លោកជំទាវ តាំង ហ្គិ​ច​លៀង៖  អ្នកដឹកនាំ​ពូកែ គឺ​គេ​យក​បេះដូង​ទៅ​ដឹកនាំ…

ការគ្រប់គ្រង និង​ដឹកនាំ​មនុស្ស​ជា​រឿង​សំខាន់បំផុត​សម្រាប់​ម្ចាស់​ស្ថាប័ន​មួយ ឬ​បុគ្គល​ដែល​ចង់​ក្លាយជា​អ្នកដឹកនាំ​នៅ​ថ្ងៃ​អនាគត​ត្រូវតែ​ចេះ និង​មាន​វិធីសាស្ត្រ​គ្រប់គ្រង ឬ​មាន​ភាពជា​អ្នកដឹកនាំផ្សេងៗគ្នា​ទៅតាម​ភាព​វៃឆ្លាត ក៏ដូចជា​បទពិសោធ​រៀងៗខ្លួន។

បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ នៅក្នុង​វេទិកា​ភាពជា​អ្នកដឹកនាំ​ឆ្នាំ 2017 លោកជំទាវ តាំង ហ្គិ​ច​លៀង អគ្គនាយិកា​នៃ​ក្រុមហ៊ុន​ឌី​ហ្វើ​នី​ឈ័​រ បាន​លើកឡើងថា អ្នកដឹកនាំ​ដែល​ល្អ គឺជា​អ្នកដឹកនាំ​ដែល​យក​បេះដូង​ទៅ​ដឹកនាំ មាន​ភាពជា​គំរូ​ល្អ មានការ​ជំរុញ​ទឹកចិត្ត​ខ្លាំង និង​មានការ​ទទួលខុសត្រូវ​ខ្ពស់។

លោកជំទាវ តាំង ហ្គិ​ច​លៀង បាន​និយាយថា៖ «អ្នកដឹកនាំ​ដែល​ល្អ​គឺជា​អ្នកដឹកនាំ​ដែល​យក​បេះដូង​ទៅ​ដឹកនាំ ហើយ​វិធីសាស្ត្រ​ដែល​អាចដឹកនាំ​ដោយ​របៀបនេះ​បាន លុះត្រាតែ​យើង​អាច​យកចិត្ត​គេ មក​ដាក់​ក្នុង​ចិត្ត​យើង​ឱ្យបាន»។

សហគ្រិន​ល្បីឈ្មោះ​ខាងលើ​បាន​បន្ថែមទៀតថា ការដែល​យកចិត្ត​រប​ស់​អ្នកដទៃ មក​ដាក់​ក្នុង​ចិត្ត​យើង គឺ​ធ្វើឱ្យ​យើង​ក្លាយជា​អ្នកដឹកនាំ​ដែលមាន​ការគិត​ល្អិតល្អន់ និង​មានចិត្ត​ទូលាយ​បំផុត។ លោកជំទាវ​បាន​ពន្យល់​លម្អិត​លើ​ចំណុច​នេះ​ដោយ​លើក​ជា​ឧទាហរណ៍​ថា ប្រសិនបើ​បុគ្គលិក​ធ្វើ​ខុស យើង​អាច​មានរឿង 5 ចង់​ស្តីឱ្យ ប្រសិនបើ​យើង​មិនបាន​យកចិត្ត​បុគ្គលិក​នោះមក​ដាក់​ក្នុង​ចិត្ត​យើង​ទេនោះ  តែ​នៅពេលដែល​យើង​សាក​គិត​ម្តងទៀត ពេលខ្លះ​ក្នុងការ​សម្រេចចិត្ត​ស្តីបន្ទោស 5 រឿង​នោះ យើង​អាច​ខុស 3 រឿង​រួច​បាត់ទៅហើយ ហេតុនេះ ក្នុងនាម​យើង​ជា​អ្នកដឹកនាំ គួរតែ​គិត​ទៅវិញ​ថា ប្រសិនបើ​យើង​ទទួលរង​នូវ​ការស្តីបន្ទោស ឬ​ទទួលរង​នូវ​ស្ថានភាព​ដែល​យើង​បានធ្វើ​ដាក់​គាត់​វិញ តើ​គាត់​នឹងមាន​អារម្មណ៍​បែបណា ហើយ​វា​ចំណេញ​អ្វីខ្លះ​ដល់​ស្ថាប័ន និង​អ្នក​ទាំងអស់គ្នា។

បញ្ជាក់​លើ​ចំណុច​ភាពជា​អ្នកដឹកនាំ​នេះដែរ លោកជំទាវ តាំង ហ្គិ​ច​លៀង បាន​ថ្លែង​ផងដែរ​ថា អ្នកដឹកនាំ​ដែល​ប្រើ​បេះដូង​ទៅ​ដឹកនាំ​ក៏​ជាម​នុស្ស​ដែលមាន​ភាព​ទទួលខុស​ត្រូវ​ខ្ពស់​ផងដែរ ដោយ​យើង​គួរ​គិតថា​វាសនា​របស់​អ្នកដទៃ​គឺ​ស្ថិតក្នុង​ដៃ​របស់​យើង។ នៅពេលដែល​យើង​គិតថា វាសនា​អ្នកដទៃ ជាពិសេស​បុគ្គលិក​ដែលមាន​វ័យ​ជាង 20ឆ្នាំ កំពុង​រីកលូតលាស់​ជាមួយ​យើង ហើយ​គាត់​នឹងមាន​អនាគត​បន្តទៀត​ជាមួយនឹង​ការដឹកនាំ​របស់​យើង យើង​នឹង​កាន់​តែមាន​អារម្មណ៍​ថា ត្រូវតែមាន​ភាពជា​អ្នកដឹកនាំ​ឱ្យ​ខ្លាំង​ជាង​មុន ដើម្បី​ធ្វើការ​អភិវឌ្ឍ និង​ដឹកនាំ​ឆ្ពោះទៅរក​ចំណុច​ដែល​កាន់តែ​វិជ្ជមាន​ឡើង៕

Advertisement