ឡាវ បង្កើន​ចំណេះដឹង​សម្រាប់​ការ​ងាក​ទៅរក​ថាមពល​កកើតឡើង​វិញ ជំនួស​ថាមពល​បំ​ភាយ​កាបូន

ស្ថានីយផលិត​អគ្គិសនី​ដោយកម្លាំង​ខ្យល់​របស់ BCPG នៅ Nakhon Si Thammarat របស់​ ប្រទេស​ថៃ។ ក្រុមហ៊ុន BCPG នឹង​ចំណាយ​ 840​ លាន​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍ​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ខ្យល់​នៅ ប្រទេស​ឡាវ​

កាលពី​ថ្ងៃទី 31 តុលា 2022 នៅ រដ្ឋធានី​វៀងចន្ទន៍ ក្រសួង​ថាមពល​និង​រ៉ែ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​រយៈ​ពេល​ខ្លី​ក្រោម​ប្រធានបទ «ការតភ្ជាប់​ថាមពលជំនួស​ទៅក្នុង​បណ្ដាញ​បញ្ជូន» (Grid Integration of Renewable Energy) ចាប់ពី​ថ្ងៃទី 31 តុល ដល់ 30 វិច្ឆិកា 2022។

ពិធី​បើក​វគ្គ​ខាងលើ មានការ​ចូលរួម​រប​ស់​ប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការ​របស់ ក្រសួង​ថាមពល​និង​រ៉ែ​ឡាវ និង​លោក Dan Heldon ឯកអគ្គរដ្ឋទូត​រង​អូស្ត្រាលី​ប្រចាំ​ប្រទេស​ឡាវ រួម​នឹង មន្ត្រី​ឡាវ​ជាង 40 នាក់​ផ្សេងទៀត។

កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ទទួលបាន​ការឧបត្ថម្ភ​ពី រដ្ឋាភិបាល​អូស្ត្រាលី សហការ​ជាមួយ សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី។ ការបណ្ដុះបណ្ដាល​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ផ្ដល់​ចំណេះដឹង និង​បច្ចេកទេស​នៅក្នុង​ការប្ដូរ​ផ្លាស់​បន្តិចម្ដងៗទៅរក​ថាមពល​ដែល​មិន​បំ​ភាយ​ឧស្ម័ន​កាបូន គោលនយោបាយ​ត​ភ្ជាប់​ថាមពលជំនួស​ទៅក្នុង​បណ្ដាញ​អគ្គិសនី និង​គោលនយោបាយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ក្នុង​គ្រប់​វិស័យ។

វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​រួមចំណែក​ក្នុងការ​លើកកម្ពស់​ប្រភពធនធាន​មនុស្ស​សម្រាប់​ការអភិវឌ្ឍ និង​ការប្រើប្រាស់​ថាមពល​ស្អាត​ដើម្បី​សម្រេចបាន​គោលដៅ​មិន​បំ​ភាយ​ឧស្ម័ន​កាបូន Net-zero នៅ​ឆ្នាំ 2050៕

Advertisement