប្រយោជន៍​យូរអង្វែង​ទៅវិញទៅមក​រវាង​ស្ថាប័ន និង​បុគ្គលិក ដែល​វា​ក៏​ជា​រឿង​សំខាន់​មួយ​ដែល​ចាំបាច់​ត្រូវតែ​ធ្វើ ព្រោះថា បុគ្គលិក​ដែល​យល់​ពី​តម្លៃ​របស់ខ្លួន​នៅក្នុង​ស្ថាប័ន និង​យល់​ពី​តម្លៃ​របស់​ស្ថាប័ន​ចំពោះ​ខ្លួន ភាគច្រើន​ជា​អ្នក​ដែល​វិនិយោគ​ខ្លួនឯង​យូរអង្វែង​នៅក្នុង​ស្ថាប័ន​មួយ​បាន​ច្រើន​ឆ្នាំ ដែល​អាច​នាំ​ទាំង​ខ្លួនគេ​ផ្ទាល់ និង​ស្ថាប័ន​ឆ្ពោះទៅរក​ភាពជោគជ័យ​បាន៕

Advertisement