សទ្ទានុក្រម​សន្តាន​ពាក្យ​ខ្មែរ​ទំនើប​នឹងត្រូវ​បង្កើតឡើង​ក្នុងពេលឆាប់ៗនេះ

ការប្រើប្រាស់​ភាសា​គឺជា​រឿង​សំខាន់​មួយ​ដែល​គ្រប់គ្នា​កំពុង​យកចិត្តទុកដាក់​នៅ​កម្ពុជា ព្រោះថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​គេ​សង្កេតឃើញ​មានការ​បកស្រាយផ្សេងៗគ្នា​ជាច្រើន ពាក់ព័ន្ធ​នឹង​កំហុស​នៃ​ការប្រើប្រាស់​ភាសា​តាមរយៈ​ការសរសេរ ទាំង​ក្នុង​ឯកសារ​បោះពុម្ព និង​លើ​បណ្តាញ​សង្គម។

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ លោក ឈិន សីហា ប្រធាន​ស្ថាបនិក​ក្លិប​អក្សរសាស្ត្រ​ខ្មែរ បានរៀបចំ​ចងក្រង​នូវ «សទ្ទានុក្រម​សន្តាន​ពាក្យ​ខ្មែរ​ទំនើប» ឡើង​ដោយ​លោក​បានផ្តល់​បទ​សម្ភាស​លម្អិត​ជុំវិញ​ការ​ចងក្រង និង​ស្រាវជ្រាវ​ដល់​គេហទំព័រ​ឡា​រ៉ែ​ន​ដូចខាងក្រោម​នេះ។

  1. មូលហេតុ​អ្វី​បានជា​លោក​បង្កើត​សទ្ទានុក្រម​សន្តាន​ពាក្យ​ក្នុង​ភាសា​ខ្មែរ​ទំនើប​នេះ​ឡើង?

ខ្ញុំ​បង្កើត​សទ្ទានុក្រម​ក្នុង​ភាសា​ខ្មែរ​ទំនើប​នេះ​ឡើង​ក្នុង​គោលបំណង​បង្កើត​នូវ​សមិទ្ធផល​ម្យ៉ាង​ដែល​អាចជា​មូលដ្ឋាន​នៃ​ការបង្កើត​ពាក្យ​ក្នុងសម័យ​ទំនើប។ ម្យ៉ាងវិញទៀត សទ្ទានុក្រម​នេះ​ក៏​ជា​ប្រភព​នៃ​ទំនាក់ទំនង​ពាក្យ និង​មេកាព្យ​ដែល​អាចជួយ​ឱ្យ​ប្រជាជន​ខ្មែរ​បាន​យល់ដឹង ព្រមទាំង​ងាយស្រួល​ក្នុងការ​បង្កើត​សំណេរ​ឱ្យបាន​ល្អ​ថែម​ទៀតផង។ លើសពីនេះទៅទៀត ឯកសារ​នេះ​ក៏​អាចជា​គំនិត​មួយ​សម្រាប់​ពន្យល់​ឱ្យបាន​យល់​ពី​ផ្នត់​ពាក្យ​ក្លាយ និង​ពាក្យ​បន្ថែម​ដើម ឬ​បន្ថែម​ចុង​ផងដែរ ដើម្បី​កុំឱ្យ​ប្រជាជន​យើង​មានការ​យល់ច្រឡំ ហើយ​ប្រើប្រាស់​ខុស។

  1. តើ​សទ្ទានុក្រម​នេះ​មានគុណ​តម្លៃ​យ៉ាងណាខ្លះ​ដល់​ប្រជាជន​ខ្មែរ?

សម្រាប់​គុណ​តម្លៃ​នៃ​សទ្ទានុក្រម​នេះ​គឺ អាចធ្វើឱ្យ​ការប្រើប្រាស់​ពាក្យ​របស់​យើង​មាន​លក្ខណៈ​ឯកភាពគ្នា ដែល​កន្លងមក​យើង​តែងតែ​ប្រើប្រាស់​ទៅតាម​ទម្លាប់ និង​មានការ​បកស្រាយផ្សេងៗគ្នា តែ​មិនមាន​ឯកសារ​ចងក្រង​ពី​ប្រភព​នៃ​ការប្រើប្រាស់​ឱ្យបាន​ច្បាស់លាស់។ វា​ក៏​ជា​មូលដ្ឋាន​ក្នុងការ​បង្ហាញផ្លូវ​ដល់​អ្នក​គ្រប់គ្នា​ឱ្យបាន​យល់​ពី​សញ្ញាណ​នៃ​ពាក្យបុរាណ និង​ពាក្យ​ទំនើប ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ការរីកចម្រើន និង​និរន្តរភាព​របស់​ភាសាជាតិ​យើង។

តាមរយៈ​សទ្ទានុក្រម​នេះ ប្រជាជន​ខ្មែរ​នឹង​អាច​សិក្សា​ពី​ការប្រើប្រាស់​ពាក្យ​បច្ចេកទេស​យ៉ាង​ទូលំទូលាយ ដែល​វា​បង្ហាញឱ្យឃើញ​ពី​ភាព​ចេះដឹង​ស្របពេល​ដែល​យើង​ព្យាយាម​លុបបំបាត់​កំហុស​ផ្នែក​ការប្រើ​ភាសា​បន្តិចម្តង។

  1. តើ​លោក​ចំណាយពេល​ប៉ុន្មាន​ដើម្បី​ចងក្រង​ឯកសារ​ដ៏​មាន​សារៈសំខាន់​នេះ​ឡើង? ហើយ​មាន​កត្តា​ប្រឈម និង​ឧបសគ្គ​អ្វីខ្លះ​ក្នុងការ​និពន្ធ និង​ចងក្រង?

ដើម្បី​ចងក្រង​ឯកសារ​ដែលមាន​សារៈសំខាន់​នេះ​ឡើង ខ្ញុំ​ត្រូវ​ចំណាយ​ពេលវេលា​ជាង1ឆ្នាំ តែ​គំនិត​ដែល​គ្រោង​បង្កើត​សទ្ទានុក្រម​នេះ​គឺមាន​តាំងពី​ខ្ញុំ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ម្ល៉េះ។ ហើយ​បើ​និយាយ​ពី​កត្តា​ប្រឈម​វិញ​គឺមាន​មួយចំនួន​ដែរ ដូចជា​ពេលវេលា​ក្នុងការ​ស្រាវជ្រាវ​ហាក់​មិនសូវ​អំណោយផល​ប៉ុន្មាន​ទេ សម្រាប់​អ្នក​មមាញឹក​ដូចជា​រូបខ្ញុំ​ដែល​ត្រូវ​បង្រៀន​ផង និង​ធ្វើ​កិច្ចការងារ​ជាច្រើន​ផ្សេង​ទៀតផង។

មួយវិញទៀត ថវិកា​ក្នុងការ​ស្រាវជ្រាវ និង​ការប្រមូល​ទិន្នន័យ​គឺជា​រឿង​ប្រឈម​មួយ​ដែរ ព្រោះ​សទ្ទានុក្រម​នេះ​មាន​កម្រាស់​ដល់​ទៅ​ជាង 800ទំព័រ ហើយ​ប្រភព​ឯកសារ​ទៀតសោត​ក៏មានលក្ខណៈផ្សេងៗគ្នា​ដែល​ត្រូវ​ចំណាយ​ទាំង​ពេលវេលា និង​ថវិកា​ដើម្បី​ស្រាវជ្រាវ។ ហើយ​បើ​មើល​ពី​ចំណេះដឹង និង​បទពិសោធ​រួមទាំង​ការយល់ឃើញ​គឺ​នៅមានកម្រិត ដែល​ពេលខ្លះ​គឺ​ត្រូវ​ការចំណាយ​ពេលវេលា​យូរ​ដើម្បី​ស្វែងរក​ឯកសារយោង ឬ​ប្រឹក្សា​យោបល់​ឱ្យបាន​ច្បាស់លាស់។

ចំពោះ​បញ្ហា​បច្ចេកទេស​វិញ ការលំបាក​គឺពាក់ព័ន្ធ​នឹង​ការញែក​ប្រភព និង​កំណើតរ​បស់ពាក្យ រួមទាំង​បច្ចេកទេស​ក្នុងការ​រចនា​សៀវភៅ​ទាំងមូល​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​ភាព​ទាក់ទាញ ទាំង​ផ្នែក​សោភ័ណភាព និង​តម្លៃ​សម្រាប់​ការអាន។

  1. តើ​លោក​រំពឹងថា សទ្ទានុក្រម​សន្តាន​ពាក្យ​ក្នុង​ភាសា​ខ្មែរ​ទំនើប​នេះ អាច​ផ្លាស់ប្តូរ​នូវ​ភាព​អសកម្ម​អ្វីខ្លះ​ក្នុងការ​ប្រើប្រាស់​ភាសា​នៅ​កម្ពុជា?

ក្រោយ​ពេលដែល​សទ្ទានុក្រម​សន្តាន​ពាក្យ​ក្នុង​ភាសា​ខ្មែរ​ទំនើប​នេះ​បោះពុម្ពផ្សាយ​រួច ខ្ញុំ​រំពឹងថា ប្រជាជន​នឹង​យល់ដឹង​ពី​សន្តាន​ពាក្យ​ក្នុង​ភាសា​ខ្មែរ​ថា​មាន​រូបភាព​បែបណាខ្លះ ចេះ​ស្វែងយល់​ពី​គន្លឹះ​នានា​ក្នុង​សទ្ទានុក្រម និង​លុបបំបាត់​ភាព​អសកម្ម​កន្លងមក​ជុំវិញ​ការយល់​ខុស ឬ​និន្នាការ​ឆ្លង​និយម​ជាដើម។ ក្រៅពីនេះ​ខ្ញុំ​រំពឹងថា ប្រជាជន​ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ផ្តល់​តម្លៃ​ពិសេស យកចិត្តទុកដាក់​លើ​បញ្ហា​អក្សរសាស្ត្រ​ជាតិ​យើង តាមរយៈ​ការបង្កើត​យន្តការ ឬ​គោលនយោបាយ​សកម្ម​ក្នុងការ​រៀបចំ​បង្កើត​ពា​ក្យ​ឱ្យបាន​ទូលំទូលាយ និង​សម្បូរបែប​ជាង​មុន។

  1. ជា​ចុងក្រោយ តើ​លោក​មាន​យោបល់ ឬ​សំណូមពរ​អ្វីខ្លះ​ដល់​អ្នកគាំទ្រ និង​សាធារណជន​ទូទៅ​នៅ​កម្ពុជា​ជុំវិញ​ការបង្កើត​សទ្ទានុក្រម​សន្តាន​ពាក្យ​ក្នុង​ភាសា​ខ្មែរ​ទំនើប​នេះ?

ជា​សំណូមពរ​របស់ខ្ញុំ គឺ​សូមឱ្យ​គ្រប់​ស្ថាប័នរដ្ឋ និង​ឯកជន សូម​មានការ​យកចិត្ត​ទុកដាក់​ក្នុងការ​ប្រើប្រាស់​ភាសា និង​អក្សរសាស្ត្រ​ជាតិ​យើង​ឱ្យបាន​ផុសផុល ជាពិសេស​លើកកម្ពស់​ការ​តែង​និពន្ធ និង​ការស្រាវជ្រាវ។

ខ្ញុំ​សូម​អំពាវនាវ​ដល់​សាធារណជន​ទូទៅ បុគ្គល​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​អ្នកប្រើប្រាស់​ភាសា​ខ្មែរ​មេត្តាជួយ​ជា​ថវិកា​ដល់​ក្រុមការងារ និង​បោះពុម្ព​សទ្ទានុក្រម​ដ៏​មានតម្លៃ​មួយ​នេះ ដើម្បីឱ្យ​សទ្ទានុក្រម​នេះ​បាន​បម្រើ​ដល់​ការប្រើប្រាស់​ពាក្យ​របស់​បងប្អូន​ទូទាំងប្រទេស៕

Advertisement