អ្នកដឹកនាំ​ដែលមាន​ទស្សនវិស័យ​វែងឆ្ងាយ ជា​អ្នក​ដែល​ចងក្រង​ក្បួន​ទុក

ការបណ្តុះ​ភាពជា​អ្នកដឹកនាំ​ជា​រឿង​សំខាន់​សម្រាប់​មនុស្ស​គ្រប់គ្នា និង​សម្រាប់​ស្ថាប័ន ទាំង​ឯកជន និង​ស្ថាប័ន​សាធារណៈ។ ការបណ្តុះ​ភាពជា​អ្នកដឹកនាំ ចាំបាច់​ត្រូវមាន​លក្ខណៈ​ប្រាកដនិយម ឬ​មាន​ច្បាស់លាស់​ដែល​អាច​ជំរុញឱ្យមាន​ការបន្ត​វេន​ដ៏​ល្អ​ចំពោះ​អ្នកជំនាន់ក្រោយ។់ក្រោយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សោម សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ Cam-Paint បាន​លើកឡើងថា ស្ថាប័ន​ដែល​រីកចម្រើន​ត្រូវការ​បុគ្គលិក​ដែលមាន​ភាពជា​អ្នកដឹកនាំ ព្រោះថា​នៅពេលដែល​បុគ្គលិកម្នាក់ៗមាន​ភាពជា​អ្នកដឹកនាំ នៅពេល​នៅ​ដំណើរការ​នៃ​ក្រុមហ៊ុន ឬ​ស្ថាប័ន​នឹង​បន្ត​អភិវឌ្ឍ ព្រោះម្នាក់ៗសុទ្ធ​តែមាន​ម្ចាស់ការ និង​គំនិត​ច្នៃប្រឌិត ហើយ​ប្រើ​អស់​សក្តានុពល​ដើម្បី​ធ្វើ​ការងារ​រួមគ្នា។

លោក សោម សម្បត្តិ បាន​មានប្រសាសន៍ថា៖ «អាជីវកម្ម​ដែល​រឹងមាំ ជា​អាជីវកម្ម​ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ ព្រោះ​អ្នកដឹកនាំ​នៃ​ស្ថាប័ន​នោះ​ជា​អ្នក​ដែល​ពូកែ​រក្សា​នូវ​ក្បួន​ទុក​សម្រាប់​បណ្តុះបណ្តាល​ដល់​បុគ្គលិក​គ្រប់គ្នា​ឱ្យមាន​ភាពជា​អ្នកដឹកនាំ»។

លោក សោម សម្បត្តិ បាន​បន្តទៀតថា មនុស្ស​ទុក​ចំណេះដឹង​នៅ 2កន្លែង គឺ​ទី1 ទុក​នៅក្នុង​ខ្លួន និង​ទី2 គឺ​ទុក​នៅក្នុង​ក្បួន ហេតុនេះ​ចំណុច​សំខាន់​របស់​អ្នកដឹកនាំ​ដែលមាន​ទស្សន​វែងឆ្ងាយ​គឺ ចេះ​ពង្រឹង​ចំណេះ​ក្នុង​ខ្លួន​ឱ្យ​ខ្លាំង បន្ទាប់មក​ចងក្រង​ជា​ក្បួន។ លោក​បានលើកឡើង​ផងដែរ​ថា បើ​អ្នកដឹកនាំ​ក្រុមហ៊ុន​បាន​បង្កើត​ក្បួន​ត្រឹមត្រូវ ក្រុមហ៊ុន ឬ​ស្ថាប័ន​នោះ​នឹង​ក្លាយជា​ស្ថាប័ន​ដែល​រឹងមាំ ហើយ​ក្រោយ​ពេលដែល​អស់ពី​អ្នកដឹកនាំ​ណា​ម្នាក់​ទៅ អ្នកដទៃ​ទៀត​ក៏​អាចមាន​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​ក្រុមហ៊ុន​ឱ្យ​ខ្លាំង​បានដែរ។

លើសពីនេះទៅទៀត​សហគ្រិន​ខាងលើ​បាន​សង្កត់ធ្ងន់​ផងដែរ​ទៅលើ​ការកសាង​ផ្នែក​ភាពជា​អ្នកដឹកនាំ​នៅក្នុង​ក្រុមហ៊ុន​ថា ប្រសិនបើ​ក្រុមហ៊ុន​ចេះ​អភិវឌ្ឍ​ធនធានមនុស្ស ហើយ​មាន​ផ្នែក​អភិវឌ្ឍ​ធនធានមនុស្ស​ល្អ នោះ​បុគ្គលិកម្នាក់ៗនឹង​រួមចំណែក​បង្កើត​លុយ​រាប់លាន​ដើម្បី​ជោគជ័យ​ទាំងអស់គ្នា តែបើ​គ្មាន​ផ្នែក​អភិវឌ្ឍ​ធនធានមនុស្ស​ត្រឹមត្រូវ​ទេនោះ ស្ថា​ប័​មួយ​អាច​ប្រឈម​នឹង​ការខាតបង់៕

Advertisement