មនុស្ស​ចាស់​ដែល​មិនបាន​ចូល​សាលា​ពី​ក្មេង មានសង្ឃឹម​បាន​រៀន​វិញ​ហើយ

ទិវា​អក្ខរកម្ម​ជាតិ អន្តរជាតិ ជា​ទិវា​មួយ​ដែល​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី8 ខែកញ្ញា​ជា​រៀងរាល់ឆ្នាំ ដើម្បី​ជំរុញ​ឱ្យ​មនុស្ស​គ្រប់គ្នា​ទទួលបាន​ការអប់រំ ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ សម្រាប់​ជួយ​ដល់​ការរស់នៅ​ក្នុងសង្គម និង​ពិភពលោក។

សម្រាប់​ឆ្នាំ2017នេះ នៅ​កម្ពុជា​យើង​នឹង​ប្រារព្ធ​ទិវា​អក្ខរកម្ម​ជាតិ អន្តរជាតិ ក្រោម​ប្រធានបទ «អក្ខរកម្ម​ផ្សារភ្ជាប់​នឹង​សហគមន៍» ដែល​បើ​យោងតាម​ក្រសួង​អប់រំ យុវជន និង​កីឡា បានបង្ហាញ​ផងដែរ​ថា ចំណុចសំខាន់ៗដែល​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​កម្មវិធី​យ៉ាង​មាន​សារៈសំខាន់​នោះ គឺ​ផ្តោតលើ​ភាព​សំខាន់​នៃ​អក្ខរកម្ម​សម្រាប់​ការអភិវឌ្ឍ សម្រាប់​សេដ្ឋកិច្ច​គ្រួសារ និង​សម្រាប់​ភាព​សុខដុម​ក្នុង​ជីវិត​របស់​ប្រជាជន​គ្រប់រូប។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា កម្មវិធី​អក្ខរ​កម្មនេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ដើម្បី​ធ្វើឱ្យ​ប្រជាជនមាន​ចំណេះដឹង​ជា​មូលដ្ឋាន​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត រួមទាំង​ចាប់យក​ឱកាស​ជាច្រើន​ទៀត​សម្រាប់​ការអភិវឌ្ឍ​ខ្លួនឯង។ ហេតុនេះហើយ​ទើប​ក្រសួង​អប់រំ លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មិនបាន​ចូលរៀន​នៅ​សាលា​អាច​ចូលរៀន​នៅ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ប្រមាណ​ជាង 350 កន្លែង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជា 17,000នាក់​បាន​ចេះអក្សរ។

លោក គួច គូ​លំអ ប្រធាន​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ នៃ​ក្រសួង​អប់រំ បាន​លើកឡើងថា ការ​ប្រារព្ធ​ទិវា​អក្ខរកម្ម​ជាតិ អន្តរជាតិ​នៅ​ឆ្នាំនេះ យើង​នឹងធ្វើ​នៅ​ខេត្តបាត់ដំបង ហើយ​កម្មវិធី​នេះ​នឹង​ជួយ​ដល់​ប្រជាជន​នៅតាម​មូលដ្ឋាន ព្រោះ​កាលណា​ពួកគាត់​ចេះអក្សរ និង​ចេះ​លេខ ហើយ​មាន​ជំនាញ​ច្បាស់លាស់ គាត់​នឹង​អាច​រកប្រាក់​ចំណូល​បាន។ លើសពីនេះ គាត់​នឹង​អាច​ចេះ​គិតពិចារណា​បាន​ត្រឹមត្រូវ ដោយ​អាច​កាត់បន្ថយ​អំពើហិង្សា​ក្នុង​គ្រួ​សារបាន​ទៀតផង។

លោក​ប្រធាន​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ​បាន​បន្ថែមទៀតថា កម្មវិធី​អក្ខរកម្ម​ជាតិ​នេះ​បាន​លើកតម្កើង​តម្លៃ​ប្រជាធិបតេយ្យ ជួយ​អភិវឌ្ឍ​ប្រទេស​ឱ្យ​ការរស់នៅ​ជាមួយគ្នា​មាន​ភាពសុខដុមរមនា និង​បង្កើន​សាមគ្គីភាព​សហគមន៍៕

Advertisement