គណនេយ្យ​សំខាន់​ណាស់ តែ​មិនសូវមាន​អ្នក​ស្គាល់​ច្បាស់

គណនេយ្យ ជា​មុខវិជ្ជា​សំខាន់​មួយ​សម្រាប់​ការរស់នៅ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ផងដែរ​នៅក្នុង​សហគ្រាស និង​សង្គម​ទាំងមូល។ នៅ​កម្ពុជា​ក៏ដូចជា​នៅតាម​បណ្តា​ប្រទេស​នានា​ដែរ មុខវិជ្ជា​គណនេយ្យ​មាន​តម្រូវការ​ការងារ​ខ្ពស់ តែ​មុខវិជ្ជា​នេះ​ទាមទារ​ឱ្យមាន​ចំណេះដឹង​ពិតប្រាកដ រួមទាំង​ការបណ្តុះបណ្តាល​ច្បាស់លាស់​ទើប​អាចធ្វើ​ការងារ​បាន។

ដើម្បី​បង្ហាញ​កាន់តែច្បាស់​ពីមុខ​វិជ្ជា​គណនេយ្យ​សម្រាប់​សិស្ស-និស្សិត​កម្ពុជា គេហទំព័រ​ឡា​រ៉ែ​ន ពាណិជ្ជ បានធ្វើ​បទ​សម្ភាស​ជាមួយ​លោក សាន្ត ចន្ទ​កុម្ភៈ នាយក​បណ្តុះបណ្តាល​នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ នៃ​កម្ពុជា (FIC) ដែលមាន​អត្ថន័យ​ដូចខាងក្រោម។

  1. មុខវិជ្ជា​គណនេយ្យ​មាន​សារៈសំខាន់​ខ្លាំង​ប៉ុនណា​សម្រាប់​ខ្លួនឯង អាជីវកម្ម និង​សង្គម?

នៅក្នុង​ពិភពលោក នៃ​សកលភាវូបនីយកម្ម សហគ្រិនភាព​គឺជា​ចំណេះដឹង​ដ៏​ចាំបាច់​បំផុត​សម្រាប់​បង្កើត​អាជីវកម្ម​ប្រកបដោយ​ចីរភាព។ ចំណេះដឹង ផ្នែក​គណនេយ្យ​គឺ មាន​សារៈ​សំខាន់បំផុត​សម្រាប់​ខ្លួនឯង អាជីវកម្ម និង​សង្គម។

ខ្ញុំ​អាច​លើក​ឧទាហរណ៍​មួយ​ថា បើ​អ្នកណាម្នាក់​ចង់​បើក​អាជីវកម្ម​លក់​គ្រឿងសង្ហារិម​ការិយាល័យ។ ក្រៅពី​លក់​ផលិតផល​ឱ្យដាច់​ហើយ គាត់​ក៏ត្រូវ​យល់ដឹង​ពី​របៀប​គ្រប់គ្រង​លុយកាក់​ប្រកបដោយ​ប្រសិទ្ធភាព ត្រូវ​ដឹង​ពី​ចំណូល​ចំណាយ ការគ្រប់គ្រង​សន្និធិ (stock) របាយការណ៍​ទ្រព្យសកម្ម និង​ទ្រព្យអកម្ម​ផ្សេងទៀត​ជាដើម។ ចំណេះដឹង​ទាំងអស់នេះ ជា​ផ្នែក​មួយ​នៃ​ការសិក្សា​មុខវិជ្ជា​គណនេយ្យ។

សម្រាប់​ខ្លួនឯង​ផ្ទាល់ ចំណេះដឹង​គណនេយ្យ​អាចជួយ​ឱ្យ​យើង​គ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រួសារ​ប្រកបដោយ​ប្រសិទ្ធភាព។ ហើយ​ភ្ជាប់​ជាមួយ​រឿងនេះ​ផងដែរ យើង​ក៏​ឃើញថា សង្គម​មួយ​រីកចម្រើន​គឺ​នៅពេលដែល​ប្រជាជន​គ្រប់រូប​យល់ដឹង​ពី​វិធី​ចាយលុយ និង​ធនធាន​ដទៃទៀត​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ។

  1. តើ​មនុស្ស​ប្រភេទ​ណា​ទើប​សមជា​អ្នករៀន​ផ្នែក​គណនេយ្យ?

នៅ​ប្រទេស​ជឿនលឿន​ដូចជា សិង្ហ​បុរី​ជាដើម ចំណេះដឹង​ផ្នែក​គណនេយ្យ​គឺជា​បំ​ណិ​ន​ជីវិត។ គេ​បញ្ចូល​កម្មវិធី​គណនេយ្យ​តាំងពី​ថ្នាក់​ទី10 ឬ​កម្រិត​វិទ្យាល័យ​មកម្ល៉េះ។ ហេតុនេះ​សិស្ស​ដែល​សិក្សា​នៅ​វិទ្យាល័យ និង​គ្រប់​ប្រភេទ​នៃ​មនុស្ស​ទាំងអស់​គួរ​សិក្សា​យល់ដឹង​ពីមុខ​វិជ្ជា​នេះ។

  1. តើ​ការងារ​គណនេយ្យ​គេ​ធ្វើ​អ្វីខ្លះ​នៅក្នុង​វិស័យ​ការងារ?

ការងារ​គណនេយ្យ​មាន​លក្ខណៈ​ទូលំទូលាយ​ណាស់​នៅក្នុង​សហគ្រាសនីមួយ។ វា​អាស្រ័យទៅលើ​ទំហំ​សហគ្រាស និង​តំណែង​របស់​បុគ្គលិក​ម្នាក់។

តំណែង​សម្រាប់​ការងារ​គណនេយ្យ​មានដូចជា ស្មៀន​គណនេយ្យ ជំនួយការ​គណនេយ្យ ប្រធាន​គណនេយ្យ អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ​ជាន់ខ្ពស់ សវន​ករ​ជំនាញ និង​សវន​ករ​ជំនាញ​ផ្ទៃក្នុង​ជាដើម។

ស្មៀន​គណនេយ្យ ជា​តំណែង​ដំបូង​ដែល​អ្នកសិក្សា​គណនេយ្យ​គួរ​ចាប់​ផ្តើមធ្វើ។ តំណែង​នេះ​ទទួលបន្ទុក​លើ​ផ្នែក​បញ្ជី និង​កត់ត្រា​ប្រតិបត្តិការ​អាជីវកម្ម ចំណូល​ចំណាយ​ជាដើម។ ហើយ​ប្រធាន​គណនេយ្យ​ទទួលបន្ទុក និង​ទទួលខុសត្រូវ​លើ​ភាពត្រឹមត្រូវ​នៃ​ការកត់ត្រា​របាយការណ៍​អាជីវកម្ម របាយការណ៍​ហិរញ្ញវត្ថុ។ ចំណែកឯ អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ​ជាន់ខ្ពស់ ជា​តំណែង​កំពូល​មួយ​នៅក្នុង​ក្រុមហ៊ុន ទទួលបន្ទុក​គ្រប់គ្រង​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​គណនេយ្យ រួមទាំង​រៀបចំ​គម្រោង​ថវិកា​ប្រចាំឆ្នាំ គម្រោង​លំហូរ​សាច់ប្រាក់ និង​វិភាគ​របាយការណ៍​ហិរញ្ញវត្ថុ​ជាដើម។

និយាយ​ជារួម​ការងារ​គណនេយ្យ​សម្បូរ​ណាស់​នៅពេលដែល​បច្ចុប្បន្ន​អាជីវកម្ម​កំពុង​រីកដុះដាល​កាន់តែ​ច្រើនឡើង។

  1. តើ​ការងារ​គណនេយ្យ​មាន​ភាពលំបាក​អ្វីខ្លះ?

ខ្ញុំ​ជឿថា​ការសិក្សា​ជំនាញ អ្វី​ក៏ដោយ​ក៏មាន​ភាពលំបាក​របស់​វា​ដែរ ប៉ុន្តែ​ប្រសិនបើ​អ្នក​ដាក់ចិត្ត​ដាក់​កាយ​ដើម្បី​រៀន​មុខវិជ្ជា​នោះ អ្នកនឹង​សប្បាយរីករាយ​នៅពេល​អ្នកមាន​ការអភិវឌ្ឍ​ជំនាញ​នោះ។ ចំពោះមុខ​វិជ្ជា​គណនេយ្យ យើង​ធ្វើ​ការងារ​ច្រើន​ជាមួយនឹង​លេខនព្វន្ត។ ដូច្នេះ​វា​ទាមទារ​យើង​ឱ្យមាន​សុក្រឹតភាព​ជាមួយ​លេខ និង​ភាព​លម្អិត​នៃ​ប្រតិបត្តិកា​រនីមួយ។

មុខវិជ្ជា​នេះ ថែមទាំង​ទាមទារ​ឱ្យមាន​ភាព​អត់ធ្មត់​ច្រើន​ដោយសារ​យើង​ត្រូវអនុវត្ត​លំ​ហាត់​ដែលមាន​លក្ខណៈ​ជា​សេណារីយោ។ ប្រសិនបើ​យើង​មិន​ព្យាយាម​អនុវត្ត​លំ​ហាត់​ឱ្យបាន​ច្រើន​នោះទេ យើង​មិនអាច​យល់ដឹង​អំពី​ការ​អនុវត្តតាម​ស្តង់ដារ​គណនេយ្យ​បាន​ត្រឹមត្រូវ​នោះទេ។

  1. ដើម្បី​ទទួលបាន​ចំណេះដឹង​គណនេយ្យ​ល្អ​ពិតប្រាកដ ហើយ​ធានាថា​មាន​ការងារ​ត្រឹម​ត្រូវធ្វើ តើ​សិស្ស​និស្សិត​គួរ​ជ្រើសរើស​គ្រឹះស្ថានសិក្សា​បែបណា?

គ្រឹះស្ថាន​ទាំងអស់ ទាំង​រដ្ឋ និង​ឯកជន​ដែល​បង្រៀន​មុខវិជ្ជា​នេះ តែងតែ​ចង់ឱ្យ​សិស្ស​មានគុណ​ភាព។ ខ្ញុំ​មិនអាច​ធ្វើការ​វាយតម្លៃថា វិទ្យាស្ថាន​ណា ឬ​សាលា​ណា​ដែល​សិស្ស​គួរតែ​ជ្រើសរើស​នោះទេ តែ​សម្រាប់​មតិ​ខ្លួន​ខ្ញុំ​ផ្ទាល់ វា​ចេញពី​សិស្ស​ខ្លួនឯង​ច្រើនជាងគេ។

សិស្ស-និស្សិត​គួរតែ​ព្យាយាម​ស្រាវជ្រាវ​ឱ្យបាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន។ សិស្ស​ត្រូវ​ខ្នះខ្នែង​រក​កន្លែង​ហាត់​ការឱ្យ​បានល្អ​ដើម្បី​បំប្លែង​ចំណេះដឹង​ឱ្យទៅជា​ចំណេះធ្វើ៕

Advertisement