បញ្ហា​អ្វីខ្លះ​ជា​ឧបសគ្គ​ក្នុង​ផ្នែក​ធនធានមនុស្ស​នៅ​កម្ពុជា?

ធនធានមនុស្ស​ជា​ផ្នែក​យ៉ាងសំខាន់​សម្រាប់​ក្នុងការ​អភិវឌ្ឍ​ប្រទេស ហើយ​បច្ចុប្បន្ននេះ កម្ពុជា​ក៏​កំពុង​យកចិត្តទុកដាក់​ខ្លាំង​ក្នុងការ​ជំរុញឱ្យមាន​កា​រ​អភិវឌ្ឍ​មូលធន​មនុស្ស​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុ​ជាមាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​បម្រើឱ្យ​វិស័យ​នានា​ដែល​កំពុង​រីកចម្រើន។ ទោះជា​យ៉ាងនេះ​ក្តី ជាទូទៅ​ក៏​គេ​សង្កេតឃើញ​មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ​ដែលជា​ឧបសគ្គ​ក្នុង​វិស័យ​ធនធានមនុស្ស​នៅ​កម្ពុជា។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​លើកឡើងថា នៅ​កម្ពុ​ជាមាន​បញ្ហា​មួយ គឺ​គ្រឹះស្ថាន​អប់រំ​មិនទាន់​អាច​ឆ្លើយតបបាន​ទាំងស្រុង​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​លើ​ជំនាញ​មួយចំនួន ជាពិសេស​ជំនាញ​ទន់។ សិស្ស និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​នៅ​ខ្វះ​សមត្ថភាព​ក្នុង​ការធ្វើការងារ​ជា​ក្រុម ការធ្វើការ​ដោះស្រាយ​បញ្ហា និង​ភាពជា​អ្នកដឹកនាំ​ជាដើម ហើយ​ទាំងអស់នេះ​ជា​ជំនាញ​សំខាន់​ដែល​អ្នកវិនិយោគ​បានលើកឡើង​ពី​តម្រូវការ​ធនធានមនុស្ស​នៅ​កម្ពុជា។

លោក គង់ ភូមី​កា ប្រធាន​នាយកដ្ឋាន​ឧ​ត្ត​ម​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា បញ្ហា​ប្រឈម​នៃ​វិស័យ​ធនធានមនុស្ស​បច្ចុប្បន្ន​គឺ ភាពមិន​ស៊ីគ្នា​នៃ​តម្រូវការ និង​ការផ្គត់ផ្គង់​ធនធានមនុស្ស។ និស្សិត​ជាច្រើន​បាន​សិក្សា​លើ​ជំនាញ​គ្រប់គ្រង ឬ​ធុរកិច្ច ដែលជា​ទីផ្សារការងារ​មួយ​ប្រកួតប្រជែង​ខ្លាំង ឬ​ជា​ទីផ្សារការងារ​ដែលមាន​តម្រូវការ​តិច ខណៈ​មាន​និស្សិត​តិចតួច​ប៉ុណ្ណោះ​ដែល​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ដែល​កំពុងមាន​តម្រូវការ​ទីផ្សារ​ខ្ពស់។

ងាក​មក​អ្នកជំនាញ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​វិញ ឯកឧត្តម ពេ​ជ សោភ័ន បាន​លើកឡើងថា បញ្ហា​និស្សិត​មិនសូវ​ជ្រើសរើស​ជំនាញ​បច្ចេកទេស ជា​បញ្ហា​ប្រឈម​មួយ​ដែល​ធ្វើឱ្យ​ប្រទេស​យើង​ខ្វះ​អ្នកជំនាញ​ក្នុងការ​អភិវឌ្ឍ ឬ​បម្រើ​ការងារ​ក្នុង​សហគ្រាសនីមួយៗ រួមទាំង​វិស័យ​សំណង់​ផងដែរ។ គម្រោង​សាងសង់​ជាច្រើន​បានជ្រើសរើស​បុគ្គលិក​ដែលជា​ជនជាតិ​បរទេស​ក្នុងតម្លៃ​ថ្លៃ ដើម្បី​បម្រើ​ការងារ ព្រោះថា នៅ​កម្ពុជា​អ្នក​ដែល​សិក្សា​លើ​ជំនាញ​បច្ចេកទេស ឬ​មធ្យម​បច្ចេកទេស​មាន​ចំនួន​តិចតួច​នៅឡើយ។

លោក ងួន ប៊ុន​និ​ត អគ្គនាយក​ក្រុមហ៊ុន​ធនធានមនុស្ស Idea plus បាន​លើកឡើងថា បញ្ហា​ដែល​បណ្តាលឱ្យមាន​ផលប៉ះពាល់​លើ​វិស័យ​ធនធានមនុស្ស​កម្ពុជា គឺ​យុវជន​ជាច្រើន​មិនទាន់​យល់ដឹង​ឱ្យបាន​ទូលំទូលាយ​ពី​ការជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ ព្រោះ​ពួកគេ​ខ្វះ​អ្នក​ប្រឹក្សា​យោបល់ និង​មិនមាន​អ្នកជំនាញ​ផ្នែក​ទីផ្សារការងារ​នៅក្នុង​តំបន់​របស់​ពួកគាត់ ដែល​ធ្វើឱ្យ​និស្សិត​ជ្រើសរើស​ជំនាញ​តាម​គ្នាច្រើន និង​មិនសូវ​មានគុណ​ភាពខ្លាំង​នៅពេលដែល​ចេញមក​ធ្វើការ​ពិតប្រាកដ។

សម្រាប់​អ្នក​អប់រំ​វិញ​ម្តង លោក សាន្ត ចន្ទ​កុម្ភៈ នាយក​បណ្តុះបណ្តាល​នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា បាន​លើកឡើងថា ការសិក្សា​របស់​និស្សិត​បច្ចុប្បន្ន គឺ​នៅមាន​ឧបសគ្គ​ខ្លះ​លើ​ការអនុវត្ត។ សាលា​មួយចំនួន រួមទាំង​និស្សិត​ខ្លួនឯង​ផ្ទាល់​គឺ​សិក្សា​ច្រើនតែ​លើ​ទ្រឹស្តី ហើយ​មិនសូវ​អនុវត្ត​ផ្ទាល់​ឱ្យបាន​ច្រើន​លើ​ជំនាញ​ដែល​ខ្លួន​កំពុង​សិក្សា ដែល​កត្តា​នេះ​ធ្វើឱ្យ​ក្រុមហ៊ុន​ដែល​ជ្រើសរើស​ពួកគេ​ទៅធ្វើ​ការ​ត្រូវ​ចំណាយ​ច្រើន​លើ​ការបណ្តុះបណ្តាល ឬ​ពិបាក​ក្នុងការ​ជ្រើសរើស​បុគ្គលិក​ទៅធ្វើ​ការ។

បណ្ឌិត ឯក មនោ​សែន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ធនធានមនុស្ស បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ​ថា និស្សិត​ជាច្រើន​នៅ​កម្ពុជា​មិន​ស្គា​ល់ពី​ភាព​លម្អិត​នៃ​មុខវិជ្ជានីមួយៗ ឬ​ស្គាល់​មុខជំនាញ​តិច ទើប​ធ្វើឱ្យ​ពួកគេ​ត្រូវ​ជ្រើសរើស​មុខជំនាញដដែលៗ ហើយ​ខ្លះទៀត​ថែមទាំង​ជ្រើសរើស​ជំនាញ​ខុស​ទៀតផង។ ជាក់ស្តែង និស្សិត​ជាច្រើន​បាន​យល់​ខុស​ថា គ្រប់​ការងារ​ពាក់ព័ន្ធ​នឹង​កុំព្យូទ័រ គឺ​សុទ្ធតែ​ត្រូវ​រៀន​ព័ត៌មានវិទ្យា​ជាដើម ដែល​ពេលខ្លះ​ពួកគេ​ត្រូវ​រៀន​មុខវិជ្ជា​មួយចំនួន​ដែល​មិនសូវ​ពាក់ព័ន្ធ ហើយ​កត្តា​នេះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​ផ្ទាល់៕

Advertisement