ហេតុអ្វី​បានជា​សិង្ហ​បុរី​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែលមាន​ប្រព័ន្ធ​អប់រំ​ល្អ​ក្នុង​ពិភពលោក?

ប្រទេស​សិង្ហ​បុរី (Singapore) ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រទេស​ដែលមាន​ភាពល្បីល្បាញ​មួយ​លើ​ពិភពលោក​ផ្នែក​វិស័យ​អប់រំ ហើយ​ប្រជាជន​ក្នុងប្រទេស​ដទៃ​ជាច្រើន​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​សិស្ស នៃ​ប្រទេសមួយ​នេះ តែ​មនុស្ស​ជាច្រើន​មិនទាន់​បានដឹង​នៅឡើយ​ពី​មូល​ហេតុដែល​ធ្វើឱ្យ​ប្រទេស​សិង្ហ​បុរី​ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស​ដែលមាន​ប្រព័ន្ធ​សិក្សា​ល្អ​ជាប់​ចំណាត់​ថ្នាក់ខ្ពស់​លើ​ពិភពលោក។

យោងតាម​គេហទំព័រ​ដ៏​ល្បីល្បាញ​ផ្នែក​សេដ្ឋកិច្ច Business Insider បាន​ដកស្រង់យក​នូវ​ការលើកឡើង​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) ថា ជា​រៀងរាល់ឆ្នាំ​ស្ថាប័ន​មួយ​នេះ​បានចេញ​នូវ​របាយការណ៍​ប្រៀបធៀប​ពី​ប្រព័ន្ធ​អប់រំ​របស់ខ្លួន ដោយ​ក្នុងនោះ​ប្រទេស​សិង្ហ​បុរី​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេសមួយ​ដែលមាន​ប្រព័ន្ធគ្រប់គ្រង​សាលា​ល្អ​ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រព័ន្ធ​អប់រំល្អៗទាំង 11 លើ​ពិភពលោក។

ការវាយតម្លៃ​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​នេះ គឺ​ផ្តោតលើ​ចំណុចសំខាន់ៗចំនួន 12 យ៉ាង​ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​បរិស្ថាន​នៃ​ម៉ាក្រូសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខភាព និង​ការអប់រំ​កម្រិត​បឋម រួមទាំង​ឥទ្ធិពល​នៃ​ទីផ្សារ​កម្លាំង​ពលកម្ម​ផងដែរ។

នៅក្នុង​របាយការណ៍​នោះបាន​បញ្ចា​ក់ថា សិង្ហ​បុរី ជា​ប្រទេស​ដែលមាន​ពិន្ទុ​ខ្ពស់​ក្នុងការ​ធ្វើតេស្ត​កម្មវិធី​សម្រាប់​សិស្ស ការវាយតម្លៃ​សិស្ស​អន្តរជាតិ (PISA= Program for International Student Assessment)។ កម្មវិធី​នេះ​មាន​គោលបំណង​ក្នុង​ការវាស់ស្ទង់ ក៏ដូចជា​ប្រៀបធៀប​សកម្មភាព​សិក្សា និង​ការលូតលាស់​របស់​សិស្ស​មកពី​ប្រទេសផ្សេងៗគ្នា​ដែរ។

ទន្ទឹម​នៃ​ការលូតលាស់ និង​រីកចម្រើន​លឿន​របស់​សិស្ស​ចម្រុះ​ជាតិ​សាសន៍​នោះ  ប្រទេស​សិង្ហ​បុរី ក៏ត្រូវ​បាន​គេ​មើលឃើញថា មាន​ប្រព័ន្ធ​អប់រំ​មួយ​ដែល​បង្កើត​សម្ពាធ​ខ្ពស់​ផងដែរ​សម្រាប់​សិស្ស ជាពិសេស​គឺ​កម្មវិធីសិក្សា និង​លំ​ហាត់​ដែល​បង្កើតឱ្យមាន​ស្ត្រេ​ស​ខ្លាំង​សម្រាប់​សិស្ស​វ័យក្មេង៕

Advertisement