ស្ត្រីនៅក្នុងវិស័យវិទ្យាសាស្ត្រពិត មានចំនួនតិចតួចគួរឱ្យ​បារម្ភ

នាយុគសម័យបច្ចុប្បន្ននេះ បច្ចេកវិទ្យាចាប់ផ្តើមមានការរីកចម្រើនខ្លាំង ហើយការអប់រំក៏ចាប់ផ្តើមមានការអភិវឌ្ឍ ដែលផ្តល់ឱកាស និងភាពងាយស្រួលសម្រាប់ស្ត្រី​ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង ដែលអាច​កាត់បន្ថយ​វិសមភាពនៃការអប់រំរវាងបុរស និងស្ត្រី។

ទោះបីជាចំនួនស្ត្រីដែលទទួលបានការអប់រំខ្អស់មានការកើនឡើងក្តី តែជាទូទៅគេសង្កេតឃើញថា ​ចំនួនស្ត្រីនៅក្នុងវិស័យវិទ្យាសាស្រ្តពិតនៅមានចំនួនតិចតួចបំផុត។ យោងតាម​ការបង្ហាញរបស់គេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញឱ្យដឹងថា ចំនួនស្ត្រីដែលធ្វើការផ្នែកបច្ចេកវិទ្យាមានចំនួនត្រឹមតែ 24% ប៉ុណ្ណោះលើពិភពលោក ខណៈមានស្ត្រីត្រឹមតែ​ 23% ប៉ុណ្ណោះធ្វើការងារពាក់ព័ន្ធនឹងកុំព្យូទ័រ និងគណិតវិទ្យា។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កញ្ញា សុខ ស៊ីគៀង ឯកអគ្គរាជទូតនៃកម្មវិធី Technovation នៅកម្ពុជា ធ្លាប់បានប្រាប់ថា បច្ចេកវិទ្យាមានសារៈសំខាន់ណាស់សម្រាប់ដោះស្រាយបញ្ហាជីវភាពរស់នៅ និងការងារសំខាន់ៗក្នុងសង្គម តែនៅកម្ពុជា​យើង គេសង្កេតឃើញថា មានចំនួនស្ត្រីតិចតួចនៅឡើយដែលជ្រើសរើសជំនាញបច្ចេកវិទ្យាដើម្បីសិក្សា។

អ្នកបណ្តុះបណ្តាលបច្ចេកវិទ្យាខាងលើបានបន្ថែមទៀតថា បញ្ហាដែលស្ត្រី ឬកុមារីកម្ពុជាកំពុងជួបប្រទះគឺពួកគាត់មិនទាន់យល់បានទូលំទូលាយពីសារៈសំខាន់នៃបច្ចេកវិទ្យា​ និងមិនទាន់ទុកចិត្តខ្លួនឯងថា មានសមត្ថភាពដូចបុរស តែពីមួយឆ្នាំទៅមួយឆ្នាំ​ដើម្បីដោះស្រាយបញ្ហានេះ កម្មវិធីជាច្រើនត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសដល់ស្ត្រីឱ្យបានយល់ដឹង និងប្រើប្រាស់សមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហារបស់សង្គមដោយខ្លួនឯង។

យោងតាមទិន្នន័យដែលបានបង្ហាញដោយ​វេទិកាសេដ្ឋកិច្ចបានឱ្យដឹងផងដែរថា នៅកម្ពុជា​មាននិស្សិតកម្រិតបណ្ឌិតចំនួន 95% ជាបុរស និងប្រមាណជា 79% នៃអ្នកស្រាវជ្រាវក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM៖ Science, Technology, Engineering, Math) ក៏សុទ្ធតែជាបុរសដូចគ្នា៕

 

 

Advertisement