ប្រាក់ខែ​គ្រូ នឹង​កើន​ដល់​ជាង​មួយ​លាន​រៀល​នៅ​ឆ្នាំក្រោយ ខណៈពេល​ចូលនិវត្តន៍​នឹងត្រូវ​ពន្យារ

នៅ​ថ្ងៃទី5 ខែតុលា ឆ្នាំ2017 ម្សិលមិញនេះ ជា​ទិវា​គ្រូបង្រៀន​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «គ្រូបង្រៀន​ជា​វិស្វករ​ព្រលឹង​នៃ​យុវជន​ជំនាន់​ក្រោយ» ដែល​ទិវា​នេះ​ជា​ទិវា​ដ៏​មាន​សារៈសំខាន់​ក្នុង​ការលើកតម្លៃ​គ្រូបង្រៀន​នៅ​កម្ពុជា។

ដើម្បី​ត្រៀម​សម្រាប់​ទិវា​ដ៏​មាន​សារៈសំខាន់​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​យុទ្ធនាការ​ជាច្រើន​ដូចជា ការប្រកួត​សូត្រ​កំណាព្យ​ថ្នាក់ជាតិ និង​ការប្រកួត​តែង​និពន្ធ​លើ​ប្រធានបទ​ទាក់ទង​នឹង​គ្រូបង្រៀន​ជាដើម។ ហើយ​សម្រាប់​កម្មវិធី​នៅថ្ងៃនេះ​វិញ ក្រសួង​អប់រំ បាន​ប្រារព្ធ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ដែលមាន​ការចូលរួម​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​មន្ត្រី​ក្នុង​វិស័យ​អប់រំ​ប្រមាណ​ជាជាង​មួយ​ពាន់​នាក់។

នៅក្នុង​ពិធី​នោះ សម្តេចនាយក​រដ្ឋមន្ត្រី​បានប្រកាសថា រាជរដ្ឋាភិបាល​នឹង​ដំឡើង​ប្រាក់ខែ​អប្បបរមា​ពី​ប្រាក់ខែ 95ម៉ឺន​រៀល​នៅ​ឆ្នាំនេះ ទៅដល់​ជាង​មួយ​លាន​រៀល​នៅ​ឆ្នាំ 2018 ខាងមុខនេះ។

សម្តេច​ត​ជោ ហ៊ុន សែន បាន​លើកឡើងថា ទិវា​គ្រូបង្រៀន​នេះ​ពិតជា​មានតម្លៃ​យ៉ាងខ្លាំង​ចំពោះ​លោកគ្រូ-អ្នកគ្រូ​ទូទាំងប្រទេស ដើម្បី​រំឭក​ដល់​គុណសម្បត្តិ​ដ៏​ថ្លៃថ្លា​របស់​គ្រូបង្រៀន​ដែល​បាន​ផ្តល់នូវ​ចំណេះដឹង​ដល់​អ្នកជំនាន់ក្រោយ។ ហើយ​តាម​ប្រធានបទ​នេះ គឺ​ពិតជា​មានតម្លៃ​សម្រាប់ គ្រូបង្រៀន​ដែលជា​មនុស្ស​ដ៏​សំខាន់ ជា​ព្រលឹង​មនុស្ស​ជំនាន់​ក្រោយ។ រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ផ្តោត​សំខាន់​ទៅលើ​វិស័យ​អប់រំ គឺ​រួមទាំង​ស្ថាប័នរដ្ឋ និង​ស្ថាប័នឯកជន ដែល​បាន​បង្កើត​សាលារៀន​រាប់ពាន់​ដែល​កំពុង​បម្រើ​លើ​វិស័យនេះ​នៅ​ទូទាំងប្រទេស ហើយ​កំពុង​បណ្តុះបណ្តាល​បុត្រាបុត្រី​ខ្មែរ​ប្រមាណ​ជាង 3លាន​នាក់។

សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា គ្រូបង្រៀន​ទាំងអស់​ដែល​ត្រូវ​ចូលនិវត្តន៍​នៅ​អាយុ 60ឆ្នាំ អាច​នឹងត្រូវ​ពន្យារពេល​ចូលនិវត្តន៍​នៅ​អាយុ 65ឆ្នាំ​វិញ ព្រោះ​ស្ថានភាព​សុខភាព​របស់លោក​គ្រូ-អ្នកគ្រូ​ជាច្រើន​នាពេល​បច្ចុប្បន្ន​មាន​លក្ខណៈ​ល្អប្រសើរ ពោលគឺ​ពួកគាត់​នៅមាន​ថាមពល​ខ្លាំង​ដែល​អាច​បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា​បាន​ក្នុង​រយៈពេល​វែង៕

Advertisement