រថយន្ត​ដែល​ល្បី​លក់ដាច់​បំផុត​នៅ​ជប៉ុន មកដល់​ខ្មែរ​ហើយ!

រថយន្ត​ប្រភេទ SUV ខ្នាតតូច ម៉ូ​ដែល C-HR របស់​ក្រុមហ៊ុន Toyota Motor ដែល​ល្បី​លក់ដាច់​បំផុត​នៅលើ​ទីផ្សារ​ប្រទេស​ជប៉ុន​នោះ ពេលនេះ​បាន​មាន​វត្តមាន​នៅក្នុង​ទីផ្សារ​កម្ពុជា​យើង​ហើយ កាលពីពេលថ្មីៗនេះ។ នេះ​បើតាម​ការ​ឱ្យដឹងពី​ឃ្លាំង​លក់​រថយន្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ។

រយៈពេល 4 ខែក្រោយ​ពី​ចេញលក់​រថយន្ត Toyota C-HR រួចមក ស្ថាប័ន​ឧស្សាហកម្ម​រថយន្ត​នៃ​ប្រទេស​ជប៉ុន​បានចេញ​ផ្សាយ​ថា រថយន្ត​នេះ​ត្រូវបាន​គេ​បញ្ជា​ទិញ​រហូតដល់​ទៅ 13,168 គ្រឿង  ដោយ C-HR នេះ​មាន 2ប្រភេទ​គឺ 2-Wheel Drive  ម៉ាស៊ីន ​Hybrid មានតម្លៃ​ប្រមាណ 2,646,000 យេន (ឬ​ប្រហែល  23,100 ដុល្លារ) និង 4-Wheel Drive ម៉ាស៊ីន​ធម្មតា​តម្លៃ  2,516,400 យេន (ឬ​ប្រហែល 22,000 ដុល្លារ)។

ចំពោះ​រថយន្ត​ដែលមាន​លក់​នៅក្នុង​ស្រុក​ខ្មែរ​យើង​នេះ គឺជា​ប្រភេទ​ម៉ាស៊ីន​សាំង​ធម្មតា ជាមួយនឹង​ទំហំ​ស៊ីឡាំង4  ចំណុះ1.2 L អាច​រត់​បាន​ល្បឿន189 គីឡូម៉ែត្រ/ម៉ោង និង​មាន​សម្ទុះ​ពី0 ទៅ100គីឡូម៉ែត្រ/ម៉ោង ប្រើពេល10,9 វិនាទី  និង​ស៊ីសាំង 5 លីត្រ​ក្នុង​ចម្ងាយ​ផ្លូវ100 គីឡូម៉ែត្រ។

រថយន្ត​ដ៏​ប្រណីត​នេះ​មិនទាន់មាន​ដាក់លក់​ទូលំទូលាយ​លើ​ពិភពលោក​នៅឡើយ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​មួយ​នេះ​គ្រោង​នឹង​ចែកចាយ​C-HR ទៅកាន់​ទីផ្សារ100 ប្រទេស​ដើម្បី​បំពេញ​តាម​តម្រូវការ។

ទើបតែ​ចេញលក់​បាន​ប្រមាណ​ជា4ខែ​មែន ប៉ុន្តែ​C-HR ជា​រថយន្ត​ដែល​លក់ដាច់​បំផុត​របស់​ក្រុមហ៊ុន Toyota សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន ដោយ​លក់​ចេញ​បាន​សរុប13,168គ្រឿង៕

Advertisement