កុំ​អស់សង្ឃឹម អ្នកធ្លាក់​បាក់​ឌុប​សម័យនេះ​មិនមែន​អស់​ផ្លូវ​ដើរ​ទេ

ការប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ជា​កិត្តិយស​មួយ​សម្រាប់​ខ្លួនឯង និង​គ្រួសារ តែ​អ្នកធ្លាក់​បាក់​ឌុប​វិញ​ក៏​មិនមែន​មានន័យថា បាត់បង់​កិត្តិយស​ធ្ងន់ធ្ងរ ឬ​មិនអាច​ជោគជ័យ​ក្នុង​ជីវិត​នោះទេ ប្រសិនបើ​គេ​ចេះ​កែប្រែ​ស្ថានភាព​ឱ្យ​ល្អប្រសើរ​ឡើង។

តាមពិតទៅ​អ្នកធ្លាក់​បាក់​ឌុប​ទាំងអស់​មិន​ប្រាកដថា ពួកគេ​មិន​ខំប្រឹងប្រែង​រៀន​នោះទេ តែ​ពេលខ្លះ​មកពី​សមត្ថភាព ឬ​កាលៈទេសៈ​ណាមួយ​បណ្តាលឱ្យ​គាត់​ត្រូវ​ជួប​បញ្ហា ហើយ​មិនអាច​ប្រឡង​ជាប់ តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​គ្រប់ភាគី​ក្នុងសង្គម​នៅ​យកចិត្តទុកដាក់ ហើយ​ផ្តល់ឱកាស​ជាច្រើន​សម្រាប់​ពួកគេ។ សិស្ស​ដែល​ធ្លាក់​បាក់​ឌុប​នៅ​សម័យនេះ មិនមែន​អស់​ផ្លូវ​ដើរ​នោះទេ តាមពិតទៅ​គឺមាន​វិធី​ជាច្រើន​ណាស់​ដែល​គាត់​អាច​កសាង​ឧត្តមភាព​សម្រាប់​ជីវិត​បាន ហើយ​ពេលខ្លះ​អាច​ជោគជ័យ​ជាង​អ្នក​ប្រឡង​ជាប់​ផង​ក៏​ថា​បាន ប្រសិនបើ​ពួកគាត់​ដឹង​បញ្ហា ហើយ​ចេះ​កែ​វា​នោះ។

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ថា សិស្ស​ដែល​ធ្លាក់​បាក់​ឌុប​នៅ​ឆ្នាំនេះ មាន​ជម្រើស​ជាច្រើន​ដែល​អាច​ជ្រើសរើស​បាន។ ជម្រើស​ទី1 គឺ​គាត់​អាច​បន្ត​សិក្សា​ដើម្បី​ប្រឡង​មួយឆ្នាំ​ទៀត ទី2 គាត់​អាច​រៀន​បរិញ្ញាបត្ររង និង​ទី3 គាត់​អាច​សិក្សា​ជំនាញ​បច្ចេកទេស។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ «សិស្ស​ដែល​ធ្លាក់​បាក់​ឌុប អាច​សិក្សា​វគ្គ​ជំនាញ​ជាច្រើន​ដែល​អាចឱ្យ​គាត់​ទទួលបាន​ចំណូល​បាន​សមរម្យ ហើយ​ក៏មាន​វិធីសាស្ត្រ​ជាច្រើន​ដែល​អាចឱ្យ​គាត់​បញ្ចប់​ការសិក្សា​កម្រិត​ឧ​ត្ត​ម​សិក្សា​បានដែរ»។

ថ្លែង​ពី​បញ្ហា​នេះ​ផងដែរ ឯកឧត្តម ពេ​ជ សោភ័ន រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្លាប់បាន​លើកឡើងថា សិស្ស​នៅ​កម្ពុជា​ពេល​បច្ចុប្បន្ននេះ​មាន​ជម្រើស​ច្រើនណាស់​សម្រាប់​ការកំណត់​អាជីព​នាពេល​អនាគត។ សិស្ស​ដែល​បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ក្តី មិន​ជាប់ក្តី អាចដាក់​ពាក្យ​ចូលរៀន​ជំនាញ​បច្ចេកទេស​លើ​មុខវិជ្ជា​ជាច្រើន​ដែល​កម្ពុជា​កំពុង​ត្រូវការ។ នាពេល​បច្ចុប្បន្ននេះ​កម្ពុជា​កំពុង​ត្រូវការ​ពលកម្ម​ជំនាញ​មធ្យម​ច្រើន ហើយ​ការសិក្សា​ជំនាញ​បច្ចេកទេស​កម្រិត​មធ្យម​នេះ មិនចាំបាច់​ទាមទារ​ឱ្យ​សិស្ស​មាន​បាក់​ឌុប​នោះទេ។

ឯកឧត្តម ពេ​ជ សោភ័ន បាន​មានប្រសាសន៍ថា៖ «ពលកម្ម​ជំនាញ​មធ្យម ឬ​កម្មករ​ជំនាញ​នាពេល​បច្ចុប្បន្ននេះ អាច​ទទួលបាន​ប្រាក់ខែ​ខ្ពស់ ហើយក៏​ជា​មុខជំនាញ​ដែល​សង្គម​កំពុងតែ​ត្រូវការ​ដែរ។ មាន​អ្នកខ្លះ​ធ្វើការ​បាន​ប្រាក់ខែ​ខ្ពស់​ហើយ​ទើប​បន្ត​យក​វិស្វករ​ក៏មានដែរ»។

បើតាម​ឯកឧត្តម ពេ​ជ សោភ័ន សិស្ស​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ក្តី និង​ធ្លា​ក់បាក់​ឌុប អាច​មានឱកាស​ដូចគ្នា​ក្នុងការ​ចាប់យក​អាជីព​ការងារ​ដែល​សង្គម​កំពុង​ត្រូវការ។ រួច​បើ​យើង​សម្លឹង​មើលទៅ​ទីផ្សារការងារ​ទៀតសោត​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​នោះដែរ ជា​ឧទាហរណ៍​នៅក្នុង​សំណង់​អគារ​មួយ​មាន​វិស្វករ ឬ​អ្នកគ្រប់គ្រង​តែ​ម្នាក់ ឬ​ពីរ​នាក់​ប៉ុណ្ណោះ បន្ទាប់មក​គឺ​ត្រូវការ​មេការ​សំណង់​ពីរ​ឬ​បីនាក់ ចុងក្រោយ​អ្នក​ដែលមាន​ចំនួន​ច្រើនជាងគេ​នោះ​គឺជា កម្មករ​ជំនាញ។ កន្លងមក​ដោយសារតែ​បញ្ហា​កង្វះខាត​កម្មករ​ជំនាញ ម្ចាស់​ការដ្ឋាន​នានា​ត្រូវ​បង្ខំចិត្ត​ជួល​កម្មករ​ជំនាញ​ពី​បរទេស ដែល​ធ្វើឱ្យ​ពួកគាត់​ត្រូវ​ចំណាយ​ច្រើន​លើ​ប្រាក់ឧបត្ថម្ភ និង​ប្រាក់ខែ ខណៈ​ប្រជាជន​កម្ពុជា​ពិបាក​ស្វែងរក​ការងារ​ធ្វើ​លើ​ផ្នែក​ធំ។ នៅពេលដែល​សិស្ស-និស្សិត​កម្ពុជា ចាប់អារម្មណ៍​លើ​ការសិក្សា​ជំនាញ​បច្ចេកទេស ឬ​វគ្គក​ម្មករ​ជំនាញ​មធ្យម កម្ពុជា​នឹង​អាចមាន​ចំនួន​ធនធានមនុស្ស​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​លើ​សេចក្តីត្រូវការ​ដែល​សង្គម​កំពុង​ជួបប្រទះ។

បង្ហាញ​ពី​ដំណោះស្រាយ​សម្រាប់​សិស្ស​ធ្លាក់​បាក់​ឌុប​នេះ លោក​បណ្ឌិត យ៉ោ​ក សុ​ទ្ធី នាយក​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) ធ្លាប់បាន​លើកឡើងថា សិស្ស​ដែល​ធ្លាក់​បាក់​ឌុប​ឆ្នាំនេះ និង​ឆ្នាំ​កន្លងទៅ​គាត់​អាច​ស្វែងរក​វិទ្យាស្ថាន ឬ​គ្រឹះស្ថានបច្ចេកទេស​ណាមួយ ដើម្បី​ទទួលបាន​ការបណ្តុះបណ្តាល​បច្ចេកទេស​ជំនាញ​ពិតប្រាកដ។ ជា​ជម្រើស​ល្អ ពួកគាត់​អាច​ចូលរៀន​ថ្នាក់​បរិញ្ញាបត្ររង​រយៈ​ពេល 2ឆ្នាំ ដើម្បី​ឱ្យមាន​ជំនាញ​ពិតប្រាកដ​មួយ បន្ទាប់មក​គាត់​អាច​បន្ត​ថ្នាក់​បរិញ្ញាបត្រ​បាន៕

Advertisement