អ្នក​មិន​ពូកែ​និយាយ​ក៏​អាចបង្កើត​ទំនាក់ទំនង​ល្អ​បានដែរ

ការទំនាក់ទំនង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្សម្នាក់ៗ ព្រោះថា ទំនាក់ទំនង​មាន​ឥទ្ធិពល​លើ​គ្រប់ផ្នែក​នៃ​ការរស់នៅ​ទាំង​ក្នុង​គ្រួសារ ក្នុង​ក្រុមហ៊ុន ឬ​ក្នុង​ស្ថាប័ន​ដែល​យើង​ធ្វើការ និង​ក្នុងសង្គម។

ជាទូទៅ គេ​មើលឃើញថា អ្នក​ដែល​ពូកែ​ទំនាក់ទំនង គឺជា​មនុស្ស​ដែល​ពូកែ​និយាយ ឬ​ពូកែ​ក្នុងការ​បង្ហាញ​អារម្មណ៍​យល់ចិត្ត​ដល់​មនុស្ស​ដទៃ ព្រមទាំង​ចេះ​ទាញយក​ប្រយោជន៍​ពី​ការជួយ​គ្នា​ទៅវិញទៅមក​រវាង​ខ្លួន​គាត់​ផ្ទាល់ និង​មនុស្ស​ដទៃទៀត​ផង។ ការមើលឃើញ​នេះ បានធ្វើឱ្យ​មនុស្ស​មួយចំនួន​ដែល​មិនសូវ​ពូកែ​និយាយ (មិនសូវ​មាត់ មិនសូវ​ក) ពី​កំណើត​ហាក់​មិនមាន​ទឹកចិត្ត​ក្នុងការ​ទំនាក់ទំនង ព្រោះ​គាត់​អាច​គិតថា គាត់​មិន​ពូកែ​និយាយ​ប្រហែលជា​មិនអាច​បង្កើត​ទំនាក់ទំនង​ល្អ​បាន​នោះទេ តែ​តាមពិតទៅ អ្វីដែល​គាត់​គិត​នោះ​មិន​ប្រាកដថា ត្រឹមត្រូវ​ទេ ព្រោះ​អ្នក​ពូកែ​ទំនាក់ទំនង​ជាច្រើន​បាន​លើកឡើងថា អ្នក​មិន​ពូកែ​និយាយ​ក៏​អាច​ពូកែ​ទំនាក់ទំនង​ដែរ។

លោក សោម សម្បត្តិ នាយក​ប្រតិបត្តិ​នៃ​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ Cam-Paint បាន​លើកឡើងថា ការទំនាក់ទំនង​មិន​ប្រាកដថា ត្រូវ​និយាយ​ច្រើន​នោះទេ ព្រោះ​អ្នកទំនាក់ទំនង​ត្រូវការ​ការបង្ហាញ​អារម្មណ៍​ពិត​ទៅកាន់​មនុស្ស​ដែល​យើង​ចង់​ទាក់ទង ហេតុនេះ​ចំណុច​សំខាន់​គឺ​ការបង្ហាញ​ភាពស្មោះត្រង់​ទៅកាន់​មនុស្ស​ដទៃ។ ការបង្ហាញ​ភាពស្មោះត្រង់ មិនមែន​ប្រាកដថា ត្រូវ​និយាយ​ច្រើន​នោះទេ តែ​ត្រូវការ​សកម្មភាព និង​ការយកចិត្តទុកដាក់​ទៅកាន់​អ្នក​ដែល​យើង​ចង់​ទាក់ទង​ច្រើនជាង។

លោក សោម សម្បត្តិ បាន​មានប្រសាសន៍ថា៖ «ការទំនាក់ទំនង​ចាំបាច់​បំផុត​ត្រូវការ​ភាពស្មោះត្រង់។ ដូចជា​អ្នកលក់​ម្នាក់ ប្រសិនបើ​គ្មាន​ផលិតផល​ល្អ​ដើម្បី​លក់​ទេនោះ ទោះបីជា​គាត់​ពូកែ​និយាយ​មើលទៅ​ទំនង​ប៉ុនណា​ក៏​ថ្ងៃក្រោយ​គេ​នឹង​ដឹង​ពី​ភាព​ពិត ហើយ​ដាច់​ទំនាក់ទំនង​ជាក់​ជាមិនខាន តែ​ប្រសិនបើ​អ្នកលក់​ម្នាក់ទៀត​មិនសូវ​ពូកែ​និយាយ តែ​គាត់​មាន​ភាពស្មោះត្រង់ ហើយ​មាន​ការតស៊ូ​ខ្ពស់ ដោយ​យកចិត្តទុកដាក់​ខ្ពស់​ដល់​អតិថិជន​គាត់​នឹង​អាច​រក្សា​ទំនាក់ទំនង​បានល្អ និង​បានយូរ ព្រោះ​មនុស្ស​ស្គាល់គ្នា​យូរ​ប្រាកដជា​ស្គាល់ចិត្ត ហើយ​មិនបាច់​និយាយ​ច្រើន​នោះទេ។ អ្វីដែល​គេ​និយាយ​គឺ​រឿង​សាច់​ការ​សុទ្ធ​តែម្តង»។

ស្រដៀង​គ្នា​នេះដែរ​លោក​ឧកញ៉ា ជា ដែន អគ្គនាយករង​សមាគម​អ្នក​ទីផ្សារ​កម្ពុជា​បាន​លើកឡើងថា ការទំនាក់ទំនង​មាន​វិធី​ជាច្រើន មិនមែន​គ្រាន់តែ​ត្រូវ​ប្រើ​សំដី​នោះទេ។ ការបង្ហាញ​សកម្មភាព ការបង្ហាញ​ទឹកមុខ និង​ការធ្វើ​រឿងរ៉ាវ​ជាច្រើន​ទៀត​សុទ្ធតែជា​ផ្នែក​នៃ​ទំនាក់ទំនង។

លោក​ឧកញ៉ា ជា ដែន បាន​និយាយថា៖ «ការទំនាក់ទំនង​មិន​ប្រាកដថា ត្រូវ​ទាក់ទង​ដោយ​សំដី​នោះទេ តែ​ត្រូវ​ការយក​បេះដូង​ទៅទាក់ទង។ នៅ​កាលៈទេសៈ​ខ្លះ​ការចេះ​គួរសម និង​សកម្មភាព​យល់ចិត្ត ក៏ដូចជា​ការឱ្យ​តម្លៃ​ដល់​អ្នក​ដែល​យើង​ចង់​ទាក់ទង​សុទ្ធតែ ជា​អ្វីដែល​យើង​អាចធ្វើ​ទៅបាន​សម្រាប់​ការទំនាក់ទំនង»។

បង្ហាញ​លើ​ចំណុច​នេះដែរ លោក ហង្ស ព្រី​ន​យ៉ា ស្ថាបនិក​នៃ​ពាណិជ្ជករ​ឈានមុខ​បាន​លើកឡើងថា ក្រៅពី​និយាយ យើង​អាចធ្វើ​ការទំនាក់ទំនង​ដោយ​ការសរសេរ Email ដើម្បី​ទាក់ទង​ទៅ​អ្នក​ដែល​យើង​ចង់​ទំនាក់ទំនង រួមទាំង​វិធី​ជាច្រើន​ផ្សេងទៀត​ដែល​សុទ្ធតែ​អាចឱ្យ​យើង​បង្កើត​ចំណង​ទំនាក់ទំនង​បានល្អ។

លោក ព្រី​ន​យ៉ា បានលើកឡើង​ផងដែរ​ថា ពេលខ្លះ​យើង​ត្រូវ​ចេះ​ប្តូរ​វិធីសាស្ត្រ​ក្នុងការ​ទំនាក់ទំនង ប្រសិនបើ​មិន​ពូកែ​និយាយ យើង​អាច​ពូកែ​សរសេរ ហើយ​ការហ្វឹកហាត់​សរសេរ​នេះ ក៏​អាចធ្វើឱ្យ​មនុស្ស​ណា​ម្នាក់​យល់​ពី​យើង និង​រក្សា​ទំនាក់ទំនង​បានល្អ​ផងដែរ ប្រសិនបើ​យើង​មាន​ភាពស្មោះត្រង់​នៅក្នុង​ការទាក់ទង​ជាមួយនឹង​គេ៕

Advertisement