គម្រោង​ទីក្រុង​ប្រវែង 170 គីឡូម៉ែត្រ ត្រូវ​កាត់​បន្ថយ​មក​ខ្លី​បំផុត

អារ៉ាប៊ីសាអូឌីត នឹងកាត់​បន្ថយ​ប្រវែង​របស់គម្រោង​​ទីក្រុង 170 គីឡូម៉ែត្រ មក​នៅ​ត្រឹម​ 2.4 គីឡូម៉ែត្រ ដែល​អាច​ឱ្យ​មនុស្ស​រស់​នៅ​បាន​ 300,000 នាក់​។

ក្រុម​មន្ត្រី​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត កំពុង​តែ​កែ​សម្រួល​មហា​​គម្រោង​​ NEOM។ គម្រោង​អភិវឌ្ឍ​សមុទ្រ​ខ្សាច់​នេះ​ ដើរ​តួនាទី​សំខាន់​ក្នុង​ផែនការ​ដែល​ជួយ​ឱ្យ​ប្រទេស​នេះ​ កាត់បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​អណ្ដូង​ប្រេង​។ ក៏ប៉ុន្ត យោង​តាម​ Interesting Engineering ចុះផ្សាយ​កាល​ពី​ថ្ងៃទី 11 មេសា ថវិកា​ឆ្នាំ 2024 របស់​គម្រោង​នេះ មិន​ទាន់​ត្រូវ​បាន​អនុម័តនៅ​ឡើយ។

មហា​គម្រោង NEOM នឹង​រួម​មាន​ 10 តំបន់ ក្នុង​នោះក៏​មាន​ទាំង​ទីក្រុង​អណ្ដែត Oxagon និងតំបន់លំហែ​ Trojena។ ប៉ុន្តែ អ្វី​ដែល​ត្រូវ​បាន​រំលឹក​ច្រើន​ជាង​គេ​បំផុត នោះគឺ​ The Line ដែល​ជា​គម្រោង​ទីក្រុង​​ប្រវែង 170 គីឡូម៉ែត្រ​។

The Line រួម​មាន អគារ​កប់ពពក​ចំនួន​ពីរ​ដែល​ស្ថិត​នៅ​ទន្ទឹម​គ្នា​ និង​មាន​កម្ពស់​ខ្ពស់​ជាង​អគារ Empire State Building ទៅ​ទៀត​។ ទីក្រុង​ទាំង​មូល​ដែល​មាន​ប្រវែង​ជិត​ 200 គីឡូម៉ែត្រ​នេះ នឹង​ស្ថិត​នៅ​កណ្ដាល​អគារ​ទាំង​ពីរ​នេះ​។

តាម​គម្រោង ទីក្រុង​ The Line នឹង​អាច​ដាក់មនុស្ស​បាន​ 1.5 លាន​នាក់​។ ក៏ប៉ុន្តែ ប្រភព​ព័ត៌មាន​របស់ Bloomberg ឱ្យ​ដឹង​ថា គម្រោង​ទីក្រុង​នេះ​កំពុង​ត្រូវ​បាន​កាត់បន្ថយ​​ពី 170 គីឡូម៉ែត្រ ចុះ​មក​នៅ​ត្រឹម​ 2.4 គីឡូម៉ែត្រ​ នៅ​ពេល​ស្ថាបនា​ក្នុង​ឆ្នាំ 2030​។ ដូច្នេះ សមត្ថភាព​ផ្ទុក​របស់​ទីក្រុង​នេះ​ក៏​ថយ​មក​នៅ​ត្រឹម​ 300,000 នាក់​។

ការ​ចំណាយ​ទៅលើ​មហា​គម្រោង NEOM គឺ​ប្រមាណ 1.5 លានលាន​ (1.5 ទ្រីលាន​) ដុល្លារ​អាម៉េរិក។ ថវិកា​សម្រាប់​ NEOM ភាគ​ច្រើន​បាន​មក​ពី​មូលនិធិវិនិយោគ​សាធារណៈ (PIF) ដែល​គ្រប់​គ្រង​ដោយ​រាជទាយាទ​របស់​អារ៉ាប៊ីសាអូឌីត​។

ការ​កាត់​បន្ថយ​ទំហំ​របស់​ The Line គឺ​បណ្ដាល​មក​ពី​ទុន​បម្រុង​ជា​សាច់​ប្រាក់​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ 15 ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ 2023​។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​គ្រប់​គ្រង​ឱ្យ​ដឹង​ថា ផ្នែក​ផ្សេង​ៗ​របស់​គម្រោង NEOM នៅ​តែ​បន្ត​ទៅ​តាម​ផែនការ​។

Advertisement