ឥណ្ឌូណេស៊ី លក់​ដេញថ្លៃ​កោះ​គ្មាន​មនុស្ស​រស់នៅ​ជាង 100 ដើម្បី​អភិវឌ្ឍ​តំបន់​លំហែ​កាយ

តំបន់​អភិរក្ស Widi ដែលមាន​កោះ​គ្មាន​មនុស្ស​រស់នៅ​ជាង 100 ជិត​នឹងត្រូវ​បាន​លក់​ដេញថ្លៃ​នៅក្នុង​ការជួញដូរ​អចលនទ្រព្យ​ដែល​ត្រូវបាន​គេ​យល់ថា ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ទ្វីបអាស៊ី។

«មហាសេដ្ឋី​គ្រប់រូប​អាច​កាន់កាប់​កោះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ប៉ុន្តែ មានតែ​ម្នាក់​គត់​ដែល​នឹង​ក្លាយជា​ម្ចាស់​របស់​កោះ​ទាំង 100 នេះ» CNN កាលពី​ថ្ងៃទី 22 វិច្ឆិកា ដកស្រង់​សម្ដី​របស់ Charlie Smith អនុប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Sotheby’s Concierge Auctions នៅ សហរដ្ឋ​អាម៉េរិក បានឱ្យដឹង​ដូច្នេះ។

Sotheby’s Concierge Auctions ដែលជា​អ្នករៀបចំ​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​ចាស់វស្សា នឹង​ធ្វើជា​ភាគី​តាមដាន​ការលក់​ដេញថ្លៃ​នេះ។ ក្រុមហ៊ុន​នេះ​ក៏បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ជួយ​ដល់​អ្នកវិនិយោគ ក្នុងការ​សាងសង់​តំបន់​កំ​ហែ​កាល​នៅលើ​កោះ​ទាំងនេះ។

ច្បាប់​របស់ ឥណ្ឌូណេស៊ី កំណត់ថា ជនបរទេស​មិនអាច​ទិញ​កោះ​នៅ​ប្រទេស​នេះ។ តំបន់​អភិរក្ស Widi ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​ការបង្កើត​ក្រុមហ៊ុន​ភាគហ៊ុន​រួម PT។ Leadership Islands Indonesia (LII) គឺជា​អ្នកផ្ដល់ជំនួយ​ដល់​អ្នកចូលរួម​ព្រឹត្តិការណ៍​លក់​ដេញថ្លៃ។ ដូច្នេះ អ្នកវិនិយោគ​នឹងមាន​សិទ្ធិ​អភិវឌ្ឍ​កោះ​ទាំងនោះ​ដោយ​សេរី។

ព្រឹត្តិការណ៍​លក់​ដេញថ្លៃ​តំបន់​អភិរក្ស Widi ដែលមាន​កោះ​ជាង 100 និង​មាន​ផ្ទៃក្រឡា​សរុប​ជាង 10,000 ហិកតា នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី 08 ធ្នូ​ដល់ 14 ធ្នូ 2022។ បច្ចុប្បន្ន តម្លៃ​ដំបូង​មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ អ្នកចូលរួម​ដេញថ្លៃ​ត្រូវតែ​កក់​ប្រាក់ 100,000 ដុល្លារ​អាម៉េរិក៕

Advertisement