ក្រោយ​ចប់​បាក់​ឌុប​សិស្ស​គួរ​ធ្វើ​អ្វីខ្លះ?

សិស្ស​ជាច្រើន ឬ​ស្ទើរតែ 100% សុទ្ធតែ​មានការ​សប្បាយ​ចិត្ត លាយឡំ​នឹង​ការសោកស្តាយ ភ័យ អរ និង​រំភើប​បន្ទាប់ពី​ការប្រឡង​បាក់​ឌុប​ចប់ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​ពួកគេ​ត្រូវតែ​សម្រួល​អារម្មណ៍​ដើម្បី​បន្តដំណើរ​ដ៏​វែងឆ្ងាយ​បន្ថែមទៀត​ទៅ​ថ្ងៃ​អនាគត។

ស្ថាបនិក​គ្រឹះស្ថាន​អប់រំ Start Up Cambodia លោក គីម ដា​រ៉ា​បាន​លើកឡើងថា រំលឹក​ដល់​អារម្មណ៍​ពេល​បាក់​ឌុប​ហើយ កាលពី10ឆ្នាំមុន លោក​មាន​អារម្មណ៍​ថា​សោកសៅ​ជាខ្លាំង ពិសេស​អន់ចិត្ត​ដោយ​ធ្វើ​កិច្ចការ​មានការ​ធ្វើ​ប្រហែល​ច្រើន តែ​នៅពេលដែល​លោក​គិតដល់​ក្តី​សុ​បិ​ន្ត​ដែល​ត្រូវ​ចូលរៀន​សាលា​វិស្វកម្ម​ដោយ​អាហារូបករណ៍​លោក​បាន​ទុក​ភាព​សោកសៅ​មួយ​ឡែក ហើយ​វេច​បង្វិច​មក​ភ្នំពេញ​ដើម្បី​រៀន​នៅ​សាលា​តិច​ណូ។

លោក​បាន​បញ្ជាក់ថា គិត​ឡើងវិញ បើ​លោក​នៅតែ​សោកសៅ​ជាមួយនឹង​បញ្ហា​មួយចំនួន​នៃ​ការប្រឡង​បាក់​ឌុប លោក​ប្រហែលជា​មិនអាច​ប្រឡង​បាន​អាហា​រូប​ករ​ណ៏​នោះទេ មិនតែប៉ុណ្ណោះ​លោក​បាន​ប្រើ​ភាព​សោកសៅ ដើម្បី​ទាញយក​ភាពជោគជ័យ​បន្ថែមទៀត ដោយ​លោក​តែងតែ​ប្រាប់​ខ្លួនឯង​ថា ឈប់​ប្រហែស ឈប់​អំនួត ហើយ​ត្រូវ​ធ្វើការ​ដោយ​ផ្ចិតផ្ចង់។ ជា​លទ្ធផល ក្រោយ​ចប់​បាក់​ឌុប​រយៈពេល 2ឆ្នាំ លោក​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន។

លោក គីម ដា​រ៉ា បាន​និយាយថា៖ «និយាយ​បក​មកវិញ ខ្ញុំ​ចង់​និយាយថា ក្រោយ​ចប់​បាក់​ឌុប បើទោះបីជា​មិនទាន់​ចេញ​លទ្ធផល​ក៏ដោយ ប្អូនៗមិនត្រូវ​ទុកពេល​វេលា​ឱ្យ​កន្លង​ទៅដោយ​ឥតប្រយោជន៍​នោះទេ ត្រូវតែ​ប្រើ​វា​ក្នុងការ​សម្រួច​សមត្ថភាព​ដើម្បី​ឈានទៅ​សម្រេច​ក្តី​សុបិន​របស់ខ្លួន»។

និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​បរទេស លោក សុខ ពិសី បាន​លើកឡើងថា ក្រោយ​ប្រឡង​បាក់​ឌុប​ចប់ អ្វីដែល​ត្រូវធ្វើ​គឺ​សម្រាក​ប៉ុន្មាន​ថ្ងៃ បន្ទាប់មក​ត្រូវ​ត្រៀម​ចិត្ត ត្រៀម​កាយ​ដើម្បី​សម្រួច​គោលដៅ​របស់ខ្លួន។ លោក​បានចាប់ផ្តើម​គិតពី​ចំណង់​ចំណូលចិត្ត​ដែល​លោក​មាន​ពិតប្រាកដ បន្ទាប់មក​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​មហាវិទ្យាល័យ ដើម្បី​ដឹង​ឱ្យ​ច្បាស់​ថា​តើ​លោក​ត្រូវ​ត្រៀម​អ្វីខ្លះ​សម្រាប់​ការចូល​រៀន​នៅ​មហាវិទ្យាល័យ។

លោក សុខ ពិសី និយាយថា៖ «ទោះបីជា​យើង​មិនទាន់​ដឹង​ច្បាស់​ថា​យើង​ជាប់​ឬ​ធ្លាក់​ក៏ដោយ តែ​យើង​អាច​ត្រៀមខ្លួន​មុន​ឱ្យ​បានល្អ​ដើម្បី​ចូល​មហាវិទ្យាល័យ ឬ​ធ្វើ​អ្វី​បន្តទៀត​បន្ទាប់ពី​បញ្ចប់​ការប្រឡង។ បើសិនជា​យើង​បាន​ត្រៀម​ទុក​រួចរាល់​នោះ​យើង​នឹង​ដើរ​បាន​លឿន តែបើ​យើង​បណ្តោយ​ខ្លួន​ឱ្យ​ខ្វល់ខ្វាយ​ជាមួយនឹង​រឿង​ដែល​ប្រឡង ហើយ​មិន​ព្រមធ្វើ​សកម្មភាព​អ្វី​សោះ​យើង​អាច​នឹង​ស្តាយក្រោយ»។

និស្សិត​ខាងលើ​បាន​បន្ថែមទៀតថា ចំណុច​ដែល​សិស្ស​គួរ​ធ្វើ​គឺ ចាប់ផ្តើម​ស្វែងយល់​ពី​ខ្លួនឯង​ដោយ​ការប្រឹក្សា​ជាមួយនឹង​មនុស្ស​ជុំវិញខ្លួន ឬ​សរសេរ​ចូល​នូវ​ចំណុច​ដែល​ខ្លួន​ចង់​ធ្វើ​នៅ​ថ្ងៃ​អនាគត ដើម្បី​ត្រៀមខ្លួន​ដាក់ពាក្យ​ចូលរៀន ឬ​ប្រឡង​អាហារូបករណ៍​លើ​ជំនាញ​ដែល​យើង​ស្រឡាញ់​ពិតប្រាកដ៕

Advertisement