អនុគណៈកម្មការ​ទាំង​អស់​ត្រូវ​ដកហូត​ទូរស័ព្ទ​ទុក ពេល​បូក​ពិន្ទុ​បាក់​ឌុប

បន្ទាប់ពី​បាន​បូកសរុប​លទ្ធផល​ការងារ​កែ​វិញ្ញាសា​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ដំណើរការ​នៃ​ការ​បូកសរុប​លទ្ធផល​ក៏ត្រូវ​បានចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី01 ខែតុលា ឆ្នាំ2017 នេះ។

ដើម្បី​ធានាថា​កិច្ចការ​ស្រង់​ពិន្ទុ​នេះ​ធ្វើ​ទៅដោយ​រលូន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​បង្ហាញ​ពី​ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​លទ្ធផល នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។ កិច្ចប្រជុំ​នេះ​ក៏​ធ្វើឡើង​ដើម្បី​ណែនាំ​មន្ត្រី​ជំនាញ​ទាំងអស់​ឱ្យ​យល់ច្បាស់​ពី​បច្ចេកទេស​នៃ​ដំណើរការ​ស្រង់​ពិន្ទុ​ឱ្យបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ស្របតាម​គោល​កាណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន។

ការ​បូកសរុប​ពិន្ទុ​នៅ​ព្រឹក​នេះ គឺធ្វើឡើង​ដោយ​ភាពស្ងប់ស្ងាត់ និង​ទុកចិត្តបាន​ព្រោះ​មន្ត្រី​ទាំងអស់​បានធ្វើការ​ដោយ​យកចិត្តទុកដាក់ និង​គោរព​តាម​គោលការណ៍​របស់​ក្រសួង ដែល​សូម្បីតែ​ទូរស័ព្ទ​របស់​អនុគណៈកម្មការ​ក៏ត្រូវ​បាន​ដកហូត​ទុក​នៅក្រៅ​មណ្ឌល​ដែរ៕

Advertisement