ចំណុចសំខាន់ៗរបស់​បុគ្គលិក ដែល​គួរ​ធ្វើឱ្យ​ក្រុមហ៊ុន​មួយ​ទទួលបាន​ជោគជ័យ

ការអភិវឌ្ឍ​ក្រុមហ៊ុន មិន​ខុសពី​ការអភិវឌ្ឍ​ប្រទេស​ប៉ុន្មាន​នោះទេ វា​ទាមទារ​ឱ្យមាន​សមាជិក​ប្រកបដោយ​គុណភាព និង​មាន​ការគិត​ដើម្បី​ចូលរួម​គ្រប់​សកម្មភាព​ឆ្ពោះទៅរក​គោលដៅ​រួម។

អគ្គនាយិកា នៃ​ក្រុមហ៊ុន​ឌី​ហ្វើ​នី​ឈ័​រ លោកជំទាវ តាំង ហ្គិ​ច​លៀង បាន​លើកឡើងថា មិន​ថា​ការធ្វើការ​នៅទីណា ឬ​ឱ្យ​ក្រុមហ៊ុន​ណា​នោះទេ បុគ្គលិក​គួរ​ចាត់ទុកថា ទីនេះ​ជា​ផ្ទះ​របស់ខ្លួន ព្រោះ​នៅពេលដែល​ក្រុមហ៊ុន​មានការ​រីកចម្រើន យើងទាំងអស់គ្នា​ក៏មាន​ការរីកចម្រើន​ទៅតាម​នោះដែរ។ ម្យ៉ាងវិញទៀត បុគ្គលិក​ក៏​គួរតែ​គិតថា ស្ថាប័ន​ដែល​ខ្លួន​កំពុងធ្វើការ​ជា​សាលារៀន​ដែល​អាចជួយ​ឱ្យ​អ្នក​ទាំងអស់គ្នា​រៀន​ពី​មនុស្ស​នៅ​ជុំវិញខ្លួន និង​ជាពិសេស​គឺ​បាន​រៀន​ពីបទ​ពិសោធ​ក្នុង​ការធ្វើការងារ​រប​ស់​អ្នកគ្រប់គ្រង​ស្ថាប័ន​នោះ។ ទន្ទឹមនឹងនេះ ការធ្វើការងារ​នៅក្នុង​ក្រុមហ៊ុន ក៏​ជា​ឱកាស​មួយ​ដែល​អាចធ្វើឱ្យ​បុគ្គលិក​ម្នាក់​បាន​បញ្ចេញ​សមត្ថភាព ដើម្បី​ហ្វឹកហាត់​សម្រេច​កិច្ចការងារ​ឱ្យ​បានល្អ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ព្រោះ​ក្រោយ​ពេលដែល​បុគ្គលិកម្នាក់ៗគិតបែបនេះ គេ​នឹង​ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ពី​ការងារ ហើយ​តែងតែ​អាច​អភិវឌ្ឍ​ខ្លួនឯង​បានល្អ​បំផុត​ទៀតផង។

លោកជំទាវ​ក៏បាន​លើកឡើង​ផងដែរ​ថា បុគ្គលិកម្នាក់ៗគួរ​មាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​ក្នុង​ការធ្វើការងារ ព្រោះ​ក្រុមហ៊ុននីមួយៗត្រូវការ​បុគ្គលិក​ដែលមាន​គំនិត​បង្កើត​ថ្មី និង​មានការ​ទទួលខុសត្រូវ​ខ្ពស់។ ភាពម្ចាស់ការ​លើ​ខ្លួនឯង​នេះ អាចធ្វើឱ្យ​បុគ្គលិក​ខ្លួនឯង​ក្លាយជា​បុគ្គល​ដែល​បង្កើត​សមិទ្ធផល​បាន​យ៉ាងច្រើន​ដោយ​គ្មាន​ការបញ្ជា ហើយ​សមិទ្ធផល​ទាំងអស់នេះ​ក៏​អាច​រុញច្រាន​ឱ្យ​គាត់​ក្លាយជា​អ្នកដឹកនាំ​គេ​ទៀតផង។

ជាធម្មតា មនុស្ស​ណា​ម្នាក់​ក៏មាន​គុណសម្បត្តិ និង​គុណវិបត្តិ​ដែរ ហេតុនេះ​ភាពម្ចាស់ការ​ត្រូវតែ​ច្បាស់​ថា ប្រកបដោយ​ការទទួលខុសត្រូវ​ដែលមាន​ហេតុផល​ច្បាស់លាស់ ដើម្បី​ធានាថា សកម្មភាព​ដែល​ស្តែង​ចេញមក​គឺ​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​ក្រុមហ៊ុន តែ​មិនមែន​នាំ​បញ្ហា​ដល់​ក្រុមហ៊ុន​នោះទេ។ នៅពេលដែល​បុគ្គលិក​មាន​ភាពម្ចាស់ការ និង​ទទួលខុសត្រូវ​ខ្ពស់​ហើយ គាត់​ប្រាកដជា​មានគំនិត​មួយ​ដែល​ចេះ​ទើស ចេះ​វិភាគ និង​ចេះ​ជួយ​បញ្ចេញយោបល់​ប្រកបដោយ​ភាព​វិជ្ជមាន​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បុគ្គល​គ្រប់គ្នា​នៅក្នុង​ក្រុមហ៊ុន ជាពិសេស​អ្នក​ដែល​ធ្វើ​ការងារ​នៅក្នុង​ក្រុម​ជាមួយគ្នា​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ​ដើម្បី​ឆ្ពោះទៅរក​ភាព​រីកចម្រើន​នៅក្នុង​ក្រុមហ៊ុន។

លោកជំទាវ តាំង ហ្គិ​ច​លៀង បានលើកឡើង​បន្ថែមទៀតថា បុគ្គលិក​ដែល​អាចជួយ​អភិវឌ្ឍ​ក្រុមហ៊ុន​បាន​ភាគច្រើន​ជាម​នុស្ស​ដែល​មិនចេះ​អាង​គេ ហើយ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​នៅក្នុង​ការអនុវត្ត​ការងារ ស្រប​ពេលដែល​ខិតខំ​ព្យាយាម​ស្វែងយល់​បន្ថែម​ពី​អ្នក​នៅ​ជុំវិញខ្លួន។ ជារួម​គឺ​បុគ្គលិក​ពូកែ ភាគច្រើន​គិតថា ខ្លួនឯង​ជា​ចំណែក​មួយ​របស់​ក្រុមហ៊ុន ហើយ​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​អភិវឌ្ឍ​ដល់​ក្រុមហ៊ុន មិន​រង់ចាំ​ឱ្យ​ក្រុមហ៊ុន​មក​អភិវឌ្ឍ​ពួកគាត់​ឡើយ។ លើសពីនេះទៅទៀត ដើម្បី​ដាក់ចិត្ត​ខិតខំ​ប្រឹងប្រែង​ឱ្យបាន​ខ្លាំង​បុគ្គលិកម្នាក់ៗគួរ​យកចិត្ត​របស់​អ្នក​បណ្តាក់ទុន​មក​គិត។ បុគ្គលិក​គ្រប់គ្នា​អាច​គិតថា ប្រសិនបើ​អ្នកជា​អ្នក​ដែល​បោះទុន​រាប់ម៉ឺន រាប់លាន​ដើម្បី​រកស៊ី​វិញ តើ​អ្នក​នឹងមាន​អារម្មណ៍​ព្រួយបារម្ភ​ប៉ុនណា​ចំពោះ​អនាគត​នៃ​ក្រុមហ៊ុន​នោះ ហើយ​អ្នក​ត្រូវ​ពង្រឹង និង​ពង្រីក​វា​ដោយ​វិធី​ណាខ្លះ?។

ស្រដៀង​គ្នា​នេះដែរ លោក ឆាក់ សុជាតិ ម្ចាស់​ក្រុមហ៊ុន​សេដ្ឋីនី បាន​លើកឡើងថា បុគ្គលិក​ក្រុមហ៊ុននីមួយៗគួរតែ​យក​កន្លែងធ្វើការ​ជា​យានជំនិះ​ដើម្បី​សម្រេច​គោលដៅ។ មុននឹង​ធ្វើការ គួរតែ​សួរ​ខ្លួនឯង​ថា តើ​ធ្វើ​ការងារ​ដើម្បី​អ្វី? ហើយ​អ្វី​ជា​ចំណែក​នៃ​ការសម្រេច​ក្តី​សុបិន​ដែល​យើង​ត្រូវ​ទទួលបាន​ពី​ការងារ​ទាំងនោះ?។ បើ​គ្មាន​ចម្លើយ​ទេនោះ មានន័យថា អ្នក​កំពុងតែ​បំផ្លាញ​ពេលវេលា​នៃ​ដំណើរ​ជីវិត​របស់​ខ្លួនឯង​នៅ​កន្លែងធ្វើការ​ហើយ។ ការដែល​យើង​យក​កន្លែងធ្វើការ​ជា​យានជំនិះ​ដើម្បី​សម្រេច​គោលដៅ មិនមែន​មានន័យថា យើង​ធ្វើជា​បុគ្គលិក​កិបកេង ឬ​លួច​បន្លំ​លុយកាក់ និង​ពេលវេលា​របស់​ក្រុមហ៊ុន​នោះទេ គឺ​យើង​យក​ពេលវេលា​ដែល​កំពុងធ្វើការ​ទាំងនោះ ដើម្បី​រៀនសូត្រ​ពី​របៀប​នៃ​ការធ្វើការ របៀប​ធ្វើការ​ដឹកនាំ របៀប​ធ្វើជា​ម្ចាស់ និង​របៀបផ្សេងៗទៀត ដែល​វា​ជា​ចំណែក​នៃ​ក្តី​សុបិន​របស់​យើង ដោយ​មិន​ចំណាយ​ប្រាក់។

លោក ឆាក់ សុជាតិ បាន​និយាយថា៖ «បើ​អ្នក​ស្រឡាញ់​ការងារ ក៏ដូចជា​ស្រឡាញ់​ជីវិត​ខ្លួនឯង​ដែរ នោះ​មានន័យថា ដំណើរ​ជីវិត​នៃ​ការបំពេញ​ការងារ​រប​ស់​អ្នក គឺ​មានន័យ​គ្រប់គ្រាន់​ហើយ​សម្រាប់​ជីវិត»។

លោក​បាន​បន្ថែមទៀតថា ធ្វើការ​ឱ្យគេ ឬ​បង្កើត​ការងារ​ឱ្យគេ​ធ្វើ គឺ​គ្មាន​លក្ខណសម្បត្តិ​ខុសគ្នា​ប៉ុន្មាន​ទេ ព្រោះ​មាន​តួនាទី​ជា​អ្វី​ក៏ដោយ ក៏​យើង​នៅតែ​ធ្វើការ​បាន​ដូចគ្នា។ គ្រាន់តែ​បែបបទ​នៃ​ការបំពេញ​កិច្ចការ​វា​មាន​ភារកិច្ច និង​តួនាទី​ផ្សេងគ្នា​តែ​ប៉ុ​ណ្នោះ។ ប៉ុន្តែ​នៅតែមាន​ឈ្មោះថា ធ្វើការ​ដូចគ្នា។ ម្ល៉ោះហើយ ដើម្បីឱ្យ​ការបំពេញ​កិច្ចការងារ​របស់​យើងម្នាក់ៗមាន​លទ្ធផល​ល្អ និង​ជាទី​គាប់ចិត្ត​របស់​អ្នកដឹកនាំ គឺ​យើង​ត្រូវតែ​បំពេញ​កិច្ចការ​ទាំងនោះ​ឱ្យ​ដូចជា​ការដែល​យើង​កំពុង​បំពេញ​ក្តី​សុបិន​នៅក្នុង​ជីវិត​របស់​យើង​ដូច្នោះ​ដែរ។ ព្រោះ​បើ​យើង​ស្រឡាញ់ និង​យកចិត្តទុកដាក់​វា​ស្មើ​ជីវិត នោះ​យើង​នឹង​ខិតខំ​សម្រេច​វា​ឱ្យ​បានល្អ​បំផុត ដូច​ការដែល​យើង​ខំ​ដកដង្ហើម​ដើម្បី​រស់​រាល់ថ្ងៃនេះ​អ៊ីចឹង​ដែរ។

ម្ចាស់​អាជីវកម្ម​រូបនេះ​បាន​ថ្លែង​ផងដែរ​ថា បុគ្គលិក​ខ្លះ​ចង់បាន​លទ្ធផល​ច្រើន តែ​ចូលចិត្ត​ធ្វើ​សកម្មភាព​តិច ពោល គឺ​មានន័យថា ចង់បាន តែ​មិន​ចង់​ធ្វើ។ ពួកគេ​ខ្លះ​ទាមទារ ឱ្យមាន​ការផ្តល់ឱ្យ​សិន ទើប​ពួកគេ​ខិតខំ​តាម​ក្រោយ នេះ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​បុគ្គលិក​ភាគច្រើន ពិបាក​រីកចម្រើន និង​មិនអាច​ឡើង​តំណែង​បាន។ ព្រោះ​ពួកគេ​មានការ​គិត​មួយ​ផ្ទុយ​ពី​អ្នកដឹកនាំ ដែល​ម្ចាស់​អាជីវកម្ម​ភាគច្រើន​តែង​គិតថា ចាំ​ពួកគាត់​ខំ​ធ្វើ​កិច្ចការ​បានល្អ​សិន ទើប​ដំឡើង​ប្រាក់ខែ ឬ​តំណែង​ឱ្យ។ ការគិត​ផ្ទុយគ្នា​នេះ ធ្វើឱ្យ​បុគ្គលិក​នៅតែ​មិនអាច​ទៅមុខ​បាន រីឯ​ក្រុមហ៊ុន​ក៏​គ្មាន​ភាព​រីកចម្រើន ដែល​សកម្មភាព​ដដែល​ជា​ដដែល​នេះ​ចាប់ផ្តើម​ក្លាយទៅជា​ជំងឺមហារីក ពិបាក​ព្យាបាល ព្រោះ​ទាំង​អ្នកដឹកនាំ ទាំង​បុគ្គលិក គឺ​នៅតែ​បន្ត​រស់នៅក្នុង​បរិបទដដែលៗ និង​ចាប់ផ្តើម​អស់សង្ឃឹម ឬ​បាត់បង់​ជំនឿពីមួយថ្ងៃៗ អាច​រហូតដល់​ថ្ងៃ​បិទទ្វារ​អាជីវកម្ម​ទៅវិញ​ក៏​អាច​ថា​បានដែរ ព្រោះតែ​ពួកគេ គ្មាន​លទ្ធផល​ថ្មី​ដែលជា​ការលើកទឹកចិត្ត​ក្នុងការ​បន្តដំណើរ​ទៅមុខទៀត។

លោក​បាន​បន្ថែមទៀតថា បុគ្គលិក​គួរ​ធ្វើជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ​សម្រាប់​ក្រុមហ៊ុន ព្រោះ​ក្រុមហ៊ុន​ណា​ក៏ដូចជា​ក្រុម​ណា​ដែរ គឺ​មិនអាច​ចៀស​ផុតពី​បញ្ហា​ឡើយ។ គ្រាន់តែ​បញ្ហា​នោះ​ធំ ឬ​តូច គឺ​ទៅតាម​សមត្ថភាព​នៃ​ការដឹកនាំ​ឡើងមក​តែប៉ុណ្ណោះ។ បើ​អ្នកជា​ចំណែក​មួយ​នៃ​ដំណោះស្រាយ នោះ​ក្រុមហ៊ុន​នឹង​កាន់តែ​រីកចម្រើន ប៉ុន្តែ​បើ​អ្នកជា​ចំណែក​នៃ​បញ្ហា នោះ​ក្រុមហ៊ុន​នឹង​កាន់​តែមាន​បញ្ហា។ បញ្ហា​ធំ ឬ​តូច​នោះ​មិនទាន់​ហៅថា ជា​បញ្ហា​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថភាព​នៃ​ការដោះស្រាយ​របស់​ក្រុមការងារ​ធំ ឬ​តូច​នោះ ទើប​ជា​បញ្ហា​យ៉ាងពិត​ប្រាកដ។ ពោលគឺ​មានន័យថា បើទោះជា​ក្រុមហ៊ុន​ជួប​បញ្ហា​យ៉ាងណាក្តី បើ​ក្រុមការងារ​របស់​អ្នកមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​រួមចំណែក​ដោះស្រាយ នោះ​បញ្ហា​វា​លែង​ទៅជា​បញ្ហា​ទៀតហើយ គឺ​វា​គ្រាន់តែ​ជា​ឱកាស​ដែល​អាចឱ្យ​ក្រុមហ៊ុន​របស់​អ្នក​បាន​រៀនសូត្រ​នូវ​អ្វីដែល​ថ្មី​ក្នុងការ​បោះជំហាន​ទៅរក​ភាពជោគជ័យ​តែប៉ុណ្ណោះ៕

Advertisement