ហេតុអ្វី​បាន​គេ​ថា មនុស្ស​ដែល​យក​អ្នកណាម្នាក់​ជា​គំរូ (mentor) ភាគច្រើន​ជោគជ័យ?

នៅ​ពីក្រោយ​មនុស្ស​ជោគជ័យ​ជាច្រើន​នៅលើ​ពិភពលោក​យើង​នេះ ភាគច្រើន​គេ​រកឃើញថា អ្នក​ទាំងនោះ​ជាម​នុស្ស​ដ៏​សាមញ្ញ ឬ​ជាម​នុស្ស​ដែលមាន​លក្ខណៈពិសេស​ម្យ៉ាង​ដែលជា​កម្លាំង​ជំរុញ​មនុស្ស​ជាច្រើន​ឱ្យមាន​កម្លាំងចិត្ត​សម្រាប់​ជម្នះ​ឧបសគ្គ​រហូត​ទទួលបាន​ជោគជ័យ។

លោក Mario Ferro នាយក​ប្រតិបត្តិ​នៃ​អង្គការ Wedu បាន​លើកឡើងថា ការដែល​មនុស្ស​ណា​ម្នាក់​គួរ​មាន​និមិត្តរូប ឬ​អ្នក​ប្រឹក្សា​យោបល់ (mentor) ពាក់ព័ន្ធ​នឹង​ការសិក្សា ការងារ ការធ្វើ​អាជីវកម្ម ឬ​គំរូ​នៃ​ការរស់នៅ​នោះ អាចធ្វើឱ្យ​គាត់​មើលឃើញ​កាន់តែច្បាស់​ពី​គោលដៅ​នៃ​ជីវិត​របស់គាត់។ នៅពេលដែល​អ្នកណាម្នាក់​ចង់បាន​ជីវិត ឬ​ឧត្តមភាព​ស្មើនឹង​បុគ្គល​ម្នាក់​ដែល​គាត់​គិតថា​ចង់យក​ធ្វើជា​គំរូ​នោះ គាត់​នឹង​ព្យាយាម​ទៅ​ក្បែ​មនុស្ស​នោះ ហើយ​សង្កេតមើល​គ្រប់​សកម្មភាព រួមទាំង​សួរ​យោបល់​ដើម្បី​ដើរ​លើផ្លូវ​ដូចដែល​មនុស្ស​ម្នាក់​នោះ​ធ្លាប់​ដើរ​ដោយ​ជោគជ័យ និង​សុភមង្គល។ ចំណុច​នេះ​អាច​នឹង​ជំរុញ​គាត់​ឱ្យខិត​ខំប្រឹងប្រែង​ដើរ​លើផ្លូវ​មួយ​ប្រកបដោយ​ថាមពល និង​កម្លាំង​ជំរុញ​ខ្លាំង​ដែរ។

លោក Mario Ferro បាន​និយាយថា៖ « ការជ្រើសរើស​យក​អ្នកណាម្នាក់​ធ្វើជា​គំរូ (mentor) ជា​វិធី​លើកទឹកចិត្ត និង​អប់រំ​មួយបែប​ដែល​ជំ​រុញឱ្យ​ខ្លួនឯង​ក្លាយជា​មនុស្ស​ដែល​ក្លាហាន ក្នុងការ​ដោះស្រាយ​លើ​បញ្ហា​នានា​ក្នុង​ជីវិត​ឆ្ពោះទៅរក​គោលដៅ​ប្រកបដោយ​ថាមពល»។

ស្រដៀង​គ្នា​នេះដែរ លោកជំទាវ តាំង ហ្គិ​ច​លៀង អគ្គនាយិកា​នៃ​ក្រុមហ៊ុន​ឌី​ហ្វើ​នី​ឈ័​របា​ន​ថ្លែង​នៅក្នុង​វេទិកា​ស្តីពី​ភាពជា​អ្នកដឹកនាំ​ថា ការដែល​យើង​យក​អ្នកណាម្នាក់​ធ្វើជា​គំរូ គឺ​ចំណេញ​ច្រើនណាស់​សម្រាប់​យើងម្នាក់ៗ ព្រោះថា មនុស្ស​ទាំងអស់​ដែល​យើង​គោរព និង​ចង់​ធ្វើតាម​នោះ អាចជា​គ្រូ ឬ​ជា​អ្នកជំរុញ​ទឹកចិត្ត​ខ្លាំង។ យោបល់ និងគំនិតល្អៗដែល​គេ​ធ្លាប់មាន​ទាំងអស់នោះ នឹង​ក្លាយជា​អាវុធ​សម្រាប់​ត្រួសត្រាយ​ឧបសគ្គ​លើ​ដំណើរ​ផ្លូវ​ឆ្ពោះទៅកាន់​ភាពជោគជ័យ​បាន។

លោកជំទាវ តាំង ហ្គិ​ច​លៀង បាន​និយាយថា៖ «បើសិន​ចង់​ក្លាយជា​មនុស្ស​ពូកែ យើង​ត្រូវ​ទៅជិត​មនុស្ស​ពូកែ ហើយ​យក​កូនសោរ​នៃ​ភាពជោគជ័យ​របស់គេ​យកមក​ដាក់​ក្នុង​ខ្លួន​យើង​ឱ្យបាន»។

សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថា មនុស្សម្នាក់ៗមានគំនិត និង​គន្លឹះរៀងៗខ្លួន​ដើម្បី​ទទួលបាន​ជោគជ័យ ហេតុនេះ​ការដែល​យើង​សាកសួរ ឬ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ស្វែងយល់ និង​រៀន​តាម​គន្លឹះសំខាន់ៗទាំងអស់នោះ វា​នឹង​ធ្វើឱ្យ​យើងម្នាក់ៗកាន់តែខ្លាំង​ឡើង៕

Advertisement