តំបន់​ជនបទ​នឹងមាន​អ៊ី​ន​ធើ​ណិ​ត​ប្រើ​ពេញលេញ​ដូច​ទីក្រុង​ក្នុង​រយៈពេល 3 ឆ្នាំ​ទៀត

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែង​ឱ្យដឹង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​ស្តីពី​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ ICT កាលពី​ថ្ងៃទី28 ខែសីហា ឆ្នាំ2017 នេះ​ថា តំបន់​ជនបទ​ទូទាំងប្រទេស​នឹង​មាន​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ប្រើ​បាន​ដូច​ទីក្រុង​ដែរ​ក្នុង​រយៈពេល 3 ឆ្នាំ​ទៀត។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​បានបង្ហាញ​ពី​បរិយាកាស​នៃ​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា និង​បានលើកឡើង​អំពី​មហិច្ឆតា​របស់​កម្ពុជា​ក្នុង​ការតភ្ជាប់​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ឌីជីថល​នៅត្រឹម​ឆ្នាំ 2020 ហើយ​បានទទួល​ស្គា​ល់ពី​តួនាទី​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​នៃ​ភាពជា​ដៃគូ​រវាង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ក្នុងការ​សម្រេចបាន​នូវ​ការត្រៀមខ្លួន​ជាស្រេច​ក្នុង​វិស័យ ICT។

ឯកឧត្តម​ថ្លែងថា៖«រាជរដ្ឋាភិបាល​សង្ឃឹម​ថា កម្ពុជា​នឹងមាន​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​ប្រើប្រាស់100%នៅ​តំបន់​ប្រជុំជន និង70%នៅ​តំបន់​ជនបទ​នា​ឆ្នាំ 2020»។

ដើម្បី​សម្រេចបាន​គម្រោង​មួយ​នេះ មន្ត្រី​រដ្ឋាភិបាល អ្នកដឹកនាំ​ធុរកិច្ច និង​អ្នកជំនាញ​ផ្នែក​ទូរគមនាគមន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​បានមក​ជួបជុំគ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា និង​ស្វែងរក​ឱកាស​ជុំវិញ​ការចែករំលែក​បទពិសោធ និង​ចំណេះដឹង​ស្តីពី​ការគ្រប់គ្រង​បង្គោល​អង់​តែ​ន បទ​ប្បញ្ញត្តិ​នៃ​វិស័យ​ទូរគមនាគមន៍ និង​ក្របខ័ណ្ឌ​អាជ្ញាប័ណ្ណ​នៅ​កម្ពុជា។ ក្នុងនោះ ក្រសួង​បានធ្វើការ​សហការគ្នា​យ៉ាងសកម្ម និង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ជំនាញ គឺជា​គន្លឹះ​ដ៏​សំខាន់​ដើម្បី​ធានាថា យើង​កំពុង​ស្ថិតនៅ​លើផ្លូវ​ត្រឹមត្រូវ។

ឯកឧត្តម​បញ្ជាក់ទៀតថា ជាមួយនឹង​កំណើន GDP ថេរ​ក្នុង​កម្រិត 7.០% កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ដែលមាន​ការរីកចម្រើន​លូតលាស់​លឿន​បំផុត​ក្នុង​ទ្វីបអាស៊ី ហើយ​ក៏បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​អភិវឌ្ឍ​វិស័យ​ICTផងដែរ។ បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នកប្រើប្រាស់​អ៊ិន​ធើ​ណិ​ត​រហូតដល់​ទៅ 7.2 លាន​នាក់ និង​អ្នកប្រើប្រាស់​ទូរស័ព្ទ​ជិត 20 លាន​នាក់ ទីផ្សារ​អ៊ិន​ធើ​ណិ​ត​នឹង​ផ្តល់ជូន​នូវ​ឱកាស​ដ៏​ធំធេង​សម្រាប់​ការអភិវឌ្ឍ​ប្រទេស ខណៈដែល​ការ​ជ្រៀតចូល​នូវ​អ៊ិន​ធើ​ណិ​ត ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​កើនឡើង​យ៉ាងខ្លាំង​បន្ថែមទៀត៕

Advertisement