យុវតី​កម្ពុជា​នឹង​កាន់តែខ្លាំង តាមរយៈ​ការរៀន​ដោយផ្ទាល់​ពី​អ្នកជំនាញសំខាន់ៗ

ដោយសារតែ​ចរន្ត​នៃ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ការអប់រំ​មានការ​អភិវឌ្ឍ ស្ត្រី​កម្ពុជា​ដែល​ធ្លាប់​ស្ថិតក្នុង​គំនាប​ប្រពៃណី និង​ទំនៀមទម្លាប់​យ៉ាង​តឹងតែង បាន​អភិវឌ្ឍ​យ៉ាង​លឿន​ជាមួយនឹង​ការយកចិត្តទុកដាក់​ពី​គ្រប់ភាគី​ក្នុងសង្គម។

ថ្មីៗនេះ អង្គការ Plan international Cambodia បាន​បង្កើត​កម្ម​វី​ធី​មួយ​ឈ្មោះថា «ខ្ញុំ​ដើម្បី​ខ្ញុំ» ដើម្បី​ជំរុញ​ឱ្យ​ក្មេង​សម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​នៅ​ថ្ងៃ​អនាគត​ក្នុងការ​ចូលរួមចំណែក​ក្នុង​វិស័យសំខាន់ៗរបស់​សង្គម។ កម្មវិធី​នេះ​បាន​ប្រមូល​ក្មេងស្រី​យ៉ាងតិច 20នាក់​មកពី​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​កម្ពុជា​ឱ្យបាន​ជួប​ជាមួយនឹង​រដ្ឋមន្ត្រី ព្រឹទ្ធបុរស​នៃ​សាកលវិទ្យាល័យ ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​ឯកជន និង​នាយក​អង្គការ​មិនមែន​រដ្ឋ​ភិ​បាល ដើម្បី​ផ្តល់ឱកាស​ដល់​ពួកគេ​បាន​ស្គាល់​ពី​តួនាទី និង​ត្រៀមខ្លួន​សម្រួច​គោលដៅ​របស់ខ្លួន​ឆ្ពោះទៅ​កាន់តំណែងសំខាន់ៗទាំងអស់នោះ។

លោក Jan Japp Kleinrensink នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ Plan international Cambodia បាន​ថ្លែងថា ក្មេងស្រី​នៅតែ​ប្រឈម​នឹង​ការរារាំង​នៅក្នុង​ជីវិត​របស់​ពួកគេ​សម្រាប់​ការអភិវឌ្ឍ និង​ការសម្រេច​ជោគជ័យ ដើម្បី​ទទួលបាន​ក្តី​ស្រមៃ​របស់ខ្លួន។ ក្មេងស្រី​នៅតែមាន​អំណាច​តិចតួច​ក្នុងការ​សម្រេចចិត្ត ឬ​បង្កើត​ជម្រើស​សម្រាប់​ខ្លួនឯង។

លោក​បញ្ជាក់ថា កម្មវិធី «ខ្ញុំ​ដើម្បី​ខ្ញុំ» គឺ​ផ្តោត​សំខាន់​ទៅលើ​អំណាច និង​សក្តានុពល​របស់​ក្មេងស្រី។ នៅពេល​ក្មេងស្រី​មានឱកាស និង​ជម្រើស​ក្នុង​ជីវិត ពួកគេ​អាច​ប្រែក្លាយ​ជីវិត​រស់នៅ និង​សហគមន៍​របស់​ពួកគេ​បាន។

កាលពី​ឆ្នាំមុន អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានចាប់ផ្តើម​កម្មវិធី «ខ្ញុំ​ដើម្បី​ខ្ញុំ» ដែល​បាន​អនុវត្ត​នៅតែ​ក្នុង សហគមន៍​ប៉ុណ្ណោះ ដោយបាន​ជ្រើសរើស​ក្មេងស្រី 6នាក់ មកពី​តំបន់​ដាច់ស្រយាល​នៃ​ខេត្ត​ចំនួន3គឺ ខេត្តសៀមរាប ត្បូងឃ្មុំ និង​ខេត្តរតនគិរី។

ទន្ទឹមនឹង​កម្មវិធី​នេះ នៅ​កម្ពុជា​ក៏មាន​អង្គការ​មួយចំនួនទៀត​ផងដែរ​ដែល​ផ្តល់ឱកាស​ឱ្យ​ក្មេងស្រី​ជួប​ជាមួយនឹង​អ្នកជំនាញ​មកពី​វិស័យសំខាន់ៗនៅលើ​ពិភពលោក។

លោក Mario Ferro នាយក​ប្រតិបត្តិ​នៃ​អង្គការ Wedu ដែលមាន​បេសកកម្ម​ពង្រឹង​ភាពជា​អ្នកដឹកនាំ​ដល់​ស្ត្រី​នៅ​អាស៊ី​តាមរយៈ​កម្មវិធី​ប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​នៅក្នុង​បណ្តា​ប្រទេស​ទាំងឡាយ​នៅ​អឺរ៉ុប និង​នៅ​សហរដ្ឋអាមេរិក និង​ជា​អតីត​ម្ចាស់​ជយលាភី​លើ​គម្រោង​អាជីវកម្ម នៅ​សាកលវិទ្យាល័យ​ខេ​ម​ប្រី​ដ​ត៍ )Cambridge) ដ៏​ល្បីល្បាញ​របស់​ពិភពលោក​បាន​ផ្តួចផ្តើម​បង្កើត​គម្រោង​អប់រំ​មួយ ដើម្បី​ផ្តល់ឱកាស​ដល់ យុវជន​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​ឱ្យ​មានឱកាស​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​បណ្តា​អ្នកជំនាញ​ដែល​កំពុង​បំពេញការងារ​នៅ​ទ្វីបអឺរ៉ុប និង​នៅ​សហរដ្ឋអាមេរិក។

កាលពី​ឆ្នាំ 2013 នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​នៃ​អង្គការ​អន្តរជាតិ​រូបនេះ បានមក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ហើយ​បាន​នាំយក​គម្រោង​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​មកជា​មួយ​ផងដែរ។ លោក​ថែមទាំង​បាន​ជួយ​ស្ត្រី​កម្ពុជា​ចំនួន3រូប​ដែល​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​គម្រោង​របស់ Wedu ឱ្យមាន​ការផ្លាស់ប្តូរ​ពី​បុគ្គល​ធម្មតា និង​មាន​ភាព​ខ្មាសអៀន​ច្រើន​ឱ្យ​ក្លាយជា​និស្សិត​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យល្បីៗទាំង​ក្នុង និង​ក្រៅប្រទេស។

លោក Mario បាន​ថ្លែងថា កម្មវិធី Wedu ត្រូវបាន​បង្កើតឡើង​ដើម្បី​ជួយ​យុវជន​ដែលជា​ស្ត្រី​នៅ​អាស៊ី​ក្នុងការ​ពង្រឹងសមត្ថភាព​នៃ​ភាពជា​អ្នកដឹកនាំ​សម្រាប់​រួមចំណែក​ជួយ​ដឹកនាំ​សង្គម​របស់​ពួកគេ។ ហេតុផល​ដែល​ត្រូវ​ជ្រើស​រើសយក​ស្ត្រី​នៅ​អាស៊ី ព្រោះ​លោក​បាន​ស្រាវជ្រាវ​ឃើញថា សមត្ថភាព​នៃ​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​នៅ​អាស៊ី​នៅមានកម្រិត​នៅឡើយ ហើយ​ចំនួន​ស្ត្រី​នៅក្នុង​ស្ថាប័ន​ដឹកនាំ​ក៏មាន​ចំនួន​តិចតួច​បើ​ប្រៀបធៀប នឹង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ឬ​នៅ​សហរដ្ឋអាមេរិក​ជាដើម។

លោក Marrio Ferro មានប្រសាសន៍ថា៖ «ខ្ញុំ​ចង់ឃើញ​ស្ត្រី​នៅ​កម្ពុ​ជាមាន​ភាពជា​អ្នកដឹកនាំ​ដើម្បី​ផ្លាស់ប្តូរ​សង្គម​របស់គាត់​ឱ្យ​កាន់តែ​ប្រសើរឡើង»។

ស្ថាបនិក​អង្គការ​ដែល​ជួយ​ដល់​យុវជន​ជា​លក្ខណៈ​អន្តរជាតិ​រូបនេះ បាន​បង្ហាញថា រហូតមកដល់​ពេលបច្ចុប្បន្ន គម្រោង​របស់ Wedu មាន​អ្នកជំនាញ​ជាច្រើន​នៅលើ​ពិភពលោក​ដែលមាន​អាជីពផ្សេងៗគ្នា​បាន​ចុះឈ្មោះ​ធ្វើជា​អ្នក​ប្រឹក្សា​យោបល់ )Mentor) ដើម្បី​ជួយ​ជា​គំនិត​ដល់​បណ្តា​ស្ត្រី​នៅ​អាស៊ី​ឱ្យបាន​យល់ដឹង​ពី​ការធ្វើការងារ និង​វិធីសាស្ត្រ ក្នុង​ការគិត​ដែលមាន​លក្ខណៈ​ជាស​កល។ លោក​បាន​បន្តថា យុវជន​ដែល​ចង់​សិក្សា​លើ​គ្រប់ផ្នែក នឹង​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​លើ​អាជីព​ដែល​គេ​កំពុង​សិក្សា​នោះ៕

Advertisement