ពេល​មេឃងងឹត ការរៀនសូត្រ​របស់​កុមារ​ក្នុង​តំបន់​ខ្លះ​ត្រូវ​បញ្ចប់…

កង្វះខាត​ភ្លើងអគ្គិសនី​របស់​ប្រជាជន​នៅ​តំបន់​ជនបទ​ដាច់ស្រយាល​មួយចំនួន​នៅ​កម្ពុជា បាន​បង្អាក់​ដល់​ការរៀនសូត្រ​របស់​កុមារ ព្រោះ​តំបន់​នៅឆ្ងាយៗពី​ផ្លូវជាតិ​ទាំងអស់នោះ​ពិបាក​ក្នុងការ​ស្វែងរក​ភ្លើងអគ្គិសនី​ប្រើប្រាស់ និង​ភូមិ​ខ្លះ​មិនមាន​ទាំង​កន្លែង​ប​ញ្ជូ​ល​ភ្លើង​អាគុយ​ផង។

នៅ​តំបន់​ខ្លះ​កុមារ​ត្រូវ​ប្រើប្រាស់​ចង្កៀងប្រេងកាត​បំភ្លឺ តែ​កុមារ​នៅ​តំបន់​ខ្លះទៀត​ដែល​អាណាព្យាបាល​មិនសូវមាន​ចំណេះដឹង​ខ្ពស់ ហាក់​មិនបាន​គិតគូរ​ដិតដល់​លើ​ការសិក្សា​របស់​កូន​នៅពេល​យប់​នោះទេ។

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ  អង្គការ​ទស្សនៈ​ពិភពលោក បាន​សហការ​ជាមួយនឹង​គម្រោង Panasonic 100 Thousand Solar Lanterns ដើម្បី​ផ្តល់​ចង្កៀង​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ដល់​ប្រជាជន​នៅ​តំបន់​ជនបទ​ដែល​នៅ​ឆ្ងាយ​ពី​ចរន្តអគ្គិសនី។ គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​អាចជួយ​កុមារតូចៗឱ្យទទួល​បាន​ពន្លឺ​គ្រប់គ្រាន់​ដើម្បី​អាន​សៀវភៅ និង​សិក្សា​បន្ត​នៅពេល​យប់ ព្រោះ​ពួកគេ​មាន​ពេល​មិន​ច្រើន​ទេ​ក្នុងការ​រៀនសូត្រ​នៅពេល​ថ្ងៃ​ដែល​ត្រូវ​ចែក​ពេលវេលា​សម្រាប់​រៀន​ផង និង​ជួយ​ធ្វើ​ការងារ​ផ្ទះ​ផង​នោះ។

អំពូល​ភ្លើង​ទាំងអស់នោះ ក៏ត្រូវ​បាន​គេ​រំពឹងថា នឹង​អាចជួយ​ផ្លាស់ប្តូរ​វាសនា​របស់​ពួកគេ​ឱ្យមាន​ភាពល្អ​ប្រសើរឡើង ព្រោះថា​នៅពេលដែល​កុមារ​នៅ​តំបន់​ជនបទ​មានចំណេះដឹង​គ្រប់គ្រាន់​ដើម្បី​ការសិក្សា​រៀនសូត្រ​ដែល​ល្អ​សមរម្យ  ពួកគេ​នឹង​អាច​ស្វែងរក​អាជីព​ដែល​ល្អ​សមរម្យ​បាន​នៅ​ថ្ងៃ​អនាគត​ដែរ៕

Advertisement