រោងចក្រ​ផលិត​អគ្គិសនី​ពី​ពន្លឺព្រះអាទិត្យ​ដំបូង​គេ​របស់​កម្ពុជា លេចចេញ​ជា​រូបរាង​ហើយ

រោងចក្រ​ផលិត​អគ្គិសនី​ទាញ​ចេញពី​ពន្លឺព្រះអាទិត្យ​នៅ​ខេត្តស្វាយរៀង​ដ៏​ធំ​ដំបូង​គេ​របស់​កម្ពុជា ក្រោម​ការវិនិយោគ​រប​ស់​ក្រុមហ៊ុន Sunseap Group ប្រទេស​សិង្ហ​បុរី​បាន​លេចចេញ​ជា​រូបរាង​ហើយ​កាលពីដើម​ខែកញ្ញា ឆ្នាំ 2017នេះ។

ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ ធ្វើ​ឡើងលើ​ផ្ទៃដី 21 ហិកតា​ដោយ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ 14 លាន​ដុល្លារ និង​អាច​ផលិត​ថាមពល​បាន​ក្នុង​ទំហំ 10 មេ​ហ្គា​វ៉ា​ត់ (MK) បានចាប់ផ្តើម​ដំណើរការ​ហើយ​នៅ​ទីក្រុង​បាវិត ខេត្តស្វាយរៀង ហើយនឹង​បង្កើន​ថាមពល​បន្ថែម​នៅឆ្នាំក្រោយ។ គម្រោង​មួយ​នេះ បាន​កើតឡើង​ក្រោយពី​មានការ​គាំទ្រ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ក្នុងការ​ផ្តល់ប្រាក់​កម្ចី​ជា​ទឹកប្រាក់ 9,2 លាន​អឺរ៉ូ​ដល់​ក្រុមហ៊ុន Sunseap Group ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី។

កញ្ចប់​ហិរញ្ញប្បទាន​ដែល​ត្រូវ​បានផ្តល់​ដោយ​នាយកដ្ឋាន​ប្រតិបត្តិការ​វិស័យ​ឯកជន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​រួមបញ្ចូល​ទាំង​ការផ្តល់​សហ​ហិរញ្ញប្បទាន​ពី​ស្ថាប័នហិរញ្ញវត្ថុ​វិស័យ​ឯកជន​តាមរយៈ​កម្មវិធី​ឥណទាន​ខ្នាតតូច​បំផុត​របស់ ADB និង​កម្ចីសម្បទាន​ពី​មូលនិធិ​អាកាសធាតុ​កាណាដា​សម្រាប់​វិស័យ​ឯកជន​នៅ​អាស៊ី (CFPS) ។ កម្ចី​របស់ CFPS  មាន​សារៈសំខាន់​ក្នុង​ការជួយ​ដល់​អ្នក​ឧបត្ថម្ភ​ដើម្បី​ជម្នះ​នូវ​ហានិភ័យ​នៃ​ការផ្លាស់ប្តូរ​ដើមដំបូង និង​បុព្វលាភ​ចំណាយ​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​គម្រោង​ទីមួយ​នៃ​ប្រភេទ​នេះ។

ឯកឧត្តម កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ក្នុង​ដំណើរចុះ​ពិនិត្យ​ដំណើការ​នៃ​គម្រោង​ឧទ្យាន​ថាមពល​នោះ​ឱ្យដឹងថា រោងចក្រ​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ គឺជា​គម្រោង​ថាមពល​ស្អាត​មិន​ប៉ះពាល់​ដល់​បរិស្ថាន ហើយ​គម្រោង​នេះ​បង្ហាញឱ្យឃើញ​នូវ​ការបោះ​ជំហាន​ថ្មី​មួយទៀត​របស់​ប្រទេស​កម្ពុជា​ក្នុងការ​ទាញ​ថាមពល​អគ្គិសនី​ពី​ធម្មជាតិ បន្ទាប់ពី​ការ​ទាញ​ថាមពល​ពី​វា​រី​អគ្គិសនី។

ឯកឧត្តម​ក៏បាន​បញ្ជាក់​ផងដែរ​ថា គម្រោង​នេះ​ជា​ចំណែក​មួយ​នៅក្នុង​គោលនយោបាយ​ពង្រីក​ថាមពល របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលមាន​ទិសដៅ​តែមួយ​គឺ ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​គ្រប់​ភូមិ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ឱ្យបាន​កាន់តែ​ឆាប់។  ក្រុម Sunseap នឹងធ្វើ​ការលក់​ថាមពល​ទៅឱ្យ​អគ្គិសនី​កម្ពុជា​ក្នុងតម្លៃ​ទាប ក្នុង​រយះពេល 20 ឆ្នាំ ហើយ​បន្ទាប់ពី​ជោគជ័យ អគ្គិសនី​កម្ពុជា​នឹងសិក្សា​គម្រោង​ឧទ្យាន​ថាមពល​ពន្លឺព្រះអាទិត្យ​ធំ​មួយទៀត ដែលមាន​ទីតាំងនៅក្បែរៗរាជធានី​ភ្នំពេញ​វិញ​ម្ដង៕

Advertisement