លោកស្រី ចេន សុភាព ៖ ចង់ក្លាយជាអ្នកដឹកនាំល្អត្រូវរៀន 3យ៉ាង

ការបង្កើតបរិយាកាស ក្នុងភាពជាអ្នកដឹកនាំ និងការដឹកនាំប្រកបដោយប្រសិទ្ធភាព ជាចំណុចសំខាន់មួយដែលមនុស្សគ្រប់គ្នាចង់ធ្វើ ដើម្បីក្លាយជាអ្នកដឹកនាំស្ថាប័នល្អ មេគ្រួសារល្អ ឬជាអ្នកដឹកនាំក្រុមមួយដ៏ល្អ។

ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំនេះ លោកស្រី ចេន សុភាព ស្ថាបនិក កីតម្បាញខ្មែរ និងជាជយលាភីលេខ1 ក្នុងវេទិកា ភាពជាអ្នកដឹកនាំស្តីពីការបង្កើតបរិយាកាសដើម្បីឱ្យមនុស្សម្នាក់ៗក្លាយជាអ្នកដឹកនាំ បានលើកឡើងថា ការដឹកនាំគឺសំដៅលើការដឹកនាំក្រុមណាមួយឱ្យដល់គោលដៅ ហើយដើម្បីក្លាយជាអ្នកដឹកនាំដែលមានប្រសិទ្ធភាព និងដល់គោលដៅប្រកបដោយភាពវិជ្ជមាន បុគ្គលគ្រប់រូបគួររៀន 3យ៉ាង គឺរៀនរៀន (Learn to Learn) រៀនធ្វើ និងរៀនចែករំលែក។

លោកស្រី ចេន សុភាព បាននិយាយថា៖ «​អ្នកដឹកនាំត្រូវតែជាមនុស្សដែលបន្តការអភិវឌ្ឍ​ឥតឈប់ឈរ ហើយដើម្បីក្លាយជាអ្នកដឹកនាំដែលមានគំនិតទូលំទូលាយគឺត្រូវតែចេះកសាងខ្លួនខ្លាំងបំផុតតាមរយៈការស្តាប់ ការអាន ការចូលរួមសិក្ខាសាលា និងរៀនពីគ្រប់មជ្ឈដ្ឋាន ព្រោះនៅសម័យបច្ចេកវិទ្យានេះ គឺគេត្រូវការចំណេះដឹងខ្លាំងបំផុត»។

ស្ថាបនិកកីតម្បាញខ្មែរខាងលើបានលើកឡើងផងដែរថា ការរៀនគឺលោកស្រីផ្តោតសំខាន់លើការអាន ព្រោះថា ការអានអាចធ្វើឱ្យមនុស្សទទួលបាននូវចំណេះដឹងច្រើន និងមានប្រសិទ្ធភាព ជាវិធីផ្សេងៗ ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Harry Truman បានលើកឡើងថា «​គ្រប់អ្នកដឹកនាំសុទ្ធតែជាអ្នកពូកែអាន តែមិនមែនគ្រប់អ្នកអានសុទ្ធតែក្លាយជាអ្នកដឹកនាំនោះទេ»។ បន្ថែមពីលើនេះ ការរៀនស្តាប់ និងការៀននិយាយក៏ជាចំណុចចាំបាច់មួយរបស់មេដឹកនាំដែរ ព្រោះថា មេដឹកនាំដែលពូកែនិយាយ ពូកែបង្ហាញពីគម្រោងប្រកបដោយ​គុណភាព ​លុះត្រាតែជាអ្នកពូកែ​បំផុសទឹកចិត្តមនុស្សឱ្យមានការខិតខំប្រកបដោយសក្តានុពល​ ពូកែនិយាយធ្វើឱ្យគេមានជំនឿចិត្ត និងពូកែនិយាយឱ្យគេមានក្តីសង្ឃឹមជាដើម។

លោកស្រី ចេន សុភាព បានបញ្ជាក់ផងដែរថា៖ «ជាអ្នកដឹកនាំល្អម្នាក់មិនមែនគ្រាន់តែពូកែនិយាយនោះទេ តែក៏ត្រូវពូកែធ្វើផងដែរ។ ត្រូវតែជាអ្នកដែលធ្វើជាគំរូល្អដល់​អ្នកគ្រប់គ្នា ប្រកបដោយការទទួលខុសត្រូវ និងការគោរព ជាពិសេសធ្វើជាគំរូដល់បុគ្គលិកដែលធ្វើការជាមួយគ្នាដើម្បីសម្រេចគោលដៅរួម»។

សហគ្រិនរូបនេះបានលើកឡើងផងដែរថា អ្នកដឹកនាំក៏ត្រូវតែជាអ្នកពូកែចែករំលែកទាំងចំណេះដឹង រឿងល្អៗ ការយកចិត្តទុកដាក់ និង​ការចែករំលែកក្តីស្រឡាញ់ទៅកាន់ក្រុមទាំងមូល៕

Advertisement