BMW ចំណាយ 2 ពាន់​លាន​ដុល្លារ​ដើម្បី​សង់រោង​ចក្រ​ផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី

រោងចក្រ​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​ឡាន​អគ្គិសនី​របស់​ក្រុមហ៊ុន BMW នៅ Debrecen គឺជា​គ្រឹះ​សំខាន់​នៅក្នុង​កិច្ចប្រឹងប្រែង​ក្នុងការ​ប្រកួតប្រជែង​ជាមួយនឹង Tesla។

BMW AG កំពុងតែ​បង្កើន​ទ្វេដង​នូវ​ខ្ទង់​ប្រាក់​វិនិយោគ​ទៅលើ​រោងចក្រ​នៅ ហុង​គ្រី ពោលគឺ​ឡើងដល់ 2.1 ពាន់​លាន​ដុល្លារ​អាម៉េរិក។ ក្រុមហ៊ុន​នេះ​នឹង​សាងសង់​រោងចក្រ​ដំឡើង​ថ្ម​តង់ស្យង់​ខ្ពស់​មួយទៀត​ដែល​បង្កើត​ការងារ​បាន​ជាង 500 កន្លែង។

យោងតាម BMW ការដែល​ដាក់​រោងចក្រ​ដំឡើង​ថ្ម​នៅទីក្រុង​ Debrecen របស់​ ប្រទេស​ហុងគ្រី នេះ​ នឹង​ជួយ​ឱ្យ​ពួកគេ​មាន​ភាពងាយស្រួល​សម្រាប់​កម្ម​ភាព​ដឹកជញ្ជូន​ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ជំនាន់​បន្ទាប់។ ទាំង​រថយន្ត ទាំង​ថ្ម គ្រោង​នឹង​ត្រូវបាន​ផលិត​ចាប់ពី​ចុងឆ្នាំ 2025 នៅ​រោង​ចក្រ​ថ្មី​នេះ។

រថយន្ត​អគ្គិសនី BMW i3

រោងចក្រ​ថ្មី​នៅ Debrecen គឺជា​គ្រឹះ​សំខាន់​ក្នុងការ​ប្រឹងប្រែង​របស់ BMW ដើម្បី​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla របស់ លោក​ អ៊ីឡុន ម៉ាស​។ ដោយមាន​រោងចក្រ​ថ្មី (ផលិត​រថយន្ត​អគ្គិសនី) BMW កំណត់​គោលដៅ​កាត់បន្ថយ​ការចំណាយ​បាន​ពាក់កណ្ដាល​ទៅលើ​សម្បក​រថយន្ត និង​បង្កើន​ពេលវេលា​ផ្ទុក​​ថាមពល​របស់​​ថ្ម ព្រមទាំង​បង្កើនល្បឿន​ក្នុងការ​បញ្ចូល​ថាមពល​ថ្មី​​ឱ្យបាន​លឿន​ជាង​បច្ចុប្បន្ន 30% ធៀប​នឹង​ម៉ូ​ដែល​សព្វ​ថ្ងៃ​។

BMW មាន​ផែនការ​បញ្ចេញ​រថយន្ត​អគ្គិសនី 150,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ​ពី​រោងចក្រ​នៅ Debrecen។ នេះ​នឹង​ក្លាយជា​រោងចក្រ​ថ្មី​ដំបូង​របស់​ពួកគេ​នៅ អឺរ៉ុប ក្នុងអំឡុង 2 ទសវត្សរ៍​កន្លងមក​នេះ៕

Advertisement