គម្រោង​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ហ្សា​ការ​តា ត្រូវ​ដំឡើង​ទុន​ដល់​ជាង ១.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក

គ្រឿង​ចក្រ​កំពុង​ស្ថាបនា​ផ្លូវ​រថភ្លើង​អគ្គិសនី​ក្រោម​ដី នៅ ឥណ្ឌូណេស៊ី

ការចំណាយ​កើនឡើង​ដោយសារតែ​ការស្ថាបនា​ផ្លូវដែក​ក្រោម​ដី​មកដល់​ដំណាក់​កាល​ដែល​​មាន​ភាពស្មុគស្មាញ​ជាង​ធៀប​នឹង​ដំណាក់កាល​ទីមួយ ដោយ​សារ​បញ្ហា​ជា​ច្រើន​ ក្នុង​នោះ​មាន​​​បញ្ហា​​ទាក់ទង​នឹង​ដីធ្លីជា​ដើម។

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ឥណ្ឌា​ណេ​ស៊ី Airlangga Hartarto បានឱ្យដឹងថា ថវិកា​សម្រាប់​ដំណាក់កាល​ទី​ពីរ​នៃ​គម្រោង​ស្ថាបនា​ផ្លូវ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ហ្សា​ការ​តា ពី​រង្វង់​មូល HI នៅ​តំបន់​កណ្ដាល​របស់ ហ្សា​ការ​តា ដល់ Ancol នៅ​ភាគ​ខាងជើង​រដ្ឋធានី​នេះ បាន​កើនឡើងដល់​ ២៦ ទ្រី​​លាន​រូពី (ជាង ១.៧៥ ពាន់​លាន​ដុល្លារ​អាម៉េរិក)។

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Antara កាលពី​ថ្ងៃទី ២៤ សីហា នៅ​ឯ​ការិយាល័យ​ប្រធានាធិបតី រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បាន​ថ្លែងថា ថវិកា​ដំបូង​របស់​គ​ម្រោ​ង​យុទ្ធសាស្ត្រ​មួយ​នេះ​គឺ​ត្រឹមតែ ២២.៥ ទ្រី​លាន (២២,៥០០,០០០,០០០,០០០) រូប​ពី​ប៉ុណ្ណោះ។

ការចំណាយ​កើនឡើង​ដោយសារតែ​ការស្ថាបនា​ផ្លូវដែក​ក្រោម​ដី​មកដល់ពេលនេះ​មាន​ភាពស្មុគស្មាញ​ជាង​ធៀប​នឹង​ដំណាក់កាល​ទីមួយ ដោយ​ភ្ជាប់​ពី​រង្វង់​មូល HI និង Lebak Bulus នៅ ហ្សា​ការ​តា​ខាងត្បូង ក៏ដូចជា​បញ្ជា​ទាក់ទង​នឹង​ដីធ្លី ពិសេស​គឺ​នៅ​តំបន់​ក្រុង​បុរាណ Kota Tua។

ជាក់ស្ដែង ក្នុង ១៥.៧ គីឡូម៉ែត្រ​របស់​ដំណាក់កាល​ទីមួយ កំណត់​ផ្លូវ​ដែក​ក្រោម​ដី​មាន​ប្រវែង​តែ ៥.៧ គូ​ឡូ​ម៉ែត្រ និង ១០ គូ​ឡូ​ម៉ែត្រ​គឺជា​ផ្លូវ​នៅលើ​ទី​ខ្ពស់។ ចំណែក​ដំណាក់កាល​ទី​ពីរ​នៃ​គម្រោង​ផ្លូវដែក​ក្រោម​ដី​នេះ​មាន​ប្រវែង ១២.៣ គីឡូម៉ែត្រ ប៉ុន្តែ វា​ស្ថិតក្រោម​ដី​ទាំងស្រុង។

ដំណាក់កាល​ទី​ពីរ​របស់​គម្រោង​ផ្លូវ​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ហ្សា​ការ​តា នេះ នឹង​ត​ភ្ជាប់​ជាមួយ​ផ្លូវ​របៀង​ឧ​ត្ត​រ-ទក្សិណ​របស់​ដំណាក់កាល​ទីមួយ​ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​តាំងពី​ឆ្នាំ ២០១៩។

បន្ទាប់ពី​បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ ពេលវេលា​ធ្វើដំណើរ​ពី​ស្ថានីយ​រថភ្លើង Lebak Bulus ទៅដល់​ស្ថានីយ​ចុងក្រោយ Kota នឹង​ចំណាយពេល​ប្រហែល​តែ ៤៥ នាទី​ប៉ុណ្ណោះ៕

Advertisement