យុវជន​កម្ពុជា​អាច​បាក់​ទឹកចិត្ត​នៅពេល​បារម្ភ​ជ្រុល​ជាមួយ​ទីផ្សារការងារ

ចាប់ផ្តើម​ដើរចូល​សាលា​ភ្លាម ចំណុច​ដំបូង​ដែល​និស្សិត​គិត និង​បារម្ភ​គឺ​ទីផ្សារការងារ កត្តា​នេះ​ធ្វើឱ្យ​និស្សិត​ពិបាក​សម្រេចចិត្ត​ព្រោះ​ពួកគេ​ខ្លាចក្រែង រៀន​ហើយ​មិនអាច​រក​ការងារ​បានធ្វើ។

ជា​ស្ថានភាព​ទូទៅ យុវជន​កម្ពុជា​មួយចំនួន​បាន​ទុកចិត្ត​លើ​ខ្លួនឯង​សម្រាប់ធ្វើ​ការងារ​ឱ្យគេ ឬ​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង​ផ្ទាល់ ក្រោយពេល​ចេញពី​សាកល​វិទ្យាល័យ តែ​និស្សិត​មួយចំនួនទៀត​ហាក់​នៅមាន​ភាព​រារែក​ចំពោះ​កត្តា​គុណភាព​នៃ​ការអប់រំ ទាំង​ការសង្ស័យ​លើ​គុណភាព​សាលា និង​គុណភាព​របស់​ខ្លួនឯង​ផ្ទាល់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​អតីត​ឯកអគ្គរាជទូត​យុវជន របស់​អូស្ត្រាលី លោក រិ​ន រ៉ាវុធ ធ្លាប់បាន​លើកឡើងថា យុវជន​នាពេល​បច្ចុប្បន្ន​ហាក់​មានការ​បារម្ភ​ជ្រុល​ពី​បញ្ហា​ទីផ្សារការងារ ព្រោះ​ពួកគេ​បានឮ​សំឡេង​មិនល្អ​ជាច្រើន​ពី​មជ្ឈដ្ឋាន​ជុំវិញខ្លួន។ មាន​និស្សិត​ខ្លះ​មានការ​រារែក​មិន​ចង់​ប្រឹងប្រែង ព្រោះ​បាន​ឮថា​ទីផ្សារការងារ​ចង្អៀត ប្រកួត​មិន​ឈ្នះ​កូន​អ្នកធំ ឬ​ខ្លាច​លើ​បញ្ហា​នានាផ្សេងៗទៀត​ដែល​ធ្វើឱ្យ​ពួកគេ​មាន​ភាព​រារែក។

អ្នក​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការដែល​បារម្ភ​ជ្រុល​បែបនេះ អាចធ្វើឱ្យ​និស្សិត​កម្ពុជា​មិនមាន​កម្លាំងចិត្ត​ក្នុងការ​ប្រឹងប្រែង ព្រោះ​ខណៈពេលដែល​ពួកគេ​ប្រឹងប្រែង អារម្មណ៍​ភ័យខ្លាច​បាន​បង្អាក់​ការខិតខំ​ប្រឹងប្រែង​នោះ។ កត្តា​នេះ​អាចធ្វើឱ្យ​និស្សិត​ឆ្លង​មិន​ផុតពី​ដំណាក់កាល​សាកលវិទ្យាល័យ ឬ​ផ្តោត​ច្រើន​ទៅលើ​ចំណុច​ដែល​មិនគួរ​ផ្តោត ហើយ​មិន​គិត​ចំពោះ​ចំណុច​ដែល​ត្រូវ​គិត​ទៅវិញ។

លោក​បាន​បញ្ជាក់ថា សម្រាប់​ទីផ្សារការងារ​នៅ​កម្ពុជា​មិន​គួរឱ្យ​បារម្ភ​ដូច​និស្សិត​គិត​នោះទេ អ្វីដែល​ត្រូវធ្វើ​គឺ ខំរៀន​ឱ្យបាន​ច្បាស់លាស់ និង​បង្កើន​សមត្ថភាព​ឱ្យទទួល​យកបាន​សម្រាប់​ទីផ្សារ ព្រោះ​មានការ​ងារ​ជាច្រើន​ណាស់​ដែល​កំពុង​ខ្វះ​មនុស្ស​ធ្វើការ៕

Advertisement