ចំណុច​ប្រុងប្រយ័ត្ន​សម្រាប់​សិស្ស​បាក់​ឌុប​ក្នុង​ថ្ងៃ​ចេញ​លទ្ធផល​នេះ

ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​សិស្ស​ថ្នាក់​ទី 12 ត្រូវ​ដឹង​លទ្ធផល​សម្រាប់​ការប្រឡង​ដ៏​តឹងតែង​របស់ខ្លួន ហើយក៏​ជា​ថ្ងៃ​ដែល​សិស្ស​ជាច្រើន​សប្បាយរីករាយ និង​សោកសៅ ព្រោះ​លទ្ធផល​នឹង​ចេញមក​មិនដូចៗគ្នា​នោះទេ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក្នុង​លក្ខខណ្ឌ​ដែល​បេក្ខជន​នោះ​ជាប់ ក៏​ប្រាកដថា​មិនមែន​គ្រោះថ្នាក់​នោះទេ​នៅថ្ងៃនេះ។ ប្រសិនបើ​អ្នក​ទាំងអស់គ្នា​មិន​ប្រុងប្រយ័ត្ន​ទេនោះ អ្នកនឹង​ត្រូវ​ជួប​រឿង​ស្តាយក្រោយ​ជាក់​ជាមិនខាន ហើយ​វិបត្តិ​ទាំងអស់នោះ​នឹង​ជះឥទ្ធិពល​ខ្លាំង​បំផុត​សម្រាប់​ជីវិត។

ខាងក្រោម​នេះ​ជា​បញ្ហា​មួយចំនួន​ដែល​អ្នក​ទាំងអស់គ្នា​ត្រូវ​ដឹង​សម្រាប់​ថ្ងៃ​ដ៏​ពិសេស​នេះ ហើយ​សូម​ចូលរួម​ទប់ស្កាត់​បញ្ហា​ទាំងអស់នោះ​កុំឱ្យ​វា​បំផ្លាញ​ជីវិត​យើង​បាន​ឱ្យសោះ។

1.ជប់លៀង​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត

ក្រោយពេល​ជួបជុំ សប្បាយរីករាយ សិស្ស និង​មនុស្ស​នៅ​កម្ពុជា​ចូលចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង។ អ្នក​ជាប់​គេ​ផឹក​ដើម្បី​អបអរសាទរ ហើយ​អ្នកធ្លាក់​គេ​នឹង​ផឹក​ដើម្បី​បំបាត់​ភាព​ស្មុ​គ្រ​ស្មាញ បញ្ហា​នេះ​ជា​រឿង​ដែល​ត្រូវ​ប្រុងប្រយ័ត្ន ព្រោះថា​ប្រសិនបើ​អ្នក​ភ្លេចខ្លួន​តែ​បន្តិច អ្នកនឹង​ស្តាយក្រោយ។

ជា​រៀងរាល់ឆ្នាំ បណ្តាញ​ព័ត៌មាន​សុទ្ធតែ​បាន​ចុះ​ពី​គ្រោះថ្នាក់​របស់​សិស្ស​ថ្នាក់​ទី 12 ដែល​គ្រោះថ្នាក់​បន្ទាប់ពី​ជប់លៀង​មិត្តភក្តិ​បន្ទាប់ពី​មើល​លទ្ធផល ហេតុនេះ​សូមមេត្តា​ការពារ​ខ្លួន​មុនពេល​សម្រេចចិត្ត​នៅ​ទៅ​ជប់លៀង​នៅ​ល្ងាច​នេះ កុំ​ឱ្យដល់​កំពង់ លង់​ទូក ប្រឡង​ជាប់ បែរជា​ត្រូវ​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៅវិញ ព្រោះ​នៅ​ថ្ងៃ​ដែល​សប្បាយរីករាយ​ខ្លាំង ឬ​កើត​ទុក​ខ្លាំង​អ្នក​ទាំងអស់គ្នា​នឹង​ភ្លេច​ពី​រឿងផ្សេងៗបើទោះបីជា​វា​ជា​រឿង​គ្រោះថ្នាក់​ក៏ដោយ។

2.ជុំគ្នា​ស្តាប់​យោបល់​ខ្វះ​ការគិត​ឱ្យធ្វើ​ឱ្យ​យើង​ដើរ​ខុស

ក្រោយពេល​មើល​លទ្ធផល​ប្រឡង​បាក់​ឌុប ស្ទើរតែ 100% នៃ​សិស្ស​ដែល​ប្រឡង​ជាប់ តែងតែ​ជួបជុំគ្នា ហើយ​នៅ​ស្រប​ពេលដែល​សប្បាយ​ជុំគ្នា ប្រធាន​ដែល​និយាយ​ពី​ដំណើរ​បន្ត​នឹង​ត្រូវបាន​គេ​លើកឡើង។ នៅពេលនោះ សំឡេង​ជាច្រើន នឹង​ចូលមកក្នុង​ត្រចៀក​របស់​សិស្ស​ដែល​មិនទាន់មាន​គោលដៅ​ច្បាស់លាស់ ហើយ​ហេតុផលល្អៗជុំវិញ​អាជីព និង​មុខវិជ្ជា​ជាច្រើន​នឹង​ចូលទៅក្នុង​ខ្លួន​គាត់ ដែល​ពេលខ្លះ​អាចធ្វើឱ្យ​គាត់​ភ្លេច​ពី​ចំណុច​ពិសេស​របស់​ខ្លួនឯង ហើយ​ងាក​ទៅ​ជ្រើសរើស​ជម្រើស​តាម​មិត្តភក្តិ​ដែលមាន​វោហា​សព្ទ​ច្រើន។ ចំណុច​ទាំងអស់នេះ​អាចធ្វើឱ្យ​គាត់​ជាប់​បាក់​ឌុប តែ​ខាត​ពេល​រៀន​មហាវិទ្យាល័យ​ចំ​មុខវិជ្ជា​ដែល​ខ្លួន​មិន​ស្រឡាញ់​ពិតប្រាកដ។

3.ក្រុម​បោកប្រាស់​មួយចំនួន​នឹង​ជ្រៀតចូល​ជាមួយ​ក្រដាស​ពាណិជ្ជកម្ម​គ្រឹះស្ថានសិក្សា

ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុប និង​ថ្ងៃ​ចេញ​លទ្ធផល តែងតែមាន​គ្រឹះស្ថាន​អប់រំ​ជាច្រើន​នឹងធ្វើ​ការចែក​ចាយ​នូវ​ខិត​បណ្ណ​ពាណិជ្ជកម្ម ព្រោងព្រាត។ ជា​បទពិសោធន៍​នៅក្នុង​ប្រទេស​យើង មាន​ក្រុមហ៊ុន ឬ​ក្រុមមនុស្ស​មួយចំនួន​ក៏​ប្រកាស​ជ្រើសរើស​សិស្ស​ឱ្យចូល​ធ្វើ​ការងារ​នៅក្នុង​នោះដែរ។

ការងារ​ទាំងអស់នោះ​ភាគច្រើន​ជាការ​ងារ​ដែល​មិន​ត្រូវការ​បទពិសោធន៍ មាន​ប្រាក់ចំណូល​គិត​ជា​សប្តាហ៍ ជា​បណ្តាញ​ទីផ្សារ ឬ​ជាការ​ងារ​ដែល​ស្រួល អាចធ្វើ​តាម​អន​ឡាញ​បាន​ជាដើម។ ដំណឹង​ជ្រើសរើស​ការងារ​ទាំងអស់​នោះ អាចជា​ដំណឹង​បោកប្រាស់ ឬ​ជា​តំណឹង​ដែល​ចង់​កេងចំណេញ​លុយកាក់​ពី​សិស្ស​វិទ្យាល័យ​ដែល​ចង់បាន​ការងារភ្លាមៗ ហេតុនេះ​សូម​គិតពិចារណា​មុនពេល​សម្រេចចិត្ត ឬ​មុនពេល​សម្រេចចិត្ត​ចាប់យក​ឱកាស​ទាំងអស់នោះ៕

Advertisement