ការដាក់ពិន័យ​បែប​វិជ្ជមាន​ជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​អប់រំ​កុមារ

ការវាយដំ ការស្តីបន្ទោស និង​សកម្មភាព​គំរាមកំហែង ជា​ទម្លាប់​មិនល្អ​មួយ​ដែល​មនុស្ស​ជំនាន់​មុន​តែងតែ​ប្រើប្រាស់​ដើម្បី​អប់រំកូនៗ ឬ​គ្រូ​ប្រើ​សម្រាប់​ដាក់ទោស​ដល់​សិស្ស​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ពួកគេ​ខំរៀន​ជាដើម។

សកម្មភាព​ទាំងអស់នេះ​ត្រូវបាន​អ្នក​អប់រំ​ភាគច្រើន​មើលឃើញថា អាច​បណ្តាលឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​ខួរក្បាល​របស់​សិស្ស ឬ​អាចធ្វើឱ្យ​ពួកគេ​បាក់​ស្មារតី មិន​ហ៊ាន​ប្រឈម​ជាមួយនឹង​បញ្ហា ហើយ​មិន​ចង់ទៅ​រៀន។ ផ្តើមចេញពី​ការប្រើប្រាស់​ហិង្សា ក្មេងតូចៗក៏​អាច​ក្លាយជា​មនុស្ស​ដែល​ចូលចិត្ត​ប្រើ​ហិង្សា​ដើម្បី​ដោះស្រាយ​បញ្ហា​ផងដែរ​នៅ​ថ្ងៃ​អនាគត។

មាន​អាណាព្យាបាល​ជាច្រើន​គិតថា គ្មាន​វិធី​ណា​ផ្សេង​ក្រៅពី​ការប្រើ​អំពើហិង្សា​នោះទេ ដើម្បី​អប់រំ​កូន តែ​តាមពិតទៅ​មាន​វិធីសាស្ត្រ​ជាច្រើន ដែល​ក្នុងនោះ​ការដាក់ពិន័យ​តាមបែប​វិជ្ជមាន ក៏​ជា​វិធី​សំខាន់​មួយ​ដែល​អាចជួយ​ឱ្យ​ក្មេង​ទទួលបាន​ការផ្លាស់ប្តូរ​ប្រកបដោយ​ភាព​វិជ្ជមាន។ ការដាក់ពិន័យ​ដោយ​វិជ្ជមាន​នេះ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយនឹង​អង្គការ UNICEF នៅ​កម្ពុជា ធ្វើការ​បណ្តុះបណ្តាល​ដល់​គ្រូ​នៅ​សាលាបឋមសិក្សា​ចំនួន 172 នៅ​កម្ពុជា ក៏ដូចជា​បណ្តុះបណ្តាល​ដ​ល់​នាយក​សាលា​ផងដែរ។

យោងតាម​ការបង្ហាញរ​បស់ UNICEF បានឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ជួយ​ឱ្យ​គ្រូ​នៅ​សាលាបឋមសិក្សា​យល់​ពី​អត្ថន័យ​នៃ​អំពើហិង្សា និង​ពី​ផលប៉ះពាល់​របស់​វា​លើ​សុខុមាលភាព​កុមារ​ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង។ គ្រូ​ក៏បាន​ចាប់ផ្តើម​ប្រើប្រាស់​វិធីសាស្ត្រ​នេះ  ដើម្បី​ដាក់វិន័យ​លើ​សិស្ស និង​គ្រប់គ្រង​ថ្នាក់រៀន​តាមបែប​វិជ្ជមាន ជំនួស​ឲ្យ​ការប្រើប្រាស់​អំពើហិង្សា ហើយ​គោល​វិធី​បែបនេះ​បាន​ជួយ​បង្កើត​នូវ​ទំនាក់ទំនង​កាន់តែ​ល្អ​រវាង​សិស្ស និង​គ្រូ​ផងដែរ។ ឧទាហរណ៍ សិស្ស និង​គ្រូ​ចេះ​បង្កើត​បទបញ្ជាផ្ទៃក្នុង​រួមគ្នា​សម្រាប់​ថ្នាក់រៀន ដែល​កំណត់​យ៉ាងច្បាស់​ពី​ឥរិយាបថ ដែល​ចាត់ទុកថា សមស្រប និង​មិន​សមស្រប​នៅក្នុង​ថ្នាក់រៀន។ សិស្ស​ច្រើនតែ​អនុវត្ត​ទៅតាម​បទបញ្ជាផ្ទៃក្នុង​នេះ នៅពេលដែល​ពួកគេ​មានឱកាស​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការរៀបចំ​ការបង្កើត​បទបញ្ជាផ្ទៃក្នុង​ទាំងនេះ​ជាមួយនឹងគ្រូៗរបស់​ពួកគេ៕

Advertisement