ជំនន់​ទំនាក់ទំនង​អាចធ្វើឱ្យ​មនុស្ស​មាន​បញ្ហា តែ​យើង​អាច​ទប់ស្កាត់បាន

ការទំនាក់ទំនង​ជា​រឿង​សំខាន់​សម្រាប់​មនុស្ស ជាពិសេស​គឺ​អ្នករកស៊ី​ដែល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ផ្តល់ឱ្យ និង​ទាញយក​ផលប្រយោជន៍​ពី​ដៃគូ​អាជីវកម្ម និង​អតិថិជន​របស់ខ្លួន។

ទោះជា​ការទំនាក់ទំនង​មាន​សារៈសំខាន់​យ៉ាងណាក៏ដោយ តែ​ជាទូទៅ​វា​ក៏​ផ្តល់នូវ​ផល​អវិជ្ជមាន​មកកាន់​មនុស្ស​ផងដែរ ប្រសិនបើ​មនុស្សម្នា​ក់មាន​ទំនាក់ទំនង​ជាមួយនឹង​មនុស្ស​ប្រភេទ​ផ្សេងគ្នាច្រើនឡើងៗ ព្រោះ​ដើម្បី​រក្សា​ទំនាក់ទំនង​យើង​ត្រូវ​កាត់បន្ថយ​ពេលវេលា​ផ្ទាល់ខ្លួន និង​គ្រួសារ ដែល​វា​អាចធ្វើឱ្យ​ជីវិត​មាន​បញ្ហា​បាន។

លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ Cam-Paint បាន​លើកឡើងថា  នៅពេលដែល​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​កាន់តែ​កើនឡើង វា​នឹង​ក្លាយជា​ជំនន់​នៃ​ទំនាក់ទំនង ហើយ​រឿងនេះ​អាច​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​យើង។ ហេតុនេះ​យើង​ត្រូវមាន​វិធានការ​ដើម្បី​ដោះស្រាយ​វា។ កត្តា​សំខាន់​ដែល​ត្រូវធ្វើ​គឺ ត្រូវ​បែងចែក​ប្រភេទ​នៃ​ការទំនាក់ទំនង​ឱ្យបាន​ច្បាស់លាស់ ហើយ​កំណត់​ពី​ជំពូក​មនុស្ស​ដែល​ត្រូវ​ទាក់ទង​ដោយផ្ទាល់ និង​មនុស្ស​ដែល​ត្រូវ​ទាក់ទង​ដោយ​ប្រយោល។

លោក សោម សម្បត្តិ បាន​និយាយថា៖ «មនុស្ស​ម្នាក់​អាចមាន​ទាក់ទង​មនុស្ស​ច្រើន​បាន តែ​អាច​ស្និទ្ធ​ជាមួយ​មនុស្ស​ក្នុង​ចំនួន​តិចតួច​ល្មម​បាន​ហើយ ព្រោះ​ជីវិត​យើង​គ្មាន​ចន្លោះ​សម្រាប់​ដាក់​មនុស្ស​ច្រើនពេក​នោះទេ»។

បើតាម​លោក សោម សម្បត្តិ អ្នក​ដែល​ពូកែ​ទំនាក់ទំនង ហើយ​មិនមាន​បញ្ហា​ដល់​ជីវិត​ត្រូវ​ចេះ​មើល​កាលៈទេសៈ ហើយក៏​ជា​អ្នក​ដែលមាន​ភាព​ប៉ិនប្រសប់។ យើង​ត្រូវ​មើល​ឱ្យឃើញ​ពី​ពពួកមនុស្ស​ប្រមាណ 20% ដែលមាន​ឥទ្ធិពល​ដល់​អាជីវកម្ម 80% ហើយ​ធ្វើការ​ទាក់ទង​ដោយផ្ទាល់ ព្រោះ​គាត់​ជា​ផ្នែក​សំខាន់​មិនអាច​ខ្វះ​បាន តែ​ចំពោះ​មនុស្ស 80% ទៀត​ដែលមាន​ឥទ្ធិពល​សម្រាប់​អាជីវកម្ម​ត្រឹមតែ 20% វិញ គឺ​យើង​អាចធ្វើ​ការទំនាក់ទំនង​ដោយ​ប្រយោល ដូចជា​ការ​ទុក​តួនាទី​ឱ្យ​អ្នកគ្រប់គ្រង​បន្តបន្ទាប់​ចាត់ចែង​ដោយ​យកចិត្តទុកដាក់​ទៅតាម​ការទទួលខុសត្រូវរៀងៗខ្លួន ព្រោះ​មនុស្ស​ម្នាក់​មិនអាច​មើល​បុគ្គលិក​គ្រប់គ្នា​ដល់​ទៅ​រាប់រយ រាប់ពាន់​អ្នក​នោះទេ៕

Advertisement