យុវជន​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ឯកសារ​ស្រាវជ្រាវ

ការសិក្សា​ស្រាវជ្រាវ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព និង​ពង្រឹង​នូវ​គុណភាព​នៃ​ការអប់រំ​របស់​យុវជន ជាពិសេស​និស្សិត​ដែល​កំពុង​សម្រួច​សមត្ថ​ភាព​ដើម្បី​ត្រៀម​បម្រើ​ការងារ ឬ​បង្កើត​អាជីវកម្មថ្មីៗនៅក្នុង​សង្គម។ ចរន្ត​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​ត្រូវបាន​គេ​សង្កេតឃើញថា ចាប់ផ្តើម​មានការ​ផុសផុល​ឡើង​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តែ​អ្នកស្រាវជ្រាវ​មួយចំនួន​និយាយថា នៅមាន​ឧបសគ្គ​ច្រើន​នៅឡើយ​លើ​កត្តា​ឯកសារ។

កញ្ញា ឆែ សុ​សម្ផស្ស ប្រធាន​ក្រុម​ជំហាន​យុវជន​កម្ពុជា​ដែលជា​ក្រុម​ស្រាវជ្រាវ​ពី​ទិន្នន័យ​លើ​វិស័យ​នានា​ក្នុងសង្គម បាន​លើកឡើងថា ការសរសេរ ឬ​ការជជែក​ពិភាក្សា​តស៊ូ​មតិ ចាំបាច់​បំផុត​ត្រូវតែមាន​អំណះអំណាង ឬ​ទិន្នន័យ​ពី​ប្រភព​ច្បាស់លាស់ និង​ទទួលយកបាន ដើម្បីឱ្យ​និយមន័យ ឬ​ការលើកឡើង​នូវ​បញ្ហា​ទាំងអស់នោះ​មាន​ទម្ងន់ និង​ប្រកបដោយ​ភាពប្រាកដនិយម តែ​ជាទូទៅ​អ្នកស្រាវជ្រាវ ក៏ដូចជា​អ្នកតស៊ូ​មតិ​ដែរ តែងមាន​បញ្ហា​ប្រឈម​ធំ​មួយ​គឺ ខ្វះ​ទិន្នន័យ។

កញ្ញា ឆែ សុ​សម្ផស្ស បាន​និយាយថា៖ «ជាទូទៅ​យើង​ឃើញថា និស្សិត​ត្រូវការ​ស្រាវជ្រាវ​ដើម្បី​ធ្វើ​ការងារ​សាលា ហើយ​អ្នកតស៊ូ​មតិ​ក៏ត្រូវ​ការស្រាវជ្រាវ​ដើម្បី​ធ្វើជា​អំណះអំណាង​គាំទ្រ​ទឡ្ហីករណ៍​របស់ខ្លួន តែ​ពួកគេ​មាន​បញ្ហា​មួយ​គឺ កង្វះខាត​វិធីសាស្ត្រ​ស្រាវជ្រាវ និង​ខ្វះខាត​ប្រភព​ឯកសារ​សម្រាប់​ស្រាវជ្រាវ ដែល​ធ្វើឱ្យ​ពួកគេ​មិនអាច​បង្កើត​ស្នាដៃ​ដែល​ច្បាស់លាស់​បាន​ដោយ​ងាយ​នោះឡើយ»។

បង្ហាញ​ពី​ចំណុច​នេះដែរ​លោក ហម សុខ​នី ប្រធាន​ក្រុម​អ្នកអាន និង​ជា​អ្នកស្រាវជ្រាវ​មួយរូប បាន​លើកឡើងថា ជា​បញ្ហា​សម្រាប់​អ្នកស្រាវជ្រាវ​គឺ ទិន្នន័យសំខាន់ៗពាក់ព័ន្ធ​នឹង​បញ្ហាសំខាន់​នានា​ក្នុងសង្គម គឺ​នៅ​រាយប៉ាយ​គ្រប់​ទីកន្លែង​ដែល​ធ្វើឱ្យ​ពួកគេ​ចំណាយពេល​ច្រើន​ក្នុងការ​ស្វែងរក​ឯកសា​រ​មុនពេល​ចងក្រង​ជា​សំណុំ​ឯកសារ​ឡើង។

អ្នកស្រាវជ្រាវ​ខាងលើ​បាន​បន្ថែមទៀតថា ប្រសិនបើ​ប្រភព​ឯកសារ​ត្រូវបាន​គេ​ចងក្រង​ទុក​ឱ្យមាន​របៀបរៀបរយ និស្សិត​នឹងមិន​ពិបាក​ស្រាវជ្រាវ​នោះទេ ហើយ​ការទាញយក​អំណះអំណាង​ក្នុងការ​និយាយ​របស់​ពួកគេ​ក៏​នឹងមាន​ភាពរលូន​ផងដែរ។ នៅពេលនោះ​ការគិត​របស់​យុវជន​កម្ពុជា​នឹង​កាន់​តែមាន​លក្ខណៈ​ស៊ីជម្រៅ​ដែល​អាចធ្វើឱ្យ​ពួកគេ​អាច​ទាញយក​ប្រយោជន៍​បាន​យ៉ាងច្រើន​ពី​ការសិក្សា​ស្រាវជ្រាវ​នានា។

និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​ស្ថាបត្យកម្ម និង​ជា​អ្នកតស៊ូ​មតិ​ម្នាក់​ដែរ លោក ឆែម សុ​ភី បាន​លើកឡើងថា ទន្ទឹមនឹង​បញ្ហា​ឯកសារ​នៅ​រាយប៉ាយ កង្វះ​ការធ្វើ​បច្ចុប្បន្នភាព (Update) ទិន្នន័យ​ក៏​ជា​បញ្ហា​មួយ​ដែល​ធ្វើឱ្យ​និស្សិត និង​អ្នកតស៊ូ​មតិ​ពិបាក​ខ្លាំង​ណាស់ដែរ។ ជាទូទៅ គេ​សង្កេតឃើញថា អ្នកតស៊ូ​មតិ​មួយចំនួន​មានការ​ពិបាក​ខ្លាំង​ក្នុងការ​លើកយក​អំណះអំណាង​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ឱ្យស្រប​តាម​ស្ថានភាព​ជាក់ស្តែង និង​ស្របតាម​ព្រឹត្តិការណ៍ថ្មីៗដែល​កើតមាន​នៅក្នុង​សង្គម។

អ្នកតស៊ូ​មតិ​រូបនេះ​ចង់ឃើញ​ស្ថាប័ន​នានា​បង្ហាញ​ពី​ប្រភព​ឯកសារ​ឱ្យបាន​លឿន រួមទាំង​គ្រឹះស្ថាន​អប់រំ​នានា​ចូលរួម​ចងក្រង​ជា​ប្រភព​ទិន្នន័យ​ឱ្យបាន​រៀបរយ និង​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ជំនួយ​ដល់​សិស្ស និស្សិត​ដែល​ត្រូវការ​ស្រាវជ្រាវ​លើ​បញ្ហា​នានា​ដែល​វា​អាចជា​ទុន​នៃ​គំនិត​សម្រាប់​បង្កើត​ស្នាដៃថ្មីៗប្រកបដោយ​ភាព​ច្នៃប្រឌិត៕

Advertisement