Smart បង្ហាញ​សសរស្តម្ភ 4 ដែល​ធ្វើឱ្យ​ខ្លួន​រឹងមាំ​ក្នុង​ទីផ្សារ​កម្ពុជា

ក្រោយ​ចាប់ផ្ដើម​ប្រតិបត្តិការ​តាំងពី​ឆ្នាំ 2008 ក្នុងប្រទេស​កម្ពុជា លើ​ដើមទុន​ប្រតិបត្តិការ​អស់​ជាង 967 លាន​ដុល្លារ​មក ក្រុមហ៊ុន Smart បានបង្ហាញ​នូវ​សសរស្តម្ភ​ចំនួន 4 ដែល​ធ្វើឱ្យ​ខ្លួន​មាន​ភាពរឹងមាំ និង​មាន​ភាព​រីកចម្រើន​រហ័ស​ក្នុង​ទីផ្សារ​ដែល​ពេញ​ដោយ​ការប្រកួតប្រជែង​មួយ​នេះ។

នៅក្នុង​របាយការណ៍​ស្តីពី​និរន្តរភាព​ឆ្នាំ 2015-2016 លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បានឱ្យដឹងថា មាន​ហេតុផល​ជាច្រើន​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​មួយ​នេះ​អាចឈរជើង​បាន​យ៉ាង​ល្អ​ក្នុង​ទីផ្សារ​ដែល​ពេញ​ដោយ​ការប្រកួតប្រជែង។ ប៉ុន្ដែ​មានរឿង​តែ 4 ប៉ុណ្ណោះ ដែល​ជួយ​ឱ្យ Smart រឹងមាំ ដោយ​ធ្វើឡើង​ស្របតាម​ក្របខ័ណ្ឌ​រៀបរៀង​របស់​ក្រុមហ៊ុន Axiata និង​អនុលោម​តាម​គោលការណ៍​ណែនាំ G4 របស់​ស្ថាប័ន Global Reporting Initiative (GRI-G4) ។ ការប្តេជ្ញាចិត្ត និង​សមិទ្ធផល​របស់​ក្រុមហ៊ុន ធ្វើឡើង​ស្របតាម​វិស័យសេដ្ឋកិច្ច បរិស្ថាន និង​សង្គម​ក្រោម​សសរស្តម្ភ​និរន្តរភាព​គ​ន្លឺះ​ចំនួន 4 គឺ៖

  • សសរ​ទី 1៖ លើសពី​ប្រាក់ចំណេញ​រយៈពេល​ខ្លីៈ ការបង្កើត​គុណ​តម្លៃ​រយៈពេល​វែង​តាមរយៈ​ការវិនិយោគ​របស់​Smart ក៏ដូចជា​ការធានា​ឱ្យបាន​នូវ​ការរួម​ប​ញ្ជូ​ល​ជាច្រើន​ទៀត​ដែរ​ទៅក្នុង​ផលិតផល និង​សេវាកម្ម​របស់​ពួកយើង។
  • សសរ​ទី 2៖ ការកសាង​ធនធានមនុស្ស: ជាការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​លំដាប់​ពិភពលោក ដែល​បង្កើត​ឡើងលើ​គុណ​តម្លៃ​ស្នូល​របស់ Axiata ព្រមទាំង​ផ្តល់​កន្លែងធ្វើការ​ដែល​អំណោយផល​ចំពោះ​ភាព​ច្នៃប្រឌិត និង​ការអភិវឌ្ឍ។
  • សសរ​ទី 3៖ ដំណើរការ​ល្អឥតខ្ចោះ: ការកែលម្អ​លើ​ដំណើរការ​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​បម្រើ​អតិថិជន​របស់​យើង និង​ប្រតិ​ប​ត្ដិ​ការ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន។
  • សសរ​ទី 4៖ ពិភពលោក និង​សង្គម: ការផ្តួចផ្តើម​គម្រោង​ក្នុង​បំណង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​របស់​យើង និង​ការរួមចំណែក​ការងារ​សង្គម​កម្ពុជា។

នៅ​ឆ្នាំ 2015 និង 2016 ក្រុមហ៊ុន​បាន​ចំណាយ​ទុនវិនិយោគ​សរុប​ចំនួន 140 លាន​ដុល្លារ ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​របស់ខ្លួន។ ក្រុមហ៊ុន​បង្កើត​ការងារ​ដល់​មនុស្ស​ចំនួន 40,656 នាក់​នៅ​ប្រទេស​កម្ពុជា ដោយ​ក្នុងនោះ​ក្រុមហ៊ុន​បាន​ជួល​បុគ្គលិក​ឱ្យ​បម្រើ​ការងារ​ដោយផ្ទាល់​ចំនួន 1,047 នាក់ ក្នុងនោះ 98% ជា​ជនជាតិខ្មែរ និង​មាន 37% ជា​ស្ត្រី ។ Smart បាន​ប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​ទេពកោសល្យ ការអភិវឌ្ឍ​ខ្លួន និង​ការអភិវឌ្ឍ​វិជ្ជាជីវៈ​របស់​បុគ្គលិក តាមរយៈ​ការបង្កើត​បរិយាកាស​កា​រងារ​អំណោយផល មាន​កម្មវិធី​បណ្តុះបណ្តាល ការហ្វឹកហ្វឺន និង​ការផ្តល់​រង្វាន់​ដល់​បុគ្គលិក​ឆ្នើម​ទៀតផង ។

ក្រៅពី​ផ្តោតលើ​អាជីវកម្ម​ស្នូល​របស់ខ្លួន ក្រុមហ៊ុន​ក៏បាន​ផ្តួចផ្តើម និង​ឧបត្ថម្ភ​កម្មវិធី គម្រោង និង​ព្រឹត្តិការណ៍​ការងារ​សង្គម​ជាច្រើន ដោយ​ផ្តោតលើ​វិស័យ​សំខាន់ 3 គឺ ការអប់រំ បរិស្ថាន​បៃតង និង​កីឡា​សហគមន៍។ ក្រុមហ៊ុន​បានឈ្នះ​ពានរង្វាន់ “ក្រុមហ៊ុន​ដែលមាន​ភាព​ទទួលខុស​ត្រូវ​សង្គម​ល្អ​ជាងគេ” ពី​ស្ថាប័ន Global Banking និង Finance Review សម្រាប់​រយៈពេល3ឆ្នាំជាប់ៗគ្នា​គឺ 2015 2016 និង 2017 ដោយសារ​បាន​ចូលរួមចំណែក​ក្នុង​កិច្ចការ​សង្គម​ជាច្រើន​នៅ​កម្ពុជា។ យុទ្ធនាការ​លើកកម្ពស់​អក្ខរកម្ម​ជាតិ ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន Smart ក៏បាន​ទទួលស្គាល់​ដោយ TelecomAsia ថា ជា​គម្រោង​សហគមន៍​ល្អ​បំផុត​ប្រចាំឆ្នាំ 2016 ផងដែរ។

នាយក​ប្រតិបត្តិ​ខាងលើ​បញ្ជាក់ថា ក្នុង​ឆ្នាំ 2016 ក្រុមហ៊ុន Smart បាន​ចូលរួមចំណែក​ទឹកប្រាក់ 313 លាន​ដុល្លារ ចូល​សេដ្ឋកិច្ចជាតិ​របស់​ប្រទេស​កម្ពុជា។ ចំនួន​ទឹកប្រាក់​នេះ​គឺ​ស្មើនឹង 1,6% នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP) របស់​ប្រទេស​កម្ពុជា ដែលមាន​ប្រភព​ចេញពី​ក្រុមហ៊ុន​តែមួយ​ប៉ុណ្ណោះ ។ ក្រុមហ៊ុន Smart ក៏បាន​បង់ពន្ធ​ថ្លៃ​សេវា​ឯកសារ និង​ថ្លៃ​សេវាផ្សេងៗ សរុប​ចំនួន 65 លាន​ដុល្លារ​ផងដែរ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ក្លាយជា​អ្នក​បង់ពន្ធ​ធំជាងគេ​មួយ​នៅ​កម្ពុជា ដែល​ប្រាក់ចំណូល​ពន្ធ​នេះ​ស្មើនឹង 3,6 % នៃ​ចំណូល​ពន្ធ​ជាតិ​សរុប​កាលពី​ឆ្នាំមុន គឺ​បាន​ពី​ក្រុមហ៊ុន Smart ។ នេះ​គឺជា​ភ័ស្តុតាង​ច្បាស់​ដែល​បង្ហាញថា ក្រុមហ៊ុន Smart តែងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការទទួលខុសត្រូវ​ពន្ធដារ​របស់​យើង និង​ជា​អ្វីដែល​អតិថិជន ដៃគូ ភាគី​ពាក់ព័ន្ធ និង​ភាគ​ហ៊ុ​និករ​បស់​យើង​គប្បី​មាន​មោទនភាព៕

Advertisement