វៀតណាម​ជំរុញ​វិស័យ​អប់រំ​បែបណា​ដើម្បី​ជួយ​ដល់​វិស័យ​ឧស្សាហកម្ម?

ការអប់រំ​ធនធានមនុស្ស ជា​ផ្នែក​យ៉ាងសំខាន់​ដែល​ជំ​រុញឱ្យ​សកម្មភាព​មាន​ភាពរស់រវើក ព្រោះថា នៅពេលដែល​ប្រទេសមួយ​សម្បូរ​ទៅដោយ​ប្រជាជន​ដែលមាន​គុណភាព​ខ្លាំង គ្រប់​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក​ក៏​អាចធ្វើ​ទៅបាន​ដោយ​រលូន​ផងដែរ ព្រោះ​ពួកគេ​មាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ផលិត​នូវ​រាល់​ផលិតផល​ទាំងអស់នោះ។

យោង​ការលើកឡើង​របស់​រដ្ឋា​ភិ​បាល​វៀតណាម​ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន Vietnam Express បានឱ្យដឹងថា រដ្ឋាភិបាល​កំពុង​ធ្វើ​បទ​ប្បញ្ញត្តិ​ថ្មី​មួយ​ដើម្បី​សម្រួល​ដល់​ស្ថាប័ន​បរទេស​ដែល​ធ្វើ​ការផ្តល់​សេវាកម្ម​អប់រំ​ដល់​សិស្ស​ដើម្បី​ស្វែងរក​ការសិក្សា​នៅក្រៅ​ប្រទេស។

យោងតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​របស់​វៀតណាម បានបង្ហាញ​ពី​ការលើកឡើង​របស់​ក្រសួង​អប់រំ និង​បណ្តុះបណ្តាល​វៀតណាម​ថា ពួកគេ​ជឿជាក់ថា បទ​ប្បញ្ញត្តិ​ថ្មី​នេះ​នឹង​ជំរុញឱ្យមាន​ការបណ្តុះបណ្តាល​ធនធានមនុស្ស​បាន​យ៉ាង​ទំ​លំ​ទូលាយ ដែល​មូលធន​មនុស្ស​ទាំងអស់នោះ​នឹង​ក្លាយជា​កម្លាំង​ពលកម្ម​យ៉ាងសំខាន់​សម្រាប់​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ក្នុងស្រុក។

ទិន្នន័យ​នៅ​ចុងឆ្នាំ 2016 ពាក់ព័ន្ធ​នឹង​ការអប់រំ​នៅ​ប្រទេស​វៀតណាម បានបង្ហាញ​ឱ្យឃើញថា មាន​និស្សិត​ប្រមាណ​ជាង 30,000នាក់ បាន​ចេញទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក។ ចំនួន​នេះ​ត្រូវបាន​គេ​មើលឃើញថា​វៀតណាម​បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ6 ក្នុងចំណោម​ប្រទេស​ដែលមាន​សិស្ស​ទៅ​សិក្សា​នៅ​គ្រឹះស្ថាន​អប់រំ​របស់​អាមេរិក។

ជា​ចក្ខុវិស័យ​ថ្មី​របស់​វៀតណាម គឺ​ចង់ឃើញ​សិស្ស​និស្សិត​របស់ខ្លួន​បាន​ចេញទៅ​សិក្សា​នៅ​បរទេស ជាពិសេស​សហរដ្ឋអាមេរិក​ច្រើនជាង​ជប៉ុន និង​ជិត​ដល់​ចំនួន​សិស្ស​នៃ​ប្រទេស​កាណាដា។ ចំនួន​ចុះឈ្មោះ​សិក្សា​របស់​សិស្ស​វៀតណាម​នៅ​សហរដ្ឋអាមេរិក មាន​ចំនួន​ច្រើនជាង​ឆ្នាំ 2009 ទ្វេដង។

ក្រៅពី​សហរដ្ឋអាមេរិក ប្រទេស​ដែលជា​គោលដៅ​របស់​សិស្ស​វៀតណាម​មានដូចជា អូស្ត្រាលី សិង្ហ​បុរី និង​ចក្រភព​អង់គ្លេស៕

Advertisement