ទីក្រុង​ឆ្លាតវៃ​តម្លៃដប់ពាន់​លាន​ដុល្លារ​របស់​ក្រុម​ហ៊ុន​តូយ៉ូតា

(ជប៉ុន) – ទីក្រុង Woven City នៅ​ជើង​ភ្នំ​ហ្វ៊ូជី (Fuji) នឹង​ប្រើ​ប្រាស់​អគ្គិសនី​ព្រះ​អាទិត្យ​ ថ្ម​ឥន្ធនៈ​ឆ្លាត​វៃ​ និង​រថយន្ត​មិន​បំភាយ​ឧស្ម័ន​ពុល​។

ត្រូវ​បាន​រចនា​ឡើងដោយ​ក្រុម​ហ៊ុន​តូយ៉ូតា (Toyota) ទីក្រុង Women City មាន​ចម្ងាយ​តែប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ពី​ភ្នំ​ហ្វ៊ូជី នៃ​ប្រទេស​ជប៉ុន​ និង​ត្រូវ​បាន​កសាង​តាំង​ពី​ឆ្នាំ 2021​។ យោង​តាម​ទំព័រ Sun ទីក្រុង​អនាគត​នេះ​ ដើរ​តួនាទី​ដូច​ទៅ​នឹង «បន្ទប់​ពិសោធន៍» របស់​ក្រុម​ហ៊ុន​ ដើម្បី​ធ្វើ​តេស្ត​បណ្ដា​រថយន្ត​បើក​បរ​ស្វ័យ​ប្រវត្តសន្សំ​សំចៃ​ថាមពល​ ដែល​មាន​រហ័ស​នាម​ថា «E-palettes»។

មនុស្ស​ 2​ពាន់​នាក់​ដំបូង​នឹង​រើ​មក​រស់​នៅ​ក្នុង​ទីក្រុង​ឆ្លាត​វៃ​នេះ​នៅ​ចុង​ឆ្នាំ 2024​ តាម​រយៈ​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​មាន​តម្លៃ​ជិត​ 10​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដើម្បី​ស្វែង​យល់​​អំពី​រូបមន្ត​ក្នុង​ឥរិយាបថ​នៃ​ការ​បើកបររថយន្ត និង​អ្នក​ថ្មើរជើង​។

នៅ​ក្នុង​ទីក្រុង​ឆ្លាត​វៃ ពលរដ្ឋ​ទាំង​ឡាយ​នឹង​រស់​នៅក្នុង​ផ្ទះ​ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​ស្ទើរ​តែ​ទាំង​ស្រុង​ ធ្វើ​ឱ្យ​ទីក្រុង​នេះ​មាន​ភាព​ស្រស់​ស្រាយ​ខ្លាំង​។ គ្រប់​ផ្ទះ​សុទ្ធ​តែ​មាន​ផ្ទាំង​សូឡា​នៅ​លើ​ដំបូល​​ រួម​នឹង​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​តាម​ដាន​សុខភាព​អ្នក​នៅ​ខាងក្នុង​។

យោង​តាម​ប្រធាន​ក្រុម​ហ៊ុន​តូយ៉ូតា​ Akio Toyoda រាល់មធ្យោបាយ​ធ្វើ​ដំណើរ និង​ផ្ទះ​ សុទ្ធ​តែ​ត្រូវ​បាន​តភ្ជាប់​តាម​រយៈប្រព័ន្ធ​​ទិន្នន័យ​ និង​សេនស៊ើរ។ នៅ​តាម​ផ្ទះដែល​​ត្រូវ​បាន​សង់​ពី​ឈើ​ នឹង​មាន​រ៉ូបូត​ជួយ​ធ្វើ​កិច្ច​ការ​ប្រចាំថ្ងៃ​ ជួយ​ឱ្យ​ម្ចាស់ផ្ទះ​មាន​ភាព​ឯករាជ្យជាង​មុន​។

ក្រុម​ហ៊ុន​តូយ៉ូតា​ឱ្យ​ដឹង​ថា ការ​កសាង​ទីក្រុង​ពេញ​លេញ​មួយ​ បើទោះ​ទោះ​ក្នុង​ទ្រង់​ទ្រាយ​តូច​ក៏​ពិត​មែន ប៉ុន្តែ​វា​គឺជា​ឱកាស​ពិសេស​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​។

ក្រុម​មនុស្ស​ដែល​នឹង​​មក​រស់​នៅ​ក្នុង​ទីក្រុង Woven City រួម​មាន ចាប់​ពី​ក្រុម​គ្រួសារ គូស្វាមីភរិយា​ចូល​និវត្សរ៍ អ្នក​លក់​រាយ រហូត​ដល់​អ្នក​វិទ្យា​សាស្ត្រ​។

Advertisement